ការថ្លែងរបស់លោក Robert Petit បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍កាលពីរសៀលថ្ងៃពុធ ទី២៤ មិថុនា ក្រោយពេលដែលលោកចេញផ្សាយសេចក្តីប្រកាសព័ត៌មានអំពីការចាកចេញរបស់លោកកាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនានេះមក។
លោក Robert Petit ថ្លែងអំពីការសម្រេចចិត្តចាកចេញរបស់លោកដូច្នេះ ៖ "មូលហេតុទាំងនោះគឺទាក់ទងផ្ទាល់ទៅនឹងបញ្ហាគ្រួសាររបស់ខ្ញុំ បញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំតែម្ដង។ ពិតជាមិនទាក់ទងទៅនឹងការទទួលខុសត្រូវខាងវិជ្ជាជីវៈឬការងាររបស់ខ្ញុំនៅតុលាការនោះទេ"។
ការថ្លែងរបស់លោក Robert Petit នៅក្នុងសន្និសីទកាសែតបានធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៊ីវិលចំនួន៦បានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយសម្តែងអំពីការព្រួយបារម្ភរបស់ខ្លួនថា ការចាកចេញរបស់លោក រ៉ូបែរត៍ ប៉ឺទី អាចប៉ះពាល់ដល់ដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
លោក ឡុង បញ្ញាវុឌ្ឍ ប្រធានអង្គការគម្រោងយុត្តិធម៌នៅកម្ពុជាដែលជាសមាជិកមួយរូបនៃសេចក្តីថ្លែងការណ៍រួមបានថ្លែងថា ៖ «យើងយល់ឃើញថា ការចាកចេញរបស់លោក Robert Petit នេះ ហាក់ដូចជាបន្ទាន់ហើយភ្លាមៗពេក ហើយយើងគិតថាវាអាចប៉ះពាល់ទៅដល់ផែនការយុទ្ធសាស្រ្ដរួមរបស់ការិយាល័យសហព្រះរាជអាជ្ញាហ្នឹងទៅលើដំណើការសវនាការក្ដីរឿង ឌុច និងទៅលើដំណើរការសាលាក្ដីទាំងមូល ដូចឧទាហរណ៍សំណុំរឿង០០២ និងទៅលើសំណុំរឿងដែលកំពុងតែឈ្លោះគ្នានេះ»។
លោក Robert Petit ក៏បានច្រានចោលផងដែរដែលថាការសម្រេចចាកចេញរបស់លោកធ្វើឡើងជួនគ្នានឹងបញ្ហាខ្វែងគំនិតគ្នារវាងលោកនិងសហព្រះរាជអាជ្ញាកម្ពុជាស្តីពីការដែលលោកស្នើសុំឱ្យមានការចោទប្រកាន់អតីតមេដឹកនាំខ្មែរក្រហមមួយចំនួនបន្ថែមទៀតនោះ។ លោកថ្លែងថាបញ្ហាពីរនេះមានពេលវេលាខុសគ្នា។
សូមជម្រាបដែរថា កាលពីចុងឆ្នាំមុន លោក Robert Petit បានស្នើសុំឲ្យសាលាក្តីចោទប្រកាន់អតីតមេដឹកនាំខ្មែរក្រហមបន្ថែមលើចំនួនអតីតមេដឹកនាំខ្មែរក្រហម៥រូបដែលកំពុងជាប់ឃុំបណ្តោះអាសន្ននៅមន្ទីរឃុំឃាំងនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាសព្វថ្ងៃនេះ។ ក៏ប៉ុន្តែសំណើរបស់លោកត្រូវបានលោកស្រី ជា លាង សហមេធាវីជាតិកម្ពុជាជំទាស់ដោយលើកសំអាងថា គឺដើម្បីរក្សាសន្តិភាពនិងស្ថិរភាពសង្គមកម្ពុជា។
លោក Robert Petit ថ្លែងថា ជាង២០ឆ្នាំមកហើយទាំងពេលលោកនៅក្នុងប្រទេសកាណាដាទាំងនៅបរទេស លោកមានជំនឿថាការខិតខំលើកស្ទួយនីតិរដ្ឋគឺជាកត្តាសំខាន់បំផុតក្នុងការធានាសន្តិភាព ស្ថិរភាពនិងយុត្តិធម៌៕
