រឿង​ជម្លោះ​ដី​របស់​ពលរដ្ឋ​៥០​គ្រួសារ​នៅ​សហគមន៍​រីករាយ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ

កិច្ច​ចរចា​រក​ដំណោះស្រាយ​សមរម្យ​ដល់​អ្នក​រស់នៅ​សេស​សល់​ជាង ៥០​គ្រួសារ ក្នុង​សហគមន៍​«រីក​រាយ» នៃ​សង្កាត់​ទន្លេ​បាសាក់ ជាមួយ​ធនាគារ​កាណាឌីយ៉ា ទាក់ទង​ជាមួយ​បញ្ហា​ដី​ធ្លី​បាន​ជាប់​គាំង​ជាង ១​ខែ​មក​ហើយ​ដោយសារ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា។

0:00 / 0:00

ចៅ​សង្កាត់​ទន្លេ​បាសាក់ លោក ខាត់ ណារិទ្ធ មាន​ប្រសាសន៍​ថា ធនាគារ​កាណាឌីយ៉ា បាន​បញ្ឈប់​ការ​ដោះស្រាយ​ដើម្បី​ឲ្យ​អ្នក​រស់​នៅ​សហគមន៍​រីក​រាយ ដែល​នៅ​សល់​ក្នុង​សហគមន៍​នោះ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​នោះ​ហើយ។

លោក ខាត់ ណារិទ្ធ ថ្លែង​ដូច្នេះ​ថា ៖ «ឥឡូវ​ខាង​ក្រុមហ៊ុន​គេ​ផ្អាក​ហើយ គេ​ទុក​ឲ្យ​សាលា​រាជ​ធានី​ភ្នំពេញ​ធ្វើការ។ ចាប់​ផ្អាក​តាំង​ពី​ថ្ងៃ​ហ្នឹង​ទៅ​ហើយ»

ការ​ចាប់​ផ្តើម​ដោះស្រាយ​នេះ បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​អ្នក​ភូមិ​និង​សិស្ស​សាលា​បាន​ទៅ​តវ៉ា​នៅ​មុខ​ធនាគារ​កាណាឌីយ៉ា ក្រោយ​ពី​គ្រឿងចក្រ​ក្រុមហ៊ុន​សាង​សង់​ផ្ទះ​វីឡា​បុរី​ឧទ្យាន​បាសាក់ ដែល​គាំទ្រ​ថវិកា​ពី​ធនាគារ​កាណាឌីយ៉ា បាន​លុប​ទឹក​បឹង​ក្រោយ​ផ្ទះ​អ្នក​ភូមិ​និង​ប្រើ​កម្មករ​ច្រើន​រយ​នាក់​បិទ​របង​ស័ង្កសី ក្រោយ​ផ្ទះ​អ្នក​ស្រុក​កាល​ពី​ថ្ងៃ​២៥ ខែ​មេសា។

អនុប្រធាន​ភូមិ​៨ ក្រុម​៤៦​A នៃ​សហគមន៍​រីករាយ លោក ស៊ឹម វៃ មាន​ប្រសាសន៍​ថា ការ​ចរចា​មិន​ឯកភាព​គ្នា អ្នក​ខ្លះ​ទារ​អភិវឌ្ឍ​នៅ​កន្លែង ខ្លះ​ទារ​ប្រាក់​ថ្លៃ​ខ្ពស់​ជាង​សមត្ថភាព​ក្រុមហ៊ុន​ឲ្យ ៖ «ដោះស្រាយ​យ៉ាង​ម៉េច បើ​ម្នាក់ៗ​រឹង​ទទឹង​ពេក។ ខ្ជិល បើ​ទារ​សុទ្ធ​តែ​បី​បួន​ម៉ឺន​[ដុល្លារ]​ឯ​ណោះ នរណា​មាន​លុយ​ដោះស្រាយ បើ​គេ​ដោះស្រាយ​បន្តិច​បន្តួច ឥឡូវ​ស្រេច​លើ​សាលាក្រុង​ម្ចាស់​ក្រុមហ៊ុន​គេ»

សាស្រ្តាចារ្យ​គណិត​វិទ្យា​នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ រស់នៅ​សហគមន៍​រីករាយ លោក ចាន់ ប៊ុន​ថុល មាន​ប្រសាសន៍​ថា ក្បាល​ដី​ខ្លះ​ជាង ១០​ម៉ែត្រ និង​ជម្រៅ​ជាង ៣០ ទៅ ៧០​ម៉ែត្រ ឲ្យ​តម្លៃ ២​ម៉ឺន​ដុល្លារ គ្មាន​អ្នក​ណា​យល់​ព្រម​ទេ ទើប​គាត់​កំណត់ លក់​ដី ជា​ម៉ែត្រ​ការ៉េ​វិញ ៖ «ខ្លះ​គេ​ដាក់ ៥​ម៉ឺន ៧​ម៉ឺន​[ដុល្លារ] អ៊ីចឹង​ទៅ ចំណែក​ខ្ញុំ ខ្ញុំ​ដាក់​ជា​ការ៉េ មួយ​ការ៉េ ៤០០​(ដុល្លារ)»

លោក ចាន់ ប៊ុន​ថុល ចោទ​ថា ក្រោយ​ពី​ការ​ចរចា​មិន​ឯកភាព​គ្នា មាន​របាយការណ៍​ពី​អាជ្ញាធរ​ចោទ​មក​លើ​ក្រុម​អ្នក​តវ៉ា រឿង​ដី​ធ្លី​នោះ​ទៀត។ មិន​តែ​ប៉ុណ្ណោះ មាន​អ្នក​ស្រុក​ឈឺ​ច្រើន​ពី​ការ​ជះ​ក្លិន​ស្អុយ​នៃ​ទឹក​ដក់​ក្រោម​ផ្ទះ​និង​បង្គន់​ដែល​ដី​ខ្សាច់​លុប​លូ​ជិត គ្មាន​កន្លែង​បង្ហូរ​ចេញ​ក្រៅ ក្រោយ​ធនាគារ​បំពាន​យក​ដី ដោយ​ការ​ចាក់​ខ្សាច់​លុប​បឹង​ក្រោយ​ផ្ទះ​អ្នក​ភូមិ​រីករាយ​មក ៖ «ពី​មុខ​ពី​ក្រោយ​អី​ហ្នឹង បាំង​ទាំង​អស់ អត់​ខ្យល់​ចេញ​ចូល​អី ហើយ​គាត់​បូម​ខ្សាច់​មក​លិច​បង្គន់​លិច​អី​ស្អុយ ឥឡូវ​ខ្ញុំ​ឈឺ»

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ខាង​ធនាគារ​កាណាឌីយ៉ា និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន​ឡើយ​ជុំវិញ​បញ្ហា​នេះ។

អាជ្ញាធរ​ភូមិ​៨ និង​តំណាង​សហគមន៍​រីករាយ បាន​ឲ្យ​ដឹង​ថា ប្រមាណ​៥៤​គ្រួសារ​កំពុង​រស់​នៅ​ក្នុង​ដី​ជម្លោះ​សហគមន៍​រីក​រាយ​នោះ។ ក្នុង​នោះ​មាន​គ្រួសារ ប្រមាណ​៣០ ជាប់​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ដី​ជាមួយ​ធនាគារ​កាណាឌីយ៉ា ក្រៅ​ពី​នោះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​អ្នក​ទិញ​ដី​ដទៃ​ទៀត។ ទើប​ការ​សម្រុះ​សម្រួល​គ្នា​រក​វិធី​កណ្តាល​មាន​ការ​លំបាក​បាន​ជា​អាជ្ញាធរ​សង្កាត់ និង​ធនាគារ​កាណាឌីយ៉ា​បញ្ឈប់​ការ​ដោះស្រាយ បង្វែ​ឲ្យ​សាលា​រាជ​ធានី​ភ្នំពេញ​ដោះស្រាយ​វិញ។

ក្រុម​ការងារ​ពិសេស​នៃ​អង្គការ​សិទ្ធិ​មាន​លំនៅ កញ្ញា រចនា ថ្លែង​ថា ភាគី​ឯកជន​គេ​យក​ដី​ធ្លី​ពី​អ្នក​ទន់​ខ្សោយ​បាន​ងាយ​និង​តែងតែ​ឈ្នះ​នោះ គឺ​កំណត់​ប្រាក់​ឲ្យ​ចាក​ចេញ បើ​តវ៉ា​ច្រើន​គេ​រក​វិធី​ដោះស្រាយ​តាមរយៈ​ការ​ពន្យារ​ពេល​ដោះស្រាយ​កាន់​តែ​យូរ​នាំ​ឲ្យ​មាន​ការ​ធុញ​ទ្រាន់ ចុង​ក្រោយ​គេ​យក​តុលាការ​មក​ចោទ​ប្រកាន់​អ្នក​ស្រុក ឬ​ទៅ​លើ​ជន​ក្រីក្រ៕