សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​កំពុង​រីក​រាល​ដាល​នៅ​ខេត្ត​រតនគិរី

មន្ត្រី​ប៉ូលិស​ខេត្ត​រតនគិរី មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុមចោរ​ប្លន់​ប្រដាប់​អាវុធ​បាន​បាញ់​កាំភ្លើង​គំរាម ហើយ​វាយ​សមាជិក​កសិករ​មួយ​គ្រួសារ​បន្ថែម​ទៀត​ឲ្យ​របួស ហើយ​ប្លន់​យក​ប្រាក់​និង​គ្រឿង​អលង្ការ​អស់​គ្មាន​សល់។

0:00 / 0:00

ស្នងការ​រង​ប៉ូលិស​ខេត្ត​លោក ស៊ូវ៉ាន ខាំវ៉ាន់ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​ចោរ​មាន​គ្នា​ប្រមាណ ៥​នាក់ ប្រើ​អាវុធ​វែង​ប្រភេទ​អាកា​៤៧​មួយ​ដើម បាញ់​ចំនួន​២​គ្រាប់​កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​អាទិត្យ ទី​១៦ វិច្ឆិកា ឆ្នាំ​២០០៨ ក៏​ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ទាំង​អស់​នោះ​ទេ។

លោក ស៊ូវ៉ាន ខាំវ៉ាន់ មាន​ប្រសាសន៍​ថា ៖ «វា​ប្លន់​នេះ​មិន​មែន​នៅ​ក្នុង​ភូមិ​ទេ វា​នៅ​ដាច់​ឆ្ងាយ​ពី​គេ នៅ​តាម​ចម្ការ វា​មក​ឆ្មក់ មួយ​ភ្លែត​វា​គេច​ខ្លួន​ទៅ យើង​ពិបាក​កំណត់​មុខ​សញ្ញា។ ចូល​ទៅ​វា​បាញ់​គំរាម​ពីរ​គ្រាប់ វ៉ៃ​ជន​រង​គ្រោះ​ម្នាក់​របួស»

ជន​រង​គ្រោះ​មាន​ឈ្មោះ ហម ស្រស់ អាយុ​៥៥​ឆ្នាំ កសិករ​រស់នៅ​ភូមិ​ប៉ាតាង​លើ ស្រុក​លំផាត់ ខេត្ត​រតនគិរី ត្រូវ​ក្រុម​ចោរ​ប្លន់​យក​ប្រាក់​ចំនួន ៣០​ម៉ឺន​រៀល​និង​គ្រឿង​អលង្ការ​មាន​តម្លៃ​ប្រមាណ​៤​ជី។

កាល​ពី​ខែ​តុលា​មុន​នេះ អ្នក​ភូមិ​អូរសៀងឡែ ក្នុង​ស្រុក​លំផាត់ ក៏​ត្រូវ​ក្រុមចោរ​ប្រដាប់​អាវុធ​បាញ់​សម្លាប់​នៅ​លើ​លំនៅ ហើយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ដូចគ្នា​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មាន​ការ​ភ័យ​ខ្លាច ជា​ពិសេស​រដូវ​ប្រមូល​កសិផល​ដែល​កសិករ​ម្នាក់ៗ​ទទួល​បាន​ប្រាក់​រាប់​រយ​ពាន់​និង​ខ្លះ​រាប់​ម៉ឺន​ដុល្លារ​ពី​ការ​លក់​គ្រាប់​សណ្តែក​សៀង។

តាម​អ្នក​ភូមិ​ប៉ាតាង សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ និយាយ​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ភាគ​ច្រើន​រស់នៅ​តាម​ចម្ការ​ឆ្ងាយៗ​ពី​ភូមិ​ដើម្បី​ប្រមូល​ផល​កសិកម្ម​របស់​ខ្លួន​ដូច្នេះ​ពួកគេ​មិន​មាន​សុវត្ថិភាព​ទេ ៖ «ប៉ុន្មាន​ដង ប៉ុន្មាន​លើក​ហើយ ឮ​តែ​ចោរ​ប្លន់ មាន​អាវុធ​មាន​អី​ហ្នឹង ប្រជាពលរដ្ឋ​ទាំង​ខ្ញុំ​អី ព្រួយ​បារម្ភ។ ខែ​លក់​សណ្ដែក​អី​ហ្នឹង​គេ​មក​ប្លន់ មាន​ចោរ​ប៉ុន្មាន​ក្រុម​នោះ តាម​ព័ត៌មាន​គេ​ថា»

ចាប់​ពី​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​អុំ​ទូក​រយៈពេល​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ ខេត្ត​រតនគិរី​មាន​ផ្ទុះ​ឡើង​នូវ​អំពើ​ប្លន់​៥​ករណី​ផ្ទួនៗ​គ្នា​ក្នុង​នោះ ប្លន់​បាញ់​យក​ម៉ូតូ​ពីរ​ករណី​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ពីរ​ករណី និង​ជា​ពិសេស ប្លន់​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់​មួយ​ករណី​យក​បាន​ប្រាក់ ២៦​លាន​រៀល​និង​មាស​ជាង ៧​តម្លឹង និង​សកម្មភាព​ក្មេង​ស្ទាវ​ប៉ុនប៉ង​ចាប់​រំលោភ​ស្ត្រី​អ្នក​ទេសចរណ៍​បរទេស​មួយ​ករណី។

មន្រ្តី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បាន​ហៅ​សកម្មភាព​ផ្ទុះ​ឡើង​នូវ​អំពើ​ប្លន់​យ៉ាង​គំហុក​នេះ​ថា ជា​សញ្ញាណ​នៃ​ការ​កើន​ឡើង​នូវ​ជន​ល្មើស​ដែល​ហូរ​ចូល​ពី​បណ្តា​ខេត្ត​នានា​និង​ទីក្រុង​ភ្នំពេញ។

លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​បង្កើន​ការ​ប្រុងប្រយ័ត្ន​ទាក់ទិន​ទៅ​នឹង​មនុស្ស​ចំណូល​ថ្មី​និង​ការ​គ្រប់គ្រង​ការចរាចរ​គ្រាប់​កាំភ្លើង។

លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ទាំង​អាវុធ​ខុស​ច្បាប់ ទាំង​អាវុធ​ច្នៃ​ហ្នឹង ព្រោះ​ទាំង​អស់​ហ្នឹង​ជា​រូបភាព​មួយ​ដែល​បង្ក​ឲ្យ​បាន​ជា​រូប​ប្លន់ រហូត​ដល់​ឥឡូវ​នាំ​ចូល​គ្រាប់​អាកា​ពី​ខេត្ត​កំពង់ចាម​ទៀត»

យ៉ាង​នេះ​ក្តី របាយការណ៍​ពី​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ជន​ពាក់ព័ន្ធ​ក្នុង​អំពើ​ប្លន់​ម៉ូតូ​៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ​និង​រក​ឃើញ​ម៉ូតូ​មួយ​គ្រឿង​មក​វិញ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​ខេត្ត​កំពុង​ដាក់​ចេញ​បទ​បញ្ជា​តឹងរ៉ឹង​ក្នុង​កិច្ច​បង្រ្កាប​នេះ៕