រ៉ុង ឈុន ស្នើ​តុលាការ​ជួប ម៉ម សូណង់ដូ និង​ទាមទារ​ដោះ​លែង​នៅ​ក្រៅ​ឃុំ

តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ស្នើ​ឲ្យ​តុលាការ​ពិចារណា​ដោះ​លែង​លោក ម៉ម សូណង់ដូ ដែល​កំពុង​មាន​ជំងឺ​ក្នុង​ពន្ធនាគារ​ព្រៃស ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

0:00 / 0:00

លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​សីហា លោក​រំលឹក​ដោយ​ហួស​ចិត្ត​ថា តុលាការ​ចោទ​លោក ម៉ម សូណង់ដូ ថា​ជា​អ្នក​ដឹកនាំ​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល នៅ​ខេត្ត​ក្រចេះ នោះ​គឺ​ជា​រឿង​មួល​បង្កាច់។ លោក​ស្នើ​ឲ្យ​តុលាការ​ពិចារណា​ដោះ​លែង​លោក ម៉ម សូណង់ដូ ឲ្យ​នៅ​ក្រៅ​ឃុំ ដើម្បី​ព្យាបាល​ជំងឺ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា លោក រ៉ុង ឈុន បាន​សរសេរ​លិខិត​ជូន​លោក ជីវ កេង ប្រធាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ស្នើ​ចូល​ជួប​សួរ​សុខទុក្ខ​លោក ម៉ម សូណង់ដូ ក្នុង​ពន្ធនាគារ​ព្រៃស នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១២។

លោក រ៉ុង ឈុន៖ «ករណី​លោក ម៉ម សូណង់ដូ គាត់​ហ៊ាន​ហោះ​យន្តហោះ​ពី​សហរដ្ឋអាមេរិក ចូល​មក​កម្ពុជា។ អ៊ីចឹង គាត់​មិន​គេចវេស​ពី​ប្រព័ន្ធ​តុលាការ ឬ​ការ​កោះ​ហៅ​របស់​តុលាការ​ទេ ដូច្នេះ​យើង​មិន​ចាំ​បាច់​ឃុំ​ឃាំង​ខ្លួន​គាត់​នោះ​ទេ គឺ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​ក្រោយ​វា​មិន​ជា​បញ្ហា​អី​ទេ។ បើ​យើង​មើល​លើ​អង្គហេតុ​ចោទ​ប្រកាន់​ទៅ​លើ​រូប​គាត់ វា​អត់​មាន​អង្គហេតុ​ណា​សមរម្យ ហើយ​គ្មាន​ធាតុ​ណា​គ្រប់គ្រាន់ ដែល​ចោទ​ប្រកាន់​គាត់​ថា ធ្វើ​តំបន់​អបគមន៍​នោះ​ទេ»

ប៉ុន្តែ​លោក​ថា មក​ដល់​ល្ងាច​ថ្ងៃ​អង្គារ ទី​២៨ ខែ​សីហា តុលាការ​មិន​ទាន់​ឆ្លើយ​តប​លិខិត​របស់​លោក​នៅ​ឡើយ​ទេ។

លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ មាន​អាយុ​៧២ឆ្នាំ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២។

តុលាការ​បាន​ចោទ​លោក ម៉ម សូណង់ដូ ចំនួន​៤​ករណី គឺ​ពាក់ព័ន្ធ​ចាប់​ដី​ខុស​ច្បាប់ និង​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល ប្រព្រឹត្តិ​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

ទាក់​ទង​បញ្ហា​នេះ តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រោង​លើក​យក​សំណុំ​រឿង​ក្តី​លោក ម៉ម សូណង់ដូ មក​បើក​សវនាការ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២។

លោក សុក សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ការពារ​ក្តី​លោក ម៉ម សូណង់ដូ ជា​ថ្មី​ម្ដង​ទៀត លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ថា កូន​ក្តី​លោក​មិន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ចាប់​ដី​ខុស​ច្បាប់ ឬ​បង្កើត​តំបន់​អបគមន៍​ដូច​តុលាការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​ថា ករណី​អាជ្ញាធរ​បង្ក្រាប​ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ គឺ​ជា​ទំនាស់​ដីធ្លី​រវាង​អ្នក​ភូមិ​ខ្វះ​ដី​ធ្វើ​ស្រែ​ចម្ការ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​ទៅ​វិញ​ទេ ហើយ​ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​គ្មាន​ឯកសារ និង​មាន​លក្ខណៈ​នយោបាយ។

លោក សុក សំអឿន៖ «បើ​យើង​មើល​ពី​បញ្ហា វា​មិន​មែន​ជា​រឿង​អបគមន៍​អី​ទេ គឺ​ជា​រឿង​ប្រជាពលរដ្ឋ​ទាមទារ​ដី​ជាមួយ​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ។ ដូច្នេះ បើ​យើង​គិត​មើល​ភស្តុតាង គឺ​អត់​មាន​បង្កើត​តំបន់​អបគមន៍​អី​ទេ វា​ជា​ចំណុច​មួយ។ ប៉ុន្តែ បញ្ហា​ដែល​សំខាន់ គឺ​អ្វី​ដែល​កើត​មាន​នៅ​ឃុំ​កំពង់ដំរី គេ​ធ្វើ​ហ្នឹង គឺ​អត់​ជាប់​ពាក់ព័ន្ធ​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ សោះ។ និយាយ​រួម​ទៅ ដោយ​សារ​តែ​មាន​អ្នក​ឆ្លើយ​ដាក់​ពាក់ព័ន្ធ​តិចតួច ឆ្លើយ​យ៉ាង​ស្រាល​បំផុត។ ប៉ុន្តែ រឿង​នេះ​ក្រែងលោ​ជា​កាតព្វកិច្ច​របស់​តុលាការ សម្រាប់​ព្រះរាជ​អាជ្ញា​សម្រាប់​គេ​ស៊ើប​អង្កេត​អី​មិន​ដឹង​ទេ ប៉ុន្តែ​បើ​យើង​មើល​ពី​ភស្តុតាង វា​អត់​មាន​ទេ»

លោក ម៉ម សូណង់ដូ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ ក្រោម​បទ​ចោទ​៤​ករណី។ តុលាការ​បាន​ចោទ​រូប​លោក​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ហេតុការណ៍​ដែល​រដ្ឋាភិបាល​ចោទ ក្រុម​អ្នក​ភូមិ​ជា​សាខា​សមាគម​អ្នក​ប្រជាធិបតេយ្យ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ថា​បាន​ចាប់​ដី​ខុស​ច្បាប់ និង​បង្កើត​តំបន់​អបគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។