ពិធីនេះធ្វើឡើងនៅក្រុងបានលុង ទីរួមខេត្តរតនគិរី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ មិថុនា ឆ្នាំ២០០៩នេះ ក្រោយពេលតែបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកភូមិសាយ៉ោះលើស្រុកលំផាត់ម្នាក់រងការបាញ់ឲ្យរបួសជើងនិងជាង១០នាក់ទៀតរងការបាញ់គំរាមពីកងទាហាននិងប៉ូលិសការពារក្រុមហ៊ុនឈ្មោះឌីអ៊ឹមហ្គ្រូបក្នុងជម្លោះដីធ្លីរវាងអ្នកភូមិនិងក្រុមហ៊ុន។
ពុំមានការចូលរួមពីមន្ត្រីអាជ្ញាធមូលដ្ឋាននោះទេ ហើយអ្នកភូមិដែលចូលរួមភាគច្រើនគឺជាជនជាតិដើមភាគតិចមានបញ្ហាចោទធ្ងន់ធ្ងរលើការបាត់បង់ដីធ្លីសហគមន៍ដោយសារការទន្ទ្រានយកឬការទិញលក់ដោយបំពានច្បាប់ពីអ្នកមានប្រាក់និងបុគ្គលជាមន្ត្រីអ្នកមានអំណាច ចំណែកការតវ៉ារបស់អ្នកភូមិមិនមានការដោះស្រាយ ហើយអ្នកភូមិ៧នាក់ក្លាយជាជនជាប់ចោទត្រូវរត់គេចខ្លួននិង៣នាក់ចាប់ខ្លួនដាក់ពន្ធនាគារក្នុងជម្លោះរវាងអ្នកភូមិនិងក្រុមហ៊ុន។
អ្នកភូមិមកពីស្រុកបរកែវបញ្ជាក់ ៖ «ទាមទារដកហូតដីហ្នឹងមកវិញ ជនជាតិដើមភាគតិច បើអត់ដីច្បាស់ជាស្លាប់»។
ចំណែកអ្នកភូមិមកពីស្រុកលំផាត់បន្ថែម ៖ «រំលោភបំពានលើដីយើងខ្ញុំ ហើយគេបាញ់ គេរកសម្លាប់ធ្វើទុក្ខបុកម្នេញ។ សូមអង្វរជាម៉ែជាឪ សម្ដេចតេជោ ហ៊ុន សែន គាត់ជួយជ្រោមជ្រែងដល់ពួកខ្ញុំផង»។
ពុំមានបាតុភាពឬអំពើរំលោភណាមួយកើតមានក្នុងពិធីបួងសួងនិងដើរហែក្បួននោះទេ គេសង្កេតឃើញសមត្ថកិច្ចប៉ូលិសប្រមាណ៥០នាក់ត្រូវបានដាក់ពង្រាយជិតកន្លែងប្រារព្ធពិធីនិងតាមដងផ្លូវសំខាន់ៗដែលពិធីហែក្បួនឆ្លងកាត់។
អធិការប៉ូលិសក្រុងបានលុង លោក ម៉ា វុន មានប្រសាសន៍ថា អាជ្ញាធរខេត្តបានអនុញ្ញាតឲ្យប្រារព្ធពិធីនេះហើយ។
នេះជាលើកទីបួនហើយដែលអ្នកភូមិភាគច្រើនសហគមន៍ជនជាតិដើមភាគតិចនាំគ្នាហែក្បួននេះ។
មន្រ្តីស៊ើបអង្កេតសមាគម អាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ ដែលសម្របសម្រួលពិធីហែក្បួននេះបញ្ជាក់ ៖ «លទ្ធផលមួយដែលយើងមិនអាចយកបាន ពីព្រោះជាអំពើអយុត្តិធម៌មួយ អ៊ីចឹងហើយយើងចង់បង្ហាញថា យើងមិនសុខចិត្តទេ»។
សូមបញ្ជាក់ដែរថា ស្របពេលដែលអ្នកភូមិជិតពី២០០នាក់ប្រារព្ធពិធីខាងលើនៅឯស្រុកអូរយ៉ាដាវអ្នកភូមិមកពីឃុំចំនួនពីរមានគ្នាជាង២០០នាក់ប្រដាប់ដោយកាំបិត ពូថៅ ធ្នូ ស្នា នាំគ្នាប្រមូលផ្តុំគ្នានៅមូលដ្ឋានរបស់ខ្លួនដើម្បីប្រឆាំងការវាស់វែងដីធ្លីអ្នកភូមិ៥០០ហិកតារដោយឧត្តមសេនីយ៍ កៅ ទ្រី ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ក៏ប៉ុន្តែពុំមានការទង្គិចដោយអំពើហិង្សានោះទេដោយក្រុមអ្នកវាស់វែងដីសុខចិត្តដកថយ៕