ក្រុម​សិទ្ធិ​មនុស្ស​ទាមទារ​ឲ្យ​ដោះលែង ប៊ន សំណាង និង សុខ សំអឿន

ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​ចំនួន​ជិត​១០០​នាក់​មក​ពី​អង្គការ​និង​សមាគម​នានា​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ក្រុម​គ្រួសារ​របស់ ប៊ន សំណាង និង សុខ សំអឿន ផង​នោះ នៅ​ព្រឹក​ថៃ្ង​អង្គារ​នេះ បាន​ទទូច​សុំ​ឲ្យ​តុលាការ​កំពូល​ក្នុង​ប្រទេស​កម្ពុជា​លើក​យក​សំណុំរឿង ប៊ន សំណាង និង សុខ សំអឿន មក​បើក​សវនាការ​ឲ្យ​បាន​ឆាប់​ជាមួយ​នឹង​ការទាមទារ​ឲ្យ​តុលាការ​កំពូល​ដោះលែង​អ្នក​ទាំង​ពីរ​ឲ្យ​មាន​សេរីភាព​វិញ។

0:00 / 0:00

ការអំពាវនាវ​ខាង​លើ​នេះ​បាន​ធ្វើ​ទ្បើង​នៅ​ក្នុង​ពិធី​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី​នៅ​ក្បែរ​ពន្ធនាគារ​ប៉េហ្ស៊ី ជាយ​ទីក្រុង​ភ្នំពេញ ដើម្បី​បង្ហោះ​ប៉េងប៉ោង​ពណ៌​ស​ចំនួន​១៧០០​ប៉េងប៉ោង​ជា​និមិត្តសញ្ញា​ថា ប៊ន សំណាង និង សុខ សំអឿន កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ប៉េហ្ស៊ី ចំនួន​១៧០០​ថៃ្ង​ដោយ​អ​យុត្តិធម៌។

លោក វ៉ាន់ សូផាត នាយក​រង​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ទទួល​បន្ទុក​ទំនាក់​ទំនង​នឹង​ការតស៊ូ​មតិ​ដែល​បាន​ដឹកនាំ​ការទាមទារ​ខាង​លើ​នេះ​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​នោះ​ថា ៖ «តុលាការ​កំពូល​សុំ​ឲ្យ​លោក​កំណត់​នូវ​ថ្ងៃ​សវនាការ​លើ​ករណី​លោក​ទាំង​ពីរ​នេះ​ឲ្យ​បាន​ឆាប់ ហើយ​និង​ដោះលែង​លោក​ទាំង​ពីរ​នេះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ»

គ្មាន​ការរារាំង​ណា​មួយ​ពី​សំណាក់​អាជ្ញាធរ​នគរបាល​ចំពោះ​ការប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី​នៅ​ក្បែរ​ពន្ធនាគារ​ប៉េហ្ស៊ី​នោះ​ទេ។

លោកស្រី នួន គឹមស្រ៊ី ម្តាយ​របស់ ប៊ន សំណាង ដែល​បាន​មក​ចូលរួម​ក្នុង​ការបង្ហោះ​ប៉េងប៉ោង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ក៏​សូម​ព្រះ​មហាក្សត្រ​លោក​ជួយ​កូន​ខ្ញុំ​ផង ហើយ​និង​សម្ដេច​ទាំង​បី លោក​មេត្តា​ជួយ​កូន​ចៅ​ឲ្យ​រួច​ពី​ពន្ធនាគារ​ផង»

លោក វ៉ន ផុន ជា​ឪពុក​របស់ សុខ សំអឿន បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​លោក​តុលាការ​កំពូល​សូម​លោក​មេត្តា​ជួយ​យក​រឿង​កូន​របស់​ខ្ញុំ​នេះ ដើម្បី​ឡើង​ទៅ​កាត់​ក្ដី​នៅ​តុលាការ​កំពូល។ កូន​របស់​ខ្ញុំ​អត់​មាន​ទោសពៃរ៍​អ្វី​ផង ហើយ​នៅ​ជាប់​ក្នុង​ពន្ធនាគារ​ហ្នឹង​យូរ​ពេក»

រីឯ​លោក ជា មុនី ជា​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​ដែល​ជា​ប្អូន​បង្កើត​របស់​លោក ជា វិជា្ជ បាន​មក​ចូលរួម​ក្នុង​ការទាមទារ​ឲ្យ​អាជ្ញាធរ​និង​តុលាការ​ដោះលែង ប៊ន សំណាង និង សុខ សំអឿន ឲ្យ​មាន​សេរីភាព​វិញ​នោះ បាន​ថ្លែង​ថា ៖ «អ៊ីចឹង​ហើយ​នៅ​ពេល​ដែល​លោក ហេង ពៅ ពេល​ដែល​គាត់​ចូលរួម​សវនាការ​នៅ​សាលា​ដំបូង គាត់​បាន​ស្រែក​ហើយ​ថា ពីរ​នាក់​ហ្នឹង​មិន​មែន​ជា​ឃាតករ​សម្លាប់​លោក ជា វិជ្ជា ទេ ហើយ​នេះ​គឺ​ជា​សាក្សី​យ៉ាង​សំខាន់»

សូម​រំឮក​ថា ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ម្នាក់ៗ​២០​ឆ្នាំ​ក្រោម​បទ​ចោទប្រកាន់​ថា ពួក​គេ​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា មេដឹកនាំ​សហជីព​សេរី​កម្មករ​កម្ពុជា កាលពី​ថៃ្ង​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។ ក្រោយ​មក​តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​នោះ​ចាត់ទុក​ថា​ជា​បាន​ការ​ក្នុង​សវនាការ​សួរ​ដេញដោល​កាលពី​ខែ​មេសា ឆ្នាំ​២០០៧​កន្លង​ទៅ។

ការសម្រេច​នោះ​ហើយ​បាន​ញ៉ាំង​ឲ្យ​មាន​ប្រតិកម្ម​ជា​ច្រើន​ពីសំណាក់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ ព្រមទាំង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ទាមទារ​សុំឲ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ទាំង​ពីរ​ឲ្យ​មាន​សេរីភាព​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ៕