សង្គម​ស៊ីវិល​ចេញ​សៀវភៅ​ណែនាំ​ស្តីពី​សិទ្ធិ​ដីធ្លី​និង​សិទ្ធិ​មាន​លំនៅ

ក្រុម​អង្គការ​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ដីធ្លី​និង​សិទ្ធិ​មាន​លំនៅ​​ក្នុង​ប្រទេស​​កម្ពុជា ដាក់​សម្ពោធ​សៀវភៅ​ណែនាំ​ស្តីពី​សិទ្ធិ​ដីធ្លី​និង​សិទ្ធិ​មាន​លំនៅ ដើម្បី​ផ្តល់​ការ​អប់រំ​ពី​ការ​តស៊ូ​មតិ​ដល់​ពលរដ្ឋ​ពី​ការ​ជម្លៀស​ណា​មួយ​ពី​អាជ្ញាធរ។

0:00 / 0:00

អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣ បាន​រួម​គ្នា​ស្រាវជ្រាវ​និង​បោះពុម្ព​ផ្សាយ​សៀវភៅ ទាក់​ទង​ជាមួយ​ការ​បណ្តេញ​ចេញ​ពី​លំនៅ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ចំពោះ​ការ​បណ្តេញ​ចេញ និង​គ្រោះ​ថ្នាក់ ការ​លំបាក​ដែល​កើត​មាន​ពី​ការ​បណ្តេញ​ចេញ​ពី​លំនៅ ដែល​កើត​ឡើង​នៅ​កម្ពុជា។

សៀវភៅ​ណែនាំ​ចំនួន​បី​ក្បាល​ស្តីពី​សិទ្ធិ​ដីធ្លី​និង​សិទ្ធិ​មាន​លំនៅ នៅ​កម្ពុជា គឺ​ជា​លទ្ធផល​នៃ​ការ​សហការ​រវាង​អង្គការ​ស្ពាន​ទៅ​កាន់​សន្តិភាព​អាស៊ី​អាគ្នេយ៍ មជ្ឈមណ្ឌល​ស្តីពី​សិទ្ធិ​មាន​លំនៅ​និង​ការ​បណ្តេញ​ចេញ និង​គម្រោង​គណនេយភាព​អន្តរជាតិ បាន​ដាក់​សម្ភោធ​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ច័ន្ទ ២៦ តុលា ដើម​សប្តាហ៍​នេះ។

លោកស្រី សៅ សុធារី ប្រធាន​កម្មវិធី​សិលា​នៃ​អង្គការ​ស្ពាន​ទៅ​កាន់​សន្តិភាព​អាស៊ី​អាគ្នេយ៍ មាន​ប្រសាសន៍​ថា ការ​ចង​ក្រង​សៀវភៅ​នេះ​ឡើង ប្រយោជន៍​ដើម្បី​ចូល​រួម​ចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ពី​ហានិភ័យ និង​គ្រោះ​ថ្នាក់​នៃ​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដោយ​បង្ខំ ព្រមទាំង​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​សិទ្ធិ និង​យុទ្ធសាស្ត្រ​តស៊ូ​មតិ​ការពារ​សិទ្ធិ​របស់​ខ្លួន ពី​ការ​បណ្តេញ​ចេញ​ពី​លំនៅ ឬ​ដីធ្លី​ពី​សំណាក់​អាជ្ញាធរ។

លោកស្រី សៅ សុធារី មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​សូម​អំពាវនាវ ក៏​ដូច​សំណូមពរ​ទៅ​ដល់​អាជ្ញាធរ​ឲ្យ​ជួយ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ហើយ​កុំ​ឲ្យ​មាន​ការ​ផ្លាស់​លំនៅ​ដោយ​បង្ខំ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​មិន​មាន​ការ​យល់​ព្រម​ពី​ប្រជាពលរដ្ឋ»

លោក គឹម សុវ៉ាន់ ប្រធាន​អង្គការ​វីជីឡែន ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​ដីធ្លី​និង​សិទ្ធិ​មាន​លំនៅ មាន​ប្រសាសន៍​ថា នៅ​កម្ពុជា​ដោយសារ​តែ​ការ​ចុះ​បញ្ជី​សិទ្ធិ​មាន​លំនៅ​មាន​ការ​យឺតយ៉ាវ ទើប​បណ្តាល​ឲ្យ​មាន​វិវាទ​ដីធ្លី​កើត​មាន​ច្រើន​ស្ទើរ​ទូទាំង​ប្រទេស។ ដោយ​ឡែក​ទាក់ទង​ទៅ​នឹង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​យក​ដី​ដើម្បី​អភិវឌ្ឍ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ទទួល​ជោគជ័យ​ច្រើន ប៉ុន្តែ​រាល់​ចំណាត់ការ​របស់​អាជ្ញាធរ គឺ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់​និង​មាន​ការ​គំរាម​កំហែង។

លោក គឹម សុវ៉ាន់ មាន​ប្រសាសន៍​ថា ៖ «យើង​ឃើញ​ថា ប្រទេស​យើង​អភិវឌ្ឍន៍​ហើយ ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ​ឃើញ​ថា ចំណង​គ្រប់​កន្លែង​ទាំង​អស់​ហ្នឹង​មិន​សមស្រប​ហើយ​បង្ខំ ហើយ​ការ​បែង​ចែក​មក​ដល់​ពេល​នេះ សាលាក្រុង​គាត់​ទទួល​ជោគជ័យ​ច្រើន​ក្នុង​ការ​បណ្ដេញ​ចេញ»

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា ទំនាស់​ដីធ្លី​មិន​មែន​កើត​ឡើង​ដោយ​ការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​មាន​ការ​យឺតយ៉ាវ​ទាំង​អស់​នោះ​ទេ។

លោក កឹម សុខា មាន​ប្រសាសន៍​ដូច្នេះ ៖ «បញ្ហា​ធំ​បំផុត​គឺ​ដោយសារ​អំពើ​ពុករលួយ ការ​កេងប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ​រដ្ឋ ប្រើប្រាស់​អំណាច​ទៅ​លើ​អ្នក​ទន់​ខ្សោយ​ហ្នឹង​វា​ច្រើន​ជាង»

លោក សាប៊ូ បាចារ សមាជិក​ព្រឹទ្ធ​សភា ទទួល​បន្ទុក​បញ្ហា​ដីធ្លី ធ្លាប់​មាន​ប្រសាសន៍​ថា កន្លង​មក​ការ​កើត​មាន​ទំនាស់​ដីធ្លី គឺ​កើត​ឡើង​ដោយសារ​តែ​ប្រជាពលរដ្ឋ​មិន​មាន​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី និង​លំនៅ​បាន​ត្រឹមត្រូវ ប៉ុន្តែ​លោក​សង្ឃឹម​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​ផ្តល់​កម្មសិទ្ធិ​ដីធ្លី និង​លំនៅ​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ជា​ស្ថាពរ ទំនាស់​ដីធ្លី​នឹង​កាត់​បន្ថយ។

ទំនាស់​ដីធ្លី​ដែល​កើត​មាន​នៅ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា កន្លង​មក​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​រក​ឃើញ​ថា ការ​ចុះ​បញ្ជី​ផ្តល់​កម្មសិទ្ធិ​ដីធ្លី គឺ​ជា​ផ្នែក​មួយ​នៃ​ទំនាស់​ប៉ុណ្ណោះ។ ទំនាស់​នេះ​ក៏​កើត​ឡើង​ដោយសារ​តែ​អំពើ​ពុករលួយ​និង​ដោយសារ​តែ​ការ​គំរាម​កំហែង​ពី​មន្ត្រី​មាន​អំណាច​និង​អ្នក​មាន​ទ្រព្យ​ធន៕