សកម្មជនទាំងពីរគឺ លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តរតនគិរី និងលោក ឆាយ ធី មន្ត្រីជំនួយការ។
អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក លោក ចាន់ សុវ៉េត បញ្ជាក់ថា ៖ «យើងគប្បីបន្ទន់ឥរិយាបថខ្លះ វាជាសញ្ញាណមួយបញ្ជាក់ថា សមាគមអាដហុក គោរពច្បាប់ សមាគមអាដហុក នៅតែកោតសរសើរចំពោះសកម្មភាព ស្នាដៃរបស់លោក ប៉ែន ប៊ុណ្ណារ៍ ប្រសើរជាជាងអាជ្ញាធរដែលមានអំណាចរបស់ខ្លួន ហើយធ្វើឲ្យពលរដ្ឋស្អប់»។
ចៅក្រមស៊ើបអង្កេតលោក ថោ សារ៉ន បានចេញដីកាកោះហៅលោក ប៉ែន ប៊ុណ្ណារ៍ និង លោក ឆាយ ធី ឲ្យចូលខ្លួនបំភ្លឺកាលពីថ្ងៃទី៤ សីហា ឆ្នាំ២០០៩ ពីរឿងញុះញង់ប្រជាពលរដ្ឋនៅភូមិប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ឌីអឹម ហ្រ្គូប ហើយបានប្តឹងចាប់អ្នកភូមិ៤នាក់ដាក់ពន្ធនាគារ និង ៨នាក់ទៀត រត់គេចខ្លួនក្នុងបទចោទប្រកាន់ថា អ្នកភូមិរំលោភដីនិងកាប់បំផ្លាញដើមកៅស៊ូក្រុមហ៊ុន ប៉ុន្តែបានដោះលែងវិញ បន្ទាប់ពីអ្នកភូមិត្រូវបានក្រុមមន្ត្រីអាជ្ញាធរអំពាវនាវឲ្យចូលសារភាពទទួលកំហុស ហើយមួយចំនួនបានសារភាពថា សកម្មជនសិទ្ធិមនុស្សទាំងពីរជាអ្នកញុះញង់ពួកគេ។
ចៅក្រមស៊ើបអង្កេតតុលាការខេត្តរតនគិរី លោក ថោ សារ៉ន មានប្រសាសន៍ទាក់ទិនករណីនេះថា ៖ «បើសិនជាគាត់ចេញផុតពីទឹកដីរតនគិរី បានន័យថា ផុតពីដែនសមត្ថកិច្ចរបស់តុលាការរតនគិរីហើយ»។
ចំណែកលោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ពីអារម្មណ៍លោកជុំវិញការផ្លាស់ប្តូរនេះ ៖ «ទោះបីគេអាចគ្របលើយើងបាន ក៏ប៉ុន្តែក្រុមគេប្រាកដជាដឹងថា គេកំពុងតែធ្វើរឿងខុសឲ្យទៅជាត្រូវ»។
អ្នកសម្របសម្រួលអង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច មានមូលដ្ឋាននៅខេត្តរតនគិរី លោក ទេព បូរិន បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការផ្លាស់ប្តូរនោះទេ តែទទួលស្គាល់ថា លោក ប៉ែន ប៊ុណ្ណារ៍ បានបំពេញតួនាទីត្រឹមត្រូវក្នុងភារកិច្ចជាសកម្មជនគាំពារសិទ្ធិមនុស្សនៅមូលដ្ឋាន។
ចំណែកមន្ត្រីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក គិត ទូច ចាប់អារម្មណ៍យ៉ាងដូច្នេះ ៖ «អាជ្ញាធរហ្នឹងព្យាយាមធ្វើការលើកទឹកចិត្តការសហការតួអង្គសង្គម មានចរិតឈឺឆ្អាលបញ្ហាធនធានធម្មជាតិ ដី និងជនរងគ្រោះនៅតំបន់ភូមិភាគឦសាន បែរទៅជាដាក់សម្ពាធទៅលើអ្នកគ្រប់គ្រងខាងអង្គការអាដហុក»។
ដូចគ្នានេះដែរ តំណាងអ្នកភូមិជនជាតិដើមនៅខេត្តរតនគិរី លោក ជុ សាវ៉ាត បានបន្ថែម ៖ «គាត់ជួយដោះស្រាយជនជាតិភាគតិចយើងខ្ញុំ ដូចជាព្រៃឈើអី គាត់បានការពារ គាត់យកចិត្តទុកដាក់មែនទែន ខ្ញុំអត់ពីគាត់ ព្រួយបារម្ភណាស់»។
ដំណឹងបានឲ្យដឹងថា សមាគមអាដហុដ គ្រោងឲ្យលោក ប៉ែន ប៉ុណ្ណារ៍ ទទួលទៅបំពេញតួនាទីនៅឯការិយាល័យកណ្តាលនៃសមាគមអាដហុក ឯទីក្រុងភ្នំពេញ លោក ឆាយ ធី ត្រូវបំពេញតួនាទីនៅការិយាល័យសិទ្ធិមនុស្សខេត្តកណ្តាល ហើយអ្នកសម្របសម្រួលអាដហុកខេត្តមណ្ឌលគិរី លោក សំ សារិន នឹងមកជំនួសលោក ប៉ែន ប៊ុណ្ណារ៍ នៅខេត្តរតនគិរី៕
