សកម្មជន​សិទ្ធិ​មនុស្ស​មក​ពី​អាមេរិក មជ្ឈិម​បូព៌ា​និង​កម្ពុជា​ជួប​ជុំ​គ្នា​ដើម្បី​ចែក​រំលែក​ពិសោធន៍

ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ជាង​៣០​នាក់​មក​ពី​សហរដ្ឋ​អាមេរិក មជ្ឈិម​បូព៌ា​និង​កម្ពុជា បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ចែក​រំលែក​គ្នា​អំពី​វិធីសាស្ត្រ​ចងក្រង​ឯកសារ​ទាក់ទង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដែល​បាន​និង​កំពុង​កើត​ឡើង​នៅ​ទូទាំង​សកល​លោក។

0:00 / 0:00

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​ក្នុង​សតវត្សរ៍​ទី​២០ និង​ដើម​សតវត្សរ៍​ទី​២១​នេះ គឺ​បាន​បណ្តាល​ឲ្យ​ស្លាប់​រង្គាល​មនុស្ស​ជាង​១០០​លាន​នាក់ ដែល​ក្នុង​នោះ​គឺ​មាន​មនុស្ស​នៅ​កម្ពុជា ប្រមាណ​២​លាន​នាក់​បាន​ស្លាប់​រវាង​ឆ្នាំ​១៩៧៥ រហូត​ដល់​ឆ្នាំ​១៩៧៩ ក្នុង​របប​ខ្មែរ​ក្រហម។

លោក ឆាំង យុ មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ថា ដោយសារ​ការខ្វះ​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​សង្គម​យើង រវាង​ជា​បុគ្គល ជា​ស្ថាប័ន ជា​រដ្ឋ និង​ជា​សហគមន៍​អន្តរជាតិ ដោយសារ​ថា យើង​គិត​ហើយ​ថា អំពើ​ប្រល័យ​ពូជសាសន៍​នេះ វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រទេស​មួយ​របស់​សង្គម​មួយ មិនមែន​ជា​រឿង​របស់​មនុស្ស​ជាតិ​ទូទៅ អាហ្នឹង​មួយ​ដែរ។ ហើយ​យើង​គិត​ថា ការ​សម្លាប់​មនុស្ស​ម្នាក់ ២​នាក់ ឬ​ក៏​ក្រុម​មួយ​ហ្នឹង វា​ជា​ករណី​ឧក្រិដ្ឋកម្ម​ដែល​កើត​ឡើង​ទូទៅ ក្នុង​ប្រទេស​ទូទាំង​សកល​លោក។ ប៉ុន្តែ​បើ​សិន​ជា​យើង​សម្លឹង​មើល​ថា បើ​សិន​ជា​ធ្វើ​ឡើង​ដោយសារ​រដ្ឋ​ដោយ​ចេតនា ទោះ​បី​ជា​ជន​ជាតិ​ភាគតិច​តែ​ម្នាក់​ក៏​វា​អាច​ឈាន​ទៅ​ដល់​អំពើ​ប្រល័យ​ពូជ​សាសន៍ ដែល​មាន​ទ្រង់ទ្រាយ​ធំ​ដែរ»

លោក ឆាំង យុ បាន​ថ្លែង​បន្ត​ថា ការចងក្រង​ឯកសារ​ស្តីពី​ការស្លាប់​មនុស្ស​នៅ​កម្ពុជា រួមទាំង​នៅ​ទូទាំង​សកលលោក​នោះ​ផង គឺ​ជា​វិធី​មួយ​ដែល​អាច​ជួយ​ឲ្យ​មាន​កិច្ច​ប្រឹងប្រែង​រួម ដើម្បី​ការពារ​អាយុ​ជីវិត​មនុស្ស​និង​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។

លោក ឆាំង យុ មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ​ថា ៖ «ហើយ​ការ​ចងក្រង​ឯកសារ វា​ជួយ​ធ្វើ​ឲ្យ​យើង​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ការចែក​រំលែក​ការដក​ពិសោធន៍ ក៏​ដូចជា​វិធី​សាស្រ្ដ ហើយ​ក៏​ដូចជា​ការ​ការពារ​ដែរ។ ហើយ​ឯកសារ​ជា​ទូទៅ ប្រទេស​ក្រោយ​ជម្លោះ យើង​បាត់​បង់​ការទុក​ចិត្ត ជំនឿ​នៅ​ក្នុង​រដ្ឋាភិបាល ក៏​ដូចជា​ការទទួល​ខុស​ត្រូវ ហើយ​ឯកសារ​វា​ជួយ​ស្ដារ​ឡើង​វិញ នូវ​ការជឿ​ជាក់ ការ​ទុកចិត្ត ព្រោះ​វា​ជា​ឯកសារ​មិន​អាច​ផ្លាស់ប្ដូរ​ទៅ​តាម​មនុស្ស​និយាយ អ៊ីចឹង​វា​ជា​រឿង​សំខាន់។ ហើយ​ការប្រមូល​ឯកសារ វា​តម្រូវ​ឲ្យ​មាន​វិធីសាស្រ្ដ​ទៀត តែ​អ៊ីចឹង​វា​ធ្វើ​ឲ្យ​ខូច​តម្លៃ​នៃ​ព័ត៌មាន​សម្រាប់​ប្រើប្រាស់​ដើម្បី​រក​យុត្តិធម៌​ដែរ»

សូម​ជម្រាប​ថា កិច្ច​ពិភាក្សា​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​រៀបចំ​ដោយ​មជ្ឈមមណ្ឌល​ឯកសារ​កម្ពុជា​និង​វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាព​គឺ​ធ្វើ​ឡើង​រយៈពេល​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃ​ទី​៥ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​តុលា​នេះ។

អ្នក​សម្រប​សម្រួល​កិច្ច​ប្រជុំ គឺ លោក អេង កុកថាយ បាន​ឲ្យ​ដឹង​ថា មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​នោះ​គឺ​មក​ពី​ប្រទេស​កម្ពុជា សហរដ្ឋ​អាមេរិក ប្រទេស​យូហ្គោស្លាវី កាតាមេឡា ភូមា អ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន និង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

នៅ​អំឡុង​កិច្ច​ប្រជុំ មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​ទាំង​នោះ ក៏​នឹង​គ្រោង​ធ្វើ​ទស្សនកិច្ច​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​និង​អតីត​វាល​ពិឃាត​មនុស្ស បឹង​ជើងឯក ផង​ដែរ។

ជាមួយ​គ្នា​នេះ មន្ត្រី​សាលាក្តី​ខ្មែរ​ក្រហម​និង​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត ក៏​បាន​ចូលរួម​កិច្ចប្រជុំ​នោះ​ដែរ ក៏​ប៉ុន្តែ គេ​មិន​ឃើញ​មាន​វត្តមាន​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​រដ្ឋាភិបាល​ខ្មែរ​នោះ​ឡើយ៕