អាជ្ញាធរ​គ្រោង​ប្រគល់​ញត្តិ​ស្ដីពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​ជូន​នាយក​រដ្ឋមន្ត្រី

មន្ត្រី​តំណាង​អាជ្ញាធរ​មូលដ្ឋាន​មាន​ទីតាំង​តាម​ដង​ទន្លេ​ចំនួន​ពីរ​នៅ​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​ប្រគល់​ញត្តិ​ជូន​ទៅ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​រក​ដំណោះស្រាយ​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ទំនប់​វារីអគ្គិសនី។

0:00 / 0:00

ការ​អះអាង​នេះ​ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន មក​កាន់​ខេត្ត​រតនគិរី ដើម្បី​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៨ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១០​នេះ។ ចំណែក​ញត្តិ​ធ្វើ​ឡើង​ដោយ​តំណាង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក រួម​មាន​ស្រុក​ចំនួន​៦ ឃុំ​ចំនួន​២០ និង​ភូមិ​ចំនួន​៧៤ ក្នុង​ខេត្ត​រតនគិរី។

មេ​ឃុំ​ស្រែអង្គ្រង ស្រុក​កូនមុំ លោក កែវ ឡុត មាន​ប្រសាសន៍​ថា ញត្តិ​នឹង​ត្រូវ​ប្រគល់​ជូន​លោក​នាយក​រដ្ឋមន្ត្រី​តាមរយៈ​អភិបាល​ខេត្ត​និង​អ្នក​តំណាង​រាស្ត្រ ឬ​ធ្វើ​ឡើង​ដោយ​អ្នក​តំណាង​អាជ្ញាធរ​ផ្ទាល់ ប្រសិន​មាន​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ទៅ​បាន។

លោក កែវ ឡុត បាន​បញ្ជាក់​ថា ៖ «ក្នុង​នាម​អាជ្ញាធរ​យើង​ខ្ញុំ គឺ​ធ្វើ​ញត្តិ​គាំទ្រ​ជាមួយ​សហគមន៍ ដាក់​អម​ទៅ​ជាមួយ​គ្នា»

អភិបាល​រង​អណ្ដូង​មាស អ្នកស្រី ក្លាន លៀម បញ្ជាក់​ដែរ​ថា ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ធ្លាប់​បាន​ផ្ដល់​សេចក្ដី​រាយការណ៍​ពី​ផល​ប៉ះពាល់​របស់​អ្នក​ភូមិ​តាម​ដង​ទន្លេ​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ច្រើន​ឆ្នាំ​ហើយ តែ​មិន​មាន​លទ្ធផល។

អ្នកស្រី ក្លាន លៀម បាន​ថ្លែង​ថា ៖ «ទោះបី​មាន​បញ្ហា​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ក៏​ដោយ ខ្ញុំ​ក៏​គាំទ្រ​លើ​សហគមន៍​ដែល​មាន​សិទ្ធិ​ការពារ​តាម​ដង​ទន្លេ​សេសាន ការពារ​ទាំង​អស់​គ្នា»

តាំង​ពី​ឆ្នាំ​១៩៩៦ រហូត​មក​ទល់​នឹង​ឆ្នាំ​២០១០ ប្រទេស​វៀតណាម​បាន​សាងសង់​ទំនប់​វារីអគ្គិសនី​ប្រមាណ ៦​កន្លែង​នៅ​តាម​ដង​ទន្លេ​ខាង​លើ​នៃ​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក​នៃ​ប្រទេស​កម្ពុជា ហើយ​បន្ទាប់​មក​អ្នក​ភូមិ​បាន​រង​ផល​ប៉ះពាល់​ទាំង​ជីវភាព សុខភាព អាយុ​ជីវិត ដី​ស្រែ​ចម្ការរ ផល​ដំណាំ សត្វ​ពាហនៈ ជ្រូក​មាន់​ទា ផ្ទះ​សម្បែង ចំណែក​ត្រី​និង​ជីវចម្រុះ បរិស្ថាន​ធនធាន​ធម្មជាតិ និង​គុណភាព​ទឹក​ទន្លេ ត្រូវ​បាន​បំផ្លាញ។

តំណាង​អ្នក​ភូមិ​រស់​នៅ​តាម​ដង​ទន្លេ​បញ្ជាក់​ថា អ្នក​ភូមិ​ស្នើ​សុំ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​ភាគី​អ្នក​សាង​សង់​ទំនប់​ពី​ផល​ប៉ះពាល់​នេះ ហើយ​ក៏​ស្នើ​សុំ​ឲ្យ​មាន​ការ​សិក្សា​និង​ដោះស្រាយ​ផល​ប៉ះពាល់​ជាក់លាក់​ជាមួយ​អ្នក​ភូមិ ប្រសិន​រាជ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នៅ​ស្រុក​សេសាន​បន្ថែម​ទៀត ៖ «ពួក​ខ្ញុំ​ចង់​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ទទួល​ខុស​ត្រូវ​ពី​អាយុ​ជីវិត​របស់​សហគមន៍។ មុន​នឹង​គាត់​បើក​ទឹក​មក សូម​ឲ្យ​គាត់​ជូន​ដំណឹង​ជា​មុន»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហមផាន បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១០ ទាក់ទិន​នឹង​ករណី​នេះ។ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ លោក​មាន​ប្រសាសន៍​ថា លោក​មិន​ចង់​ឲ្យ​មាន​ការ​ដាក់​ញត្តិ​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល​ក្នុង​ឧកាស​សម្ពោធ​ផ្លូវ​ទេ។ ញត្តិ​គួរ​ផ្ដល់​មក​អាជ្ញាធរ​ខេត្ត។

គេ​មិន​ដឹង​ថា តើ​គម្រោង​ដាក់​ញត្តិ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​នា​ពិធី​សម្ពោធ​ផ្លូវ​អាច​នឹង​ធ្វើ​បាន​តាម​ការ​គ្រោង​ទុក​ឬ​យ៉ាង​ណា​ទេ ក៏​ប៉ុន្តែ​ប្រធាន​ក្រុម​ការងារ​មូលដ្ឋាន​អង្គការ​ទន្លេ​បី អ្នកស្រី ណាង ណយ មាន​ប្រសាសន៍​ថា ៖ «ទាំង​សហគមន៍ ទាំង​អាជ្ញាធរ ដែល​ពួក​គាត់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ទី​នេះ ដើម្បី​សរសេរ​ញត្តិ​ដាក់​ជូន​ទៅ​សម្ដេច​នាយក។ ផុស​ឡើង​នូវ​ឆន្ទៈ​របស់​ពួក​គាត់​ទាំង​អស់»

តាម​ការ​គ្រោង​ទុក​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ និង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច កំពុង​មាន​បញ្ហា​ដី​ធ្លី​នៅ​ខេត្ត​រតនគិរី ក៏​កំពុង​ស្វែងរក​លទ្ធភាព​ប្រគល់​ញត្តិ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ដឹង និង​ជួយ​អ្នក​ភូមិ​ដូច​គ្នា នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ថ្ងៃ​សម្ពោធ​ផ្លូវ​នោះ៕