អ្នកភូមិជនជាតិចារ៉ាយ ឈ្មោះ សេវ យួន បញ្ជាក់ថា មេឃុំលំជ័រ លោក សេវ ថ្វាន គឺជាអ្នកនាំមុខបំភិតបំភ័យគំរាមឲ្យអ្នកភូមិភ័យខ្លាច ៖ «គេហាមឃាត់កុំឲ្យចូលរួមតែម្ដង»។
ចំណែកអ្នកភូមិឈ្មោះ ឡុង ឡេង បញ្ជាក់ដែរថា កាលពីថ្ងៃទី២៥ តុលា មេភូមិឈ្មោះ សេវ យុច បានកោះហៅអ្នកភូមិឲ្យប្រជុំ ហើយណែនាំមិនឲ្យចូលរួមពិធីនោះទេ បើទោះអ្នកភូមិបញ្ជាក់ប្រាប់ថា ពិធីនោះមានច្បាប់អនុញ្ញាតក្តី ៖ «គាត់ថា បើមានឃើញសំបុត្រផ្ញើមកពីខេត្ត ឲ្យទៅហែក្បួន កុំឲ្យទៅ បើទៅគឺគេបាញ់ទឹក មានការបាញ់កាំភ្លើងខ្លះ ហើយមានអ្នកឃាត់»។
គួរបញ្ជាក់ដែរថា សមាគមអាដហុកខេត្តរតនគិរី បានដាក់សំណើសុំទៅអាជ្ញាធរខេត្តដើម្បីធ្វើការសម្របសម្រួលយុទ្ធនាការហែក្បួនគាំទ្រនិងទាមទារឲ្យអាជ្ញាធរមូលដ្ឋាននានាក្នុងខេត្តអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលនិងវិធានការទប់ស្កាត់ការកាប់រានព្រៃឈើនិងការទន្រ្ទានកាន់កាប់ដីធ្លីទ្រព្យសម្បត្តិរដ្ឋបំពានច្បាប់ ក៏ប៉ុន្តែអាជ្ញាធរខេត្តបានបដិសេធនិងសុំកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ហើយទីបំផុត ក្រសួងមហាផ្ទៃបានឯកភាពតាមសំណើសុំនោះ ទើបអាជ្ញាធរខេត្តយល់ព្រមធ្វើការសម្របសម្រួលអនុញ្ញាតឲ្យមានការហែក្បួននៅថ្ងៃទី៣០ តុលា ឆ្នាំ២០០៨។
មេឃុំលំជ័រ លោក សេវ ថ្វាន ទទួលស្គាល់ថា អ្វីដែលលោកធ្វើគឺជាបញ្ជាថ្នាក់លើ។
លោកថា សមត្ថកិច្ចប៉ូលិសឃុំនិងស្រុក គឺជាអ្នកណែនាំឲ្យលោកធ្វើបែបនេះ ៖ «គេណែនាំថា បើថាទៅ គេបាញ់ទឹក បាញ់អីវាអ៊ីចឹង បញ្ជាពីខាងលើទេ អាហ្នឹង»។
ក៏ប៉ុន្តែទាក់ទិននឹងការអះអាងនេះ អធិការប៉ូលិសស្រុកអូរយ៉ាដាវ លោក ម៉ា វិចិត្រ បានបដិសេធថា ៖ «គ្មានដាក់ហាមបម្រាមអីទៅឲ្យខាងប្រជាពលរដ្ឋមិនឲ្យទៅ បាញ់ទឹកបាញ់អី អត់មានបាននិយាយផង គ្រាន់ថា បើគាត់ចង់ទៅ គឺជាសិទ្ធិរបស់គាត់»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីមន្ត្រីដឹកនាំសំខាន់ៗនៃអាជ្ញាធរខេត្តបានទេ នៅថ្ងៃអាទិត្យឈប់សម្រាកនេះ។
ចំណែកអភិបាលរងខេត្តលោក ជ័យ សាយឿន មានប្រសាសន៍ថា លោកជាប់រវល់។
សកម្មជនសមាគមអាដហុក លោក ឆាយ ធី បញ្ជាក់ថា សកម្មភាពរបស់អាជ្ញាធរខាងលើ ធ្វើឡើង ខណៈដែលអង្គការអាដហុក កំពុងជំរុញផ្សព្វផ្សាយលិខិតអនុញ្ញាតហែក្បួនរបស់ក្រសួងមហាផ្ទៃ និងលិខិតឯកភាពរបស់អាជ្ញាធរខេត្តដល់ប្រជាពលរដ្ឋមន្ត្រីរាជការសិស្សានុសិស្សដែលស្ម័គ្រចិត្តចង់ចូលរួមយុទ្ធនាការនោះ។
លោក ឆាយ ធី មានប្រសាសន៍ដូច្នេះថា ៖ «ពេលដែលយើងយកលិខិត អ៊ីចឹងយប់ហ្នឹង គេកោះប្រជុំសហគមន៍ទប់ស្កាត់តែម្ដង។ គេបានបញ្ជាក់សហគមន៍ថា ទោះជាមានច្បាប់ មានអី ក៏គេអត់ឲ្យទៅដែរ»។
អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគម អាដហុក លោក ចាន់ សូវ៉េត មានប្រសាសន៍ថា អង្គការលោកនឹងប្តឹងតាមផ្លូវច្បាប់ ប្រសិនបើករណីនេះកាន់តែធ្ងន់ធ្ងរឡើង ៖ «អ្វីដែលជាការសំខាន់ ខ្ញុំគិតថា ស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចគួរតែចូលរួមសហការជាមួយ ដើម្បីផ្ដល់នូវសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ»។
តាមការគ្រោងទុក យុទ្ធនាការហែក្បួនខាងលើនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣០ តុលា ឆ្នាំ២០០៨ ដោយមានសមាជិកមកពីបណ្ដាស្រុកនានា ចំនួន ១.០០០នាក់ចូលរួម៕
