ការទាមទារដោយមានបិទផ្លូវនេះ ក្រុមអ្នកតវ៉ាទាមទារសូមឲ្យតុលាការខេត្តព្រះសីហនុ ផ្អាកសកម្មភាពចុះអនុវត្តសាលក្រមរិបអូសយកដីរបស់ពួកគាត់ ដែលតុលាការគ្រោងធ្វើនៅថ្ងៃទី៤ វិច្ឆិកា ខាងមុខ។
ការបិទផ្លូវដើម្បីតវ៉ានេះ បានបណ្ដាលឲ្យស្ទះចរាចរ មិនអាចឲ្យអ្នកធ្វើដំណើរចេញចូលទៅមកបានឡើយក្នុងរយៈពេលជិត ៤ម៉ោង គិតចាប់ពីម៉ោងប្រមាណ ៨ព្រឹក រហូតដល់ ម៉ោងជិត១២ ថ្ងៃត្រង់។
សមត្ថកិច្ចក្រុងព្រះសីហនុកំពុងព្យាយាមសម្របសម្រួលជាមួយប្រជាពលរដ្ឋអ្នកតវ៉ា សុំឲ្យពួកគាត់ចេញទៅឈរតវ៉ាតាមចិញ្ចើមផ្លូវទាំងសងខាង ដើម្បីសម្រួលចរាចរបើកផ្លូវឲ្យអ្នកដំណើរឆ្លងកាត់ដំបន់នោះ អាចចេញចូលទៅមកបាន។ ប៉ុន្តែក្រុមប្រជាពលរដ្ឋអះអាងថា បើពុំទាន់មានដំណោះស្រាយណាមួយនោះទេ ពួកគាត់ក៏មិនទាន់យល់ព្រមបើកផ្លូវនោះដែរ៕
