មនុស្ស​២​នាក់​ត្រូវ​ចោរ​បាញ់​សម្លាប់​ក្នុង​ហេតុការណ៍​ប្លន់​នៅ​ខែត្រ​រតនគិរី

ម្ចាស់​កសិដ្ឋាន​ដ៏​ធំ​មួយ​នៅ​ស្រុក​កូនមុំ ខេត្ត​រតនគិរី ត្រូវ​ចោរ​ប្លន់​ប្រដាប់​អាវុធ​បាញ់​សម្លាប់​ជាមួយ​កូន​ប្រុស​ប្លន់​យក​មាស​ប្រាក់​អស់​ជា​ច្រើន។

0:00 / 0:00

សាក្សី​និយាយ​ឲ្យ​ដឹង​ថា ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​បាញ់​សម្លាប់​ម្ចាស់​កសិដ្ឋាន​មួយ​កន្លែង​និង​កូន​ប្រុស​បង្កើត​ឲ្យ​ស្លាប់ និង​ប្លន់​យក​មាស​ប្រាក់​អស់​ជា​ច្រើន កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​សៅរ៍ ទី​១៥ វិច្ឆិកា ឆ្នាំ​២០០៨។

ម្ចាស់​កសិដ្ឋាន ឈ្មោះ ពៅ ម៉ៅ ត្រូវ​ក្រុម​ចោរ​បាញ់​មួយ​គ្រាប់​ត្រូវ​ក្រោម​ទ្រូង​ស្លាប់​នៅ​ក្រោម​ផ្ទះ​ខណៈ​គាត់​កំពុង​អង្គុយ​ហូប​បាយ​ចំណែក​កូន​ប្រុស ឈ្មោះ ម៉ៅ ឌីស្កូ ត្រូវ​បាញ់​ចំនួន​ពីរ​គ្រាប់​ចំពោះ​ទឹក​ពេល​ដែល​គាត់​ត្រឡប់​ពី​ទិញ​អាហារ​ហើយ​គាប់​ជួន​ប្រទះ​ក្រុម​ចោរ​កំពុង​ធ្វើ​សកម្មភាព​ក៏​បាញ់​មក​លើ​គាត់​តែម្តង​ហើយ​បាន​ស្លាប់​ពេល​សង្រ្គោះ​ដល់​មន្ទីរ​ពេទ្យ។

សាក្សី​ក្នុង​ហេតុការណ៍​ជា​ក្មួយ​ជន​រងគ្រោះ​បញ្ជាក់ ៖ «ពីរ​នាក់​ចុះ​មក​ឃើញ​ពាក់​អាវ​ស ខោ​ខ្មៅ អត់​បិទ​មុខ​ផង យក​ក្រមា​ចង​ក្បាល។ បាញ់​ត្រូវ​កូន​ពៅ​គាត់ បាញ់​ពេល​ខ្ញុំ​មក​ដល់ មិន​ទាន់​ពន្លត់​ម៉ូតូ​ផង​គេ​បាញ់»

ចំណែក​សាក្សី​ស្រី្ត​ជា​កម្មករ​បម្រើ​ការងារ​ក្នុង​កសិដ្ឋាន​បញ្ជាក់​បន្ថែម ៖ «គេ​សម្លុត​ខ្ញុំ ក្របួច​ខ្ញុំ​ពី​នោះ​មក​ដេញ​ខ្ញុំ​ឡើង​លើ​ផ្ទះ វា​យក​លុយ យក​មាស​ខ្ញុំ​អស់​ហើយ វា​វ៉ៃ​ខ្ញុំ​មួយ​ស្វ័យ​កាំភ្លើង​ហើយ​ដាក់​មួយ​ដៃ»

កសិដ្ឋាន​ដែល​កើត​ហេតុ​ឋិត​នៅ​ចម្ងាយ​ពី​ទីរួមខេត្ត​ប្រមាណ​១៥​គីឡូម៉ែត្រ​ជាប់​ដង​ផ្លូវ​ជាតិ​លេខ​៧៨​ក្នុង​ភូមិ​ចម្ការល្ហុង ឃុំ​តាអង ស្រុក​កូនមុំ បើ​តាម​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ស្រុក​បញ្ជាក់​ថា ក្រុម​ចោរ​ប្លន់​មាន​គ្នា​ប្រមាណ​ពី​៣​ទៅ​៥​នាក់​មាន​អាវុធ​អាកា​៤៧​ចំនួន​ពីរ​ដើម​នៅ​ទី​កើត​ហេតុ​សមត្ថកិច្ច​រក​ឃើញ​សំបក​គ្រាប់​ចំនួន​បី​គ្រាប់ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​មួយ។ ជាមួយ​នោះ​ដែរ​ក្រុម​ចោរ​បាន​បន្សល់​ស្បែក​ជើង​ផ្ទាត់​មួយ​គូរ​នៅ​ក្បែរ​នោះ​ដែរ។

មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​កូនមុំ លោក ទុយ គឹមហ៊ួន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​ប្រមាណ​៣០​នាទី​ប្លន់​បាញ់​សម្លាប់​រួច​ប្រើ​ដំបង​និង​ខ្នង​ពូថៅ​វាយ​គំរាម​ភរិយា​ម្ចាស់​កសិដ្ឋាន​និង​កម្មករ​ដោះ​យក​គ្រឿង​អលង្ការ និង​បង្ខំ​ឲ្យ​បង្ហាញ​ទី​លាក់​ទ្រព្យ​សម្បត្តិ ហើយ​ឡើង​លើ​ផ្ទះ​រើ​កកាយ​ពុះ​បំបែក​ទូ​យក​ទ្រព្យ​សម្បត្តិ​បន្ថែម​ទៀត​ទើប​នាំ​គ្នា​រត់​គេច​ខ្លួន។

លោក ទុយ គឹមហ៊ួន បាន​មាន​ប្រសាសន៍​ថា ៖ «អ្នក​ដែល​បាន​មើល​ឃើញ​ច្បាស់ វា​ជួត​ក្បាល​ក្រមា មួយ​ទៀត​រត់​ថយ​ទៅ​ក្រោយ អា​ពីរ​នាក់​រត់​ចុះ​មក បាញ់​អា​អូន។ កាំភ្លើង​ពីរ​ដើម»

ក្រោយ​ហេតុការណ៍​ប៉ូលិស​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ឈ្មោះ រុន ដែល​ធ្លាប់​មាន​ទំនាក់​ស្គាល់​ម្ចាស់​កសិដ្ឋាន​ហើយ​តែ​ប៉ុន្មាន​ម៉ោង​នៃ​ការកើត​ហេតុ​បុរស​នោះ​មាន​វត្តមាន​នៅ​ទី​នោះ ក៏ប៉ុន្តែ​ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី លោក សូវ៉ាន់ ខាំវ៉ាន់ មិន​ធ្វើ​អត្ថាធិប្បាយ​ពិស្តារ​ទាក់ទិន​ទៅ​នឹង​ការឃាត់​ខ្លួន​បុរស​សង្ស័យ​នោះ​ទេ​ក្រោម​ហេតុផល​ថា​កំពុង​ស៊ើប​អង្កេត។

យ៉ាង​នេះ​ក្តី​ប្រភព​ស្និទ្ធ​នឹង​គ្រួសារ​ជន​រងគ្រោះ​បង្ហើប​ឲ្យ​ដឹង​ថា គ្រឿង​អលង្ការ​ជា​មាស​និង​ផ្លាទីន​ជាង​៧​ដំឡឹង​ប្រាក់​ប្រមាណ​២៦​លាន​រៀល​ត្រូវ​ចោរ​ប្លន់​យក​បាន។

នៅ​ខេត្ត​រតនគិរី​ចាប់​ពី​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​អំពើ​ប្លន់​កើត​មាន​៤​ករណី​ផ្ទួនៗ​គ្នា​ក្នុង​នោះ​ប្លន់​បាញ់​យក​ម៉ូតូ​ពីរ​គ្រឿង​ពីរ​ករណី ប្លន់​យក​ប្រាក់​មួយ​ករណី​ប្លន់​បាញ់​សម្លាប់​មួយ​ករណី​និង​សកម្មភាព​ក្មេង​ស្ទាវ​ប៉ុនប៉ង​ចាប់​រំលោភ​ស្ត្រី​អ្នក​ទេសចរណ៍​បរទេស​មួយ​ករណី ក្នុង​នោះ​ប៉ូលិស​ចាប់​បាន​ជន​ពាក់ព័ន្ធ​ប្លន់​ម៉ូតូ​បី​នាក់​និង​រក​ឃើញ​ម៉ូតូ​មួយ​គ្រឿង​មក​វិញ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក​ខេត្ត​រតនគិរី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុង​ប្រយ័ត្ន​ទុក​ដាក់​ទ្រព្យ​សម្បត្តិ​លុយ​កាក់​ដែល​បាន​មក​ពី​ការប្រមូល​ផល​សណ្តែក​សៀង​នា​រដូវ​ប្រមូល​ផល​នេះ៕