ស្របពេលគ្នានោះដែរ មានឧប្បត្តិហេតុលិចទូចចំនួន១៨ទូក និងមានមនុស្សមា្នក់បានស្លាប់បាត់បង់ជីវិតដោយសារការលង់ទឹក។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ជាមន្រ្តីអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រទេសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថៃ្ងទី៤ ខែវិច្ឆិកានេះ។
សុខ សេរី ៖ ករណីបង្រ្កាបចោរលួចចោរឆក់បានប៉ុន្មានករណី? គៀត ច័ន្ទថារិទ្ធ ៖ ៣៣នៅក្នុងពិធីបុណ្យយើង ដូចជាស្រីច្រើនដែរ។ ទូកលិច១៨គ្រឿង ស្លាប់ម្នាក់។ សុខ សេរី ៖ ស្លាប់ម្នាក់ហ្នឹងមកពីខេត្តណា? គៀត ច័ន្ទថារិទ្ធ ៖ មកពីកំពង់ចាម។ សុខ សេរី ៖ ទូកលិច១៨គ្រឿង គឺបូកសរុបទាំងបីថៃ្ងទេ? គៀត ច័ន្ទថារិទ្ធ ៖ បីថៃ្ង។ ថៃ្ងទី១ ៥គ្រឿង ថៃ្ងទី២ ១២គ្រឿង និងថៃ្ងទី៣ មួយគ្រឿង។ សុខ សេរី ៖ ចុះលោកវាយតម្លៃជាទូទៅ? គៀត ច័ន្ធថារិទ្ធ ៖ ល្អច្រើនជាងឆ្នាំមុន សណ្តាប់ធ្នាប់ក៏ល្អ របៀបរៀបរយក៏ល្អ ការចូលរួម ជាពិសេសប្រជាជន ចូលរួមមានការយល់ដឹងខ្ពស់ជាងឆ្នាំទៅ។
ប្រភពដដែលបាន បញ្ជក់ថា មនុស្សមា្នក់ដែលបានស្លាប់បាត់បង់ជីវិតនោះ គឺបណ្តាលមកពីការលក់ទឹកនៅពេលដែលទូកលិច។ គាត់មានអាយុជាង៤០ឆ្នាំ មកពីខេត្តកំពង់ចាម។ សាកសពត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងទឹកទន្លេខាងក្រោយសណ្ឋាគារកាំបូឌីយ៉ាណា ក្រោយពីបានបាត់ខ្លួនចំនួន២ថៃ្ងមកហើយ។
លោក គៀត ច័ន្ធថារិទ្ធ បានមានប្រសាសន៍ថា មានគ្រោះថ្នាក់ចរាចរណ៍ចំនួន៦៨ករណីបានកើតមានទ្បើង ក្នុងនោះមានស្លាប់ចំនួន១៨ករណី របួសធ្ងន់៨៦ករណី របួសស្រាល៥៧ករណី។ ភាគច្រើននៃការគ្រោះថ្នាក់នោះ គឺបណ្តាលមកពីការបើកបរលឿន។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតមានឡើងនៅក្នុងខេត្តកណ្ដាលច្រើនជាងគេ និងខេត្តកំពត។
ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងរាជធានីភ្នំពេញ បានថែ្លងថា លោកមានការពេញចិត្តអំពីសន្តិសុខនិងការរៀបចំថ្មីៗនេះ ៖ «ប្រជាពលរដ្ឋខ្ញុំពេញចិត្តណាស់ហើយ ព្រោះវាល្អជាងសព្វដង រៀបចំសន្តិសុខបានល្អច្រើន ទាំងពីចោរឆក់អីកំប៉ិកកំប៉ុក ចាប់បាន។ ធ្វើការបានល្អ។ លម្អរតុបតែង ប្រជាពលរដ្ឋយើង បរិស្ថាន គាត់យល់ច្រើន អ៊ីចឹងពេញចិត្តណាស់ហើយ»។
អាជ្ញាធរសាលាក្រុងភ្នំពេញ បានប្រើប្រាស់កម្លាំងចម្រុះចំនួនជាង៦.០០០នាក់ និងក្រុមអ្នកប្រមូលសំរាមចំនួនជាង៥០០នាក់។ ក្រុមអ្នកអន្តរាគមន៍សង្រ្គោះបន្ទាន់ចំនួន២០០នាក់ និងអូប័រចំនួន១៦គ្រឿងនៅក្នុងអំឡុងពេល៣ថៃ្ងនៃបុណ្យអុំទូកថ្មីៗនេះ ដែលមានទូកជិត៤០០គូបានមកចូលប្រណាំង និងមានប្រជាពលរដ្ឋជាច្រើនលាននាក់បានមកចូលរួមទស្សនា ដែលមកពីបណ្ដាខេត្តនានានិងក្នុងរាជធានីភ្នំពេញ៕
