ក្រុមចោរប្លន់ទាំងបីនាក់នោះ បានប្រើអាវុធវែងខ្លីចំនួន ២ដើម បាញ់គំរាមប្លន់យកលុយពីឈ្មួញទិញស្រូវម្នាក់ នៅឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ហើយជិះម៉ូតូ ១គ្រឿង រត់គេចខ្លួន។
ជនប្រដាប់អាវុធ បីនាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពបាញ់ប្លន់ឈ្មួញទិញស្រូវម្នាក់ យកបានប្រាក់ចំនួន ២១លានរៀល កាលពីវេលាម៉ោងជាង ៩យប់ថ្ងៃទី៣០ ខែវិច្ឆិកា ខណៈដែលជនរងគ្រោះកំពុងបញ្ជាឲ្យកម្មករលើកស្រូវដាក់លើឡាន នៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
អភិបាលស្រុករុក្ខគិរី លោក ពេជ្រ ម៉ាឡៃ បានថ្លែងឲ្យដឹងនៅថ្ងៃទី១ ខែធ្នូ ថា ក្រុមចោរមានគ្នាចំនួន បីនាក់ មានអាវុធអាកាមួយដើម និងកា៥៤ មួយដើម បានជិះម៉ូតូចូលទៅបាញ់គំរាមជនរងគ្រោះចំនួន ៦គ្រាប់ ប៉ុន្តែមិនបណ្ដាលឲ្យជនណាម្នាក់មានរបួសនោះទេ។ ក្រោយពីប្លន់យកលុយបានពីជនរងគ្រោះហើយ ក្រុមចោរក៏នាំគ្នាជិះម៉ូតូគេចខ្លួនទៅបាត់៖ «ប្រជាពលរដ្ឋបានរាយការណ៍ ហើយកម្លាំងសមត្ថកិច្ចក៏បានចុះស្កាត់តាមគោលដៅប្រទាក់ក្រឡាជាមួយនឹងបណ្ដាស្រុកពាក់ព័ន្ធ តាមរយៈអធិការ តាមរយៈមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ធ្វើការត្រួតពិនិត្យភ្លាមជាបន្ទាន់ដែរ ប៉ុន្តែមិនទទួលបានលទ្ធផលក្នុងការចេញអន្តរាគមន៍បានជាក់ស្ដែងនោះទេ»។
អភិបាលស្រុកបញ្ជាក់ថា កងកម្លាំងខេត្តបាត់ដំបង បានទាក់ទងគ្នាជាមួយកងកម្លាំងមានសមត្ថកិច្ចនៅខេត្តពោធិ៍សាត់ ព្រោះក្រុមចោរប្លន់ទាំងបីនាក់នោះ សមត្ថកិច្ចបានកំណត់មុខសញ្ញាបានខ្លះហើយ៖ «ព្រឹកមិញនេះ ក៏យើងចុះធ្វើការដើម្បីស្រាវជ្រាវដែរ បើតាមពីល្ងាច រាយការណ៍មកមានគ្នាបីនាក់ អាវុធខ្លីមួយដើម អាវុធវែងមួតដើម ហើយម៉ូតូមួយគ្រឿងមធ្យោបាយ អាវដូចជាស៊ីវិល ខោក្រមៅក្រឡេក្រឡា ពេលនោះប្រជាពលរដ្ឋគាត់ភ័យមើលមិនច្បាស់»។
ប្រភពព័ត៌មាន ឲ្យដឹងថា ជនរងគ្រោះជាឈ្មួញដើរទិញស្រូវនោះ មាន ឈ្មោះ ឡឹង ប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្រុមចោរស្លៀកពាក់ស៊ីវិល ប៉ុន្តែពុំមានការបិទបាំងមុខទេ ពួកគេបានចូលទៅភ្ជង់ឈ្មួញទិញស្រូវ ហើយបាញ់គំរាមប្លន់ចំកណ្ដាលហ្វូងមនុស្សជាច្រើននាក់។ ជនរងគ្រោះកន្លងមក ធ្លាប់ចេញចូលទៅទិញស្រូវនៅតំបន់នោះ។ ក្រុមចោរទាំងនោះ ទំនងបានតាមដានជនរងគ្រោះ ទើបអាចធ្វើសកម្មភាពប្លន់ ព្រោះនៅចំណុចកើតហេតុ មានទីតាំងនៅឆ្ងាយពីទីតាំងសមត្ថកិច្ច ដែលមិនអាចឲ្យកងកម្លាំងមានសមត្ថកិច្ចអន្តរាគមន៍ជួយទាន់ពេលវេលា។
នេះជាករណីប្លន់ថ្មីមួយទៀត នៅចុងឆ្នាំ២០១២។ ក្នុងឆ្នាំ២០១២ អំពើប្លន់ធ្លាប់បានកើតមានជាច្រើនករណី នៅក្នុងខេត្តបាត់ដំបង។ ទោះជាយ៉ាងនេះក្ដី មន្ត្រីនគរបាលយុត្តិធម៌បញ្ជាក់ថា អំពើប្លន់ប្រដាប់អាវុធក្នុងឆ្នាំ២០១២ មានការថយចុះជាងឆ្នាំ២០១០ និងឆ្នាំ២០១១ កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
