សេចក្តីប្តឹងតវ៉ានេះធ្វើឡើងបន្ទាប់ពីអភិបាលខេត្តរតនគិរី លោក ជ័យ សាយឿន បានកោះហៅអ្នកភូមិកាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅ ដើម្បីជួបប្រជុំដោះស្រាយបញ្ហា ក៏ប៉ុន្តែលោកមិនឲ្យអ្នកភូមិមានយោបល់អ្វីឡើយ ។
អ្នកភូមិឈ្មោះ សុខ ធី បញ្ជាក់ពីហេតុការណ៏ ៖ «ជ័យ សាយឿន គាត់និយាយប្រហែល ២០នាទី គាត់ឈប់អង្គប្រជុំតែម្ដង ហើយថ្ងៃហ្នឹងគាត់គំរាមថា នឹងយកអាត្រាក់ទៅឈូសក្នុងថ្ងៃច័ន្ទទៀត» ។
ចំណែកអ្នកភូមិឈ្មោះ ជុំ សុធី បញ្ជាក់បន្ថែម ៖ «គេលើកឡើងថា ដីដែលត្រូវការសងលុយហ្នឹង គឺដែលមានប្លង់រឹង បើមានសំបុត្រតែត្រឹមភូមិ ឃុំអីទេ គេអត់មានសងលុយទេ» ។
ឆ្លើយតបចំពោះសេចក្តីចោទប្រកាន់នេះអភិបាលរងខេត្តរតនគិរី លោក ជ័យ សាយឿន មានប្រសាសន៍ថា នេះជាគោលការណ៏របស់អន្តរក្រសួង ស្តីពីសំណងផលប៉ះពាល់ ៖ «មានដីខ្លះគាត់មកបោះបង្គោលវាតទីយកខាងក្រោយប៉មតែម្ដង គឺលើពីព្រលានដែលកំពុងដំណើរការ ហ្នឹងមិនអាចបានទេ» ។
តាមខិត្តប័ណ្ណផ្សព្វផ្សាយសាធារណៈរបស់ធនាគារអភិវឌ្ឍន៏អាស៊ី ស្តីពីគំរោងអភិវឌ្ឍន៏ពង្រីកព្រលានយន្តហោះខេត្តរតនគិរី ឲ្យដឹងថាការខ្វះខាតឯកសារកម្មសិទ្ធីដីធ្លីស្របច្បាប់មិនអាចរារាំងដល់ក្រុមគ្រួសារដែលមានផលប៉ះពាល់ ដោយសារគំរោងពីការទទួលនូវការជួយឧបត្ថម្ភបានឡើយ ។ ប្រជាពលរដ្ឋទាំងឡាយណាដែលកំពុងបានកាន់កាប់ ឬប្រើប្រាស់ដីធ្លីដែលមានផលប៉ះពាល់ដោយសារគំរោងនៅមុនពេលដែលមានការកំណត់កាលបរិច្ឆេទជាផ្លូវការចុះវាស់វែងនឹងត្រូវមានសិទ្ធិពេញលេញក្នុងការជួយឧបត្ថម្ភពីគំរោង ។
អតីតប្រធានគំរោងរុះរើនិងតាំងទីលំនៅថ្មី លោក ផន ឫទ្ធី ហើយបច្ចុប្បន្នជានាយកអង្គការវឌ្ឍនភាពមានប្រសាសន៏ថា តាមគោលការណ៏នៃអង្គការអន្តរជាតិ សំណងត្រូវបានផ្តល់សម្រាប់គំរោងទាំងឡាយដែលមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ។
លោក ផន ឫទ្ធី បានមានប្រសាសន៍ថា ៖ «ADB គេអត់ចង់ឲ្យប្រជាជនហ្នឹងទទួលគ្រោះថ្នាក់ ឬក៏ឈឺចាប់ដោយសារគម្រោងគេឲ្យលុយទៅធ្វើទេ សំណងផលប៉ះពាល់ហ្នឹងគឺរដ្ឋាភិបាលអត់លុយចេះតែទៅប្រជាជនអ៊ីចឹងទៅ» ។
អតីតប្រធានភូមិ៣ លោក ទូច ងីបញ្ជាក់ថាអតីតព្រលានយន្តហោះខេត្តរតនគិរីមានទទឹងទំហំ៧៥ម៉ែត្រពីអ័ក្សផ្លូវនិងបណ្តោយ ១៦០០ម៉ែត្រក្រៅពីនោះគឺជាដីដែលអ្នកភូមិតាំងទីលំនៅនិងធ្វើចម្ការតាំងពីឆ្នាំ១៩៨៥មក ៖ «កាលចៅហ្វាយខេត្តឲ្យខ្ញុំកាន់ហ្នឹង ឲ្យលុយ ៤០ម៉ឺន កាត់ប៉ុណ្ណឹង» ។
មន្រ្តីអាជ្ញាធរខេត្តរតនគិរីឲ្យដឹងថា ធនាគារអភិវឌ្ឍន៏អាស៊ីនិងរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាកាលពីខែកុម្ភៈឆ្នាំ២០០៣ លើថវិកាកម្ចីសម្រាប់អនុគំរោងពីរ ស្តារព្រលានយន្តហោះខេត្តរតនគិរីនិងព្រលានយន្តហោះខេត្តស្ទឹងត្រែងក្នុងគំរោងទឹកប្រាក់ប្រមាណ៧ ទៅ ៨លានដុល្លារសម្រាប់ស្តារព្រលានយន្តហោះខេត្តរតនគិរី ។ ហើយតាមការគ្រោងទុករាជរដ្ឋាភិបាលចង់ឲ្យសម្រេចក្នុងឆ្នាំ ២០០៩ ៕
