ជន​ល្មើស​ស្លៀក​ពាក់​ទាហាន​ធ្វើ​សកម្មភាព​ប្លន់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ

ប៉ូលិស​និយាយ​ថា ជន​ល្មើស ២​នាក់​ស្លៀកពាក់​ឯកសណ្ឋាន​កងទ័ព​ពាក់​ម៉ាស់​បិទ​មុខ​ប្រដាប់​ដោយ​កាំភ្លើង​ខ្លី​ពីរ​ដើម​បាន​ចូល​ទៅ​បាញ់​បុរស​ម្នាក់​ឲ្យ​របួស​ភ្លៅ​កាល​ពី​ព្រលប់​ថ្ងៃ​សុក្រ ទី​២១ ខែ​វិច្ឆិកា ខណៈ​ដែល​ជន​រង​គ្រោះ​ប្រពន្ធ​និង​កូន​កំពុង​ទទួល​ទាន​បាយ​នៅ​ក្នុង​ផ្ទះ។

លោក រឿង បូរ អធិការ​ប៉ូលិស ស្រុក​ភ្នំស្រុក បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​វិច្ឆិកា​ថា លោក ឃីវ កៅរី អាយុ​៣៤​ឆ្នាំ កំពុង​ដេក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក បន្ទាប់​ពី​ជន​ល្មើស​ឯកសណ្ឋាន​កងទ័ព​ម៉ាស់​បិទ​មុខ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​ខ្លី​ចំនួន​២​គ្រាប់​នៅ​ក្នុង​ផ្ទះ ដែល​ស្ថិត​នៅ​ភូមិ​កំពីងពួយ ឃុំ​ភ្នំដី ស្រុក​ភ្នំស្រុក ខែត្រ​បន្ទាយមានជ័យ។

លោក រឿង បូរ បាន​មាន​ប្រសាសន៍​ថា ៖ «តាម​រូបភាព​ដែល​យើង​សន្និដ្ឋាន​ដំបូង​ថា​ប្លន់ ប៉ុន្តែ​ដល់​យើង​មើល​ហេតុការណ៍​ដែល​វា​ធ្វើ​ទៅ វា​មិន​មែន​ប្លន់ អាហ្នឹង​វា​ដូច​ជា​គំនុំ ក៏​ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ប្រហែល​អាច​មាន​គំនុំ​ខ្លះ ដែល​ទាក់ទង​នឹង​រឿង​ប្រជែង​គ្នា​រក​ស៊ី​ត្រី​រក​អី ប៉ុន្តែ​មុខ​សញ្ញា​នោះ​វា​ពាក់​ម៉ាស់ ប៉ុន្តែ​ស្លៀកពាក់​ឯកសណ្ឋាន​កងទ័ព។ បាញ់​ចំ​ជើង​ទាំង​ពីរ ខាង​ស្ដាំ​ត្រូវ​ភ្លៅ ប៉ុន្តែ​ចុង​ជើង​ខាង​ឆ្វេង​ត្រូវ​ក្រោម​ភ្លៅ​បន្តិច ត្រូវ​កំភួន​ជើង»

អ្នកស្រី វិន សុខៃ ភរិយា​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ហេតុការណ៍​ប្រហារ​លើ​ប្តី​របស់​អ្នកស្រី​ទំនង​ជា​រឿង​ទំនាស់​ក្នុង​ការ​រក​ស៊ី​ពី​គ្រួសារ​អ្នកស្រី​ដែល​ជា​អ្នក​ទិញ​កង្កែប ត្រី និង​អន្ទង់​លក់ ហើយ​ថា ជន​ល្មើស​មិន​មាន​ចេតនា​បាញ់​សម្លាប់​ប្តី​របស់​លោកស្រី​ទេ ចំណែក​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ ក៏​ជន​ល្មើស​មិន​បាន​យក​អ្វី​ទាំង​អស់។

លោកស្រី​បាន​ថ្លែង​ថា ៖ «ប្ដី​ខ្ញុំ​គោលបំណង​ចង់​រត់​ចេញ​មក​ឲ្យ​ផុត ដល់​ពេល​គិត​ឃើញ​ថា បើ​សិន​ជា​ចេញ​មក នៅ​ខ្ញុំ​នៅ​ក្នុង​នោះ ខ្លាច​វា​ធ្វើ​បាប​ក្នុង​នោះ គាត់​ក៏​មិន​ហ៊ាន​ចេញ គាត់​ឈរ​នៅ​មុខ​ទ្វារ​វា​បាញ់​ទៅ។ វា​បាញ់​មួយ​គ្រាប់​មុន​អត់​ត្រូវ​ទេ ដល់​វា​បាញ់​ទាំង​ពីរ​នាក់ យក​ភ្លៅ​ទាំង​ពីរ ត្រូវ​ទាំង​ពីរ​នាក់។ ខ្ញុំ​ដឹក​ត្រី ដឹក​អន្ទង់ កង្កែប ទិញ​ទៅ​លក់​ប៉ោយប៉ែត ដឹក​ពី​ភ្នំ​ស្រុក​ទៅ ពី​ធ្នង់ ពី​សំរោង​មក»

អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ថ្លែង​ថា សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ជន​ល្មើស បើ​ទោះ​បី​ករណី​នោះ​ជា​រឿង​គំនុំ​ក៏​ដោយ។

គួរ​បញ្ជាក់​ទៀត​ថា ទាក់​ទង​នឹង​អំពើ​ប្លន់ កាល​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ក្រុម​ចោរ​ប្លន់​មួយ​ក្រុម​មាន​គ្នា​ជិត ១០​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​កង​យោពល​ខេមរ​ភូមិន្ទ​ប្រដាប់​ដោយ​អាវុធ​អាកា​និង​កាំភ្លើង​ខ្លី បាន​ធ្វើ​សកម្មភាព​ប្លន់​ទៅ​ក្រុម​គ្រួសារ​មួយ​នៅ​ភូមិ​ក្បាល​ដំរី ឃុំ​បន្ទាយ​ឆ្មារ សុ្រក​ថ្មពួក ខែត្រ​បន្ទាយមានជ័យ។

នៅ​ខែត្រ​បន្ទាយមានជ័យ​ដែរ នៅ​រយៈពេល​ចុង​ក្រោយ​នេះ គេ​កត់​សម្គាល់​ថា សកម្មភាព​ប្លន់​ប្រដាប់​អាវុធ បាន​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា នៅ​ឃុំ​គោកល្មៀត ជិត​ច្រក​បឹង​ត្រកួន ១​ករណី នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០០៨ មាន​ការ​ប្លន់​នៅ​ផ្សារ​ថ្មី​ស្ថិត​ក្នុង​ភូមិ​គំរូ ស្រុក​ថ្មពួក មួយ​ករណី​ទៀត ដែល​មាន​បា្រក់​សរុប​ជាង ៧​ម៉ឺន​ដុល្លារ៕