មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីតំណាងអង្គការសហប្រជាជាតិនៅប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែតុលា បានជំរុញឲ្យសហគមន៍ប្រជាពលរដ្ឋខ្មែរយល់ដឹងឲ្យបានច្រើន និងទទួលព័ត៌មានឲ្យបានឆាប់រហ័សពីអាជ្ញាធរមូលដ្ឋាន និងពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅគ្រាដែលមានគ្រោះទឹកជំនន់ និងខ្យល់ព្យុះជាដើម។
ការធ្វើបែបនេះ គឺដើម្បីកាត់បន្ថយហានិភ័យ ឬការរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ ដើម្បីឲ្យប្រជាពលរដ្ឋអាចត្រៀមបង្ការ និងទប់ទល់ ព្រមទាំងផ្ស៊ាំការរស់នៅក្នុងការប្រែប្រួលអាកាសធាតុ។
អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា ដែលបានចូលរួមបើកកិច្ចប្រជុំនេះ បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា មានសមាសភាពជាច្រើនប្រភេទនៅក្នុងសង្គម អាចជួយផ្តល់ព័ត៌មានឆាប់រហ័សអំពីគ្រោះធម្មជាតិនោះ៖ «ត្រូវតែឲ្យប្រជាជនយល់តាមរបៀបជួយផ្សព្វផ្សាយគ្នា។ ដូចខ្ញុំលើកមិញទៅដល់សហគមន៍ តាមក្រសួងផែនការ តាមក្រសួងអប់រំ តាមរយៈអង្គការផ្សេងៗឈរជើងនៅកន្លែងនីមួយៗ តាមវិទ្យុ តាមទូរទស្សន៍ យើងចេះនិយាយប្រាប់តៗគ្នាទៅឲ្យគាត់យល់។ អាចារ្យវត្តគាត់លើកមេក្រូឡើងហើយ…យាយៗតាៗ លោក ញឹម វណ្ណដា គាត់ថាប្រយ័ត្នមានទឹកជំនន់ មានខ្យល់ព្យុះ»។
មន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជា លោក ឌឹកក្លាស ប្រូឌឺរីក (Douglas Broderick) បានមានប្រសាសន៍ថា សហគមន៍ប្រជាពលរដ្ឋខ្មែរនៅមូលដ្ឋានជាអ្នករងគ្រោះមុនគេ ដោយសារគ្រោះធម្មជាតិ ដូច្នេះការចែករំលែកព័ត៌មានឆាប់រហ័សអំពីហានិភ័យ អាចជួយឲ្យប្រជាពលរដ្ឋត្រៀមខ្លួន និងទប់ទល់បាន។
ប្រជាពលរដ្ឋឈ្មោះ មាស លី អាយុ ៧០ឆ្នាំ នៅភូមិល្វា ឃុំល្វា ស្រុកកោះសូទិន ខេត្តកំពង់ចាម បានមានប្រសាសន៍ថា កន្លងមកអាជ្ញាធរមូលដ្ឋានមិនបានផ្តល់ព័ត៌មានឲ្យបានទាន់ពេលវេលាទេ គឺប្រជាពលរដ្ឋតែងតែបានទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយនានា៖ «គ្រោះទឹកជំនន់ឆ្នាំនេះ ឭថាឡើងលើសឆ្នាំទៅ នាំគ្នាដឹងតាមវិទ្យុតៗគ្នា ហើយប្រាប់គ្នាតៗគ្នា ខ្លះក៏ដឹង ខ្លះក៏មិនដឹង ត្រៀមសម្ភារៈនៅពេលគ្រោះទឹកជំនន់ បើសិនជាលិចមែន រងគ្រោះមែន គ្រោះថ្នាក់ដែរហ្នឹង។ ព័ត៌មានឆាប់រហ័សហ្នឹង គឺត្រូវតាមភ្នាក់ងារពិសេស វិទ្យុ ទូរទស្សន៍ កាសែត ពិសេសបំផុតអាជ្ញាធរដែនដី ទទួលព័ត៌មានហើយប្រកាសជាដំណឹងជាបន្ទាន់ ដោយរហ័សបំផុតជូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំរបស់ខ្លួនឯង»។
សេចក្តីរាយការណ៍ពីមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គ្រោះទឹកជំនន់នៅដើមឆ្នាំ២០១២ កន្លងមកនេះ បានសម្លាប់ប្រជាពលរដ្ឋចំនួន ៥នាក់ នៅខេត្តព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តកំពង់ធំ ប្រៀបធៀបឆ្នាំ២០១១ កន្លងទៅនេះ គ្រោះទឹកជំនន់បានសម្លាប់ប្រជាពលរដ្ឋចំនួន ២៥០នាក់។
ស្រូវចំនួនជាង ១០០ហិកតារ នៅខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ បានខូចខាតដោយសារគ្រោះទឹកជំនន់កន្លងមកនេះ ប្រៀបធៀបឆ្នាំ២០១១ កន្លងទៅនេះ ទឹកជំនន់បានបំផ្លាញស្រូវចំនួនជាង ២សែន ៣ម៉ឺនហិកតារ។
លោក ញឹម វណ្ណដា បានបញ្ជាក់ថា មូលហេតុដែលមានការខូចខាតតិច និងមនុស្សស្លាប់តិចនៅឆ្នាំ២០១២ គឺដោយសារជំនន់រយៈពេលខ្លី ចំនួន ២ ឬ៣ថ្ងៃ នៅខេត្តមួយចំនួន ដូចជាខេត្តពោធិ៍សាត់ និងខេត្តព្រះវិហារ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
