គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​១៤​នាក់​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ

ឤជ្ញាធរ​និង​មន្ត្រី​ចរាចរណ៍​ផ្លូវគោក ឱ្យ​ដឹង​ថា របាយការណ៍​បណ្តោះឤសន្ន អំពី​គ្រោះថ្នាក់​ចរាចរណ៍ ៣​ថ្ងៃ​ចូលឆ្នាំថ្មី ឆ្នាំ​២០០៨ តាម​ខេត្ត​មួយ​ចំនួន មាន​អ្នក​ស្លាប់ ១៤នាក់ របួស​ធ្ងន់ និង​ស្រាល ជិត ១០០នាក់ និង ខូច​ខាត​សម្ភារៈ​ជាច្រើន ។

0:00 / 0:00

ស្នងការខេត្តបន្ទាយមានជ័យ លោក ហ៊ុន ហៀង មានប្រសាសន៍ថា របាយការណ៍ តាម​ស្រុក បណ្តោះឤសន្ន ៣​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ គ្រោះថ្នាក់​ចរាចរណ៍ បាន​កើត​មាន ដោយសារ ល្បែង​គប់​ទឹក បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ធ្ងន់ ពីរនាក់ គ្មាន​អ្នក​ស្លាប់​ទេ ។

លោក ហ៊ុន ហៀង បានឱ្យដឹងថា ៖ «គេចទឹក ទៅប៉ះម៉ូតូ បុក​គោយន្ត​គេ របួស​បាក់​ជើង ខ្លួន​ឯង ។ ទីពីរ​ទៀត គឺ​លេង​គប់​ដែរ ប៉ុន្តែ​មិន​ដឹង​ថា គប់​ទឹក ឬ​ក៏​ញាត់ស្អី ចូល​ក្នុង​ហ្នឹងទេ គឺថា គប់​ទៅ​ត្រូវ​ភ្នែក របួស​ធ្ងន់ យើង​បាន​បញ្ជូន​ទៅ​ដល់​ពេទ្យ›»

នៅឯខេត្តកណ្តាល ស្នងការរង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់ ចរាចរណ៍​ផ្លូវ​គោក លោក មាស សារ៉េត មាន​ប្រសាសន៍​ថា គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ខេត្ត​កណ្តាល មាន ៥ ករណី ស្លាប់ ១០​នាក់ របួស​ធ្ងន់ ២០​នាក់ របួស​ស្រាល ២០នាក់ ខូច​រថយន្ត ៨​គ្រឿង ម៉ូតូ ៣៨​គ្រឿង រ៉ឺម៉ក​ម៉ូតូ ១​គ្រឿង កង់ ១គ្រឿង ។

លោក​បាន​ឱ្យ​ដឹង​ពី​មូលហេតុ ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ថា ៖ «šអ្នកបើកបរ​យានយន្ត​មួយ​ចំនួន​មាន​ជាតិ​ស្រវឹង ចំនួន ៦០% ហើយ បើក​មាន​ល្បឿន​លឿន បើក​មាន​លក្ខណៈ​ប្រជែង និង​បើក​ជា​ជួរ ធ្វើ​ឱ្យ​កើត​មាន​គ្រោះថ្នាក់›»

នៅឯខេត្តកំពង់ចាម តាម​របាយការណ៍ បណ្តោះ​ឤសន្ន ពី​ស្នងការ​ខេត្ត លោក នួន សាមិន មាន​ប្រសាសន៍​ថា គ្រោះថ្នាក់​ចរាចរណ៍ បាន​កើត​មាន​ជាង ១០​ករណី ខូច​រថយន្ត ៣​គ្រឿង និង​ម៉ូតូ​ច្រើនគ្រឿង ៖ «šជាង ១០​លើក​ហើយ ហើយ​បង្ក​ឱ្យ​មាន​អ្នករងគ្រោះ ស្លាប់ ៤នាក់ របួស​ប្រហែល​ជា ជាង ៣០នាក់›»

អភិបាលខេត្តកំពង់ស្ពឺ លោក កង ហ៊ាន មាន​ប្រសាសន៍ថា គ្រោះថ្នាក់​ចរាចរណ៍ ៣​ថ្ងៃ ចូល​ឆ្នាំថ្មី តាម​ផ្លូវ​ជាតិ និង​ផ្លូវលំ ក្នុង​ស្រុក​មួយ​ចំនួន ប្រមាណ ១០ករណី ។ លោកថា គ្រោះថ្នាក់នោះ គ្មាន​អ្នកស្លាប់​ទេ រីឯ ការ​រាំ​កម្សាន្ត ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី​មាន​អ្នក​បង្ក​អុកឡុក ២ករណី គ្មាន​អ្នក​រងរបួសដែរ ៖ «š១០​ករណី​ដែរ អត់​មាន​ស្លាប់​ទេ មាន​តែ​របួស មិន​ធ្ងន់​ប៉ុន្មាន​ទេ របួស​ស្រាល​ៗ​ដែរទេ›»

អធិការស្រុកកោះកុង ខេត្តកោះកុង លោក ហេង សុជាតិ មានប្រសាសន៍​ថា ក្នុង​ស្រុក​កោះកុង​វិញ មាន​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត ២​គ្រឿង រង​របួស ៤នាក់ គ្មាន​អ្នកស្លាប់​ទេ ។

លោក ហេង សុជាតិ មានប្រសាសន៍ថា ៖ «šឡានទួរីស របួស ៤នាក់ ធ្ងន់​បាក់​ជើង ហើយ​និង បែក​ក្បាល ហើយ មួយទៀត ឡាន​មក​ពី​ភ្នំពេញ ហើយ ឤណិកជន​ខ្មែរ នៅ​ឤមេរិក ម៉ាក 4 Runner បាន​ជាប់​ហ្វ្រាំង ហើយ​ក្រឡាប់ ធ្លាក់​ទៅ​ក្រោយ កំពិត​ដំបូល​អស់ អត់​មាន​របួស​អីទេ ឤហ្នឹង គាត់​បើក​ម្នាក់​ឯង»›

ឯអភិបាល​ស្រុកស្រែអំបិល ខេត្ត​កោះកុងដែរ លោក ប៊ុន ឡឺត មានប្រសាសន៍ថា ៣ថ្ងៃ ចូលឆ្នាំខ្មែរ មាន​គ្រោះថ្នាក់​ចរាចរណ៍ តែ ១ករណី បណ្តាល​ឱ្យ​មាន អ្នក​រង​របួស​ម្នាក់ និង​ខូចខាត​ម៉ូតូ ១គ្រឿង ៖ «šអ្នកជិះម៉ូតូ បុក​អ្នក​ធ្វើដំណើរ ឱ្យរបួស›» ។

រីឯ ស្នងការក្រុងព្រះសីហនុវិញ លោក តាក់ វណ្ណថា មានប្រសាសន៍ថា ចូលឆ្នាំថ្មី ៣ថ្ងៃ ក្នុង​ក្រុង​ព្រះសីហនុ គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ បានកើតឡើងទេ ។

ប្រភពពីមន្ត្រីចរាចរណ៍ផ្លូវគោក ឱ្យដឹងថា រាល់​គ្រោះថ្នាក់​ចរាចណ៍ បណ្តាល​មក​ពី​ស្ថានភាព​ផ្លូវ​កាន់តែ​ប្រសើរ​ច្រើន ហើយ អ្នក​បញ្ជា​យាន​យន្ត ធ្វេស​ប្រហែស មិន​គោរព​ច្បាប់​ចរាចរណ៍ និង មិន​រៀន​ច្បាប់​ចរាចរណ៍ ។ អ្នក​បើកបរ ផឹក​គ្រឿង​ស្រវឹង ប្រើ​ល្បឿន​ហួស​កំណត់ មិន​ប្រកាន់​ស្តាំ ចៀស​គ្នា​មិន​ប្រុង​ប្រយ័ត្ន មិន​ចេះ​ប្រើ ភ្លើង​សញ្ញា​ឆ្លងកាត់ ជា​ដើម ៕