ព្រះមហាវីរក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ និងព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ មានគម្រោងយាងចាកចេញពីព្រះរាជដំណាក់ក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជាទៅកាន់ទីក្រុងប៉េកាំង ប្រជាមានិតចិន ដើម្បីឲ្យគ្រូពេទ្យតាមដាននិងពិនិត្យព្រះរោគព្រះអង្គ នាថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា។
ព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ (ខាងស្ដាំ) សម្ដេចព្រះអគ្គមហេសី នរោត្តម មុនីនាថ សីហនុ (កណ្ដាល) និង ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី (ខាងឆ្វេង) ក្នុងឱកាសយាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី៨ មេសា ២០០៧។
លោក អ៊ុំ ដារ៉ាវុធ មន្ត្រីខុទ្ទកាល័យព្រះមហាក្សត្រ បានមានប្រសាសន៍កាលពីល្ងាចថ្ងៃអង្គារ ទី០១ ខែកញ្ញា ថា ព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហមុនី ព្រះអង្គក៏នឹងអមដំណើរព្រះបិតានិងមាតាយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ផងដែរ។
មន្ត្រីដដែលបានមានប្រសាសន៍ថា តាមព្រះរាជសារព្រះមហាវីរក្សត្រខ្មែរ នរោត្តម សីហនុ នឹងគង់នៅប្រទេសចិនរយៈពេល ៦ខែដើម្បីឲ្យគ្រូពេទ្យតាមដានព្រះរោគ។
លោក អ៊ុំ ដារ៉ាវុធ ថ្លែងយ៉ាងដូច្នេះ ៖ «លោកមានព្រះរាជសារផ្ញើជូនជនរួមជាតិរបស់ព្រះអង្គ ថា លោកនឹងយាងទៅ ៣ខែ ដើម្បីព្យាបាលព្រះរោគរបស់លោក ហើយទី២ លោកនឹងនៅត្រួតពិនិត្យរហូតខែ២ ឆ្នាំ២០១០ គឺ៦ខែយើងគិតទៅ។ ឧបមាថា គ្មានបញ្ហាព្រះរាជសុខភាពទេ លោកនឹងយាងមាតុភូមិនិវត្តន៍»។
លោក កែវ ពុទ្ធរស្មី ជាព្រះរាជសុណិសារបស់ព្រះមហាវីរក្សត្រ បានមានប្រសាសន៍ថា ព្រះរាជសុខភាពរបស់ព្រះអង្គ គឺមិនមានអ្វីគួរឲ្យព្រួយបារម្ភទេ ហើយទោះបីព្រះមហាវីរក្សត្រគង់នៅក្រុងប៉េកាំង មួយរយៈក៏ដោយ ក៏ព្រះអង្គនៅតែបន្តព្រះសកម្មភាពមនុស្សធម៌ចំពោះប្រជារាស្ត្រព្រះអង្គ។
លោក កែវ ពុទ្ធរស្មី មានប្រសាសន៍ដូច្នេះថា ៖ «តាមខ្ញុំឃើញច្បាស់គឺមិនគួរព្រួយបារម្ភទេ ព្រោះខ្ញុំបានគាល់លោក ២ដង កន្លងទៅនេះ ព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ រោគមហារីក ចិនបានព្យាបាលកន្លងមកនោះ គឺថាក្រៀមស្ងួតស្ទើរទាំងអស់ទៅហើយ ប៉ុន្តែនៅក្នុងព្រះជន្មាយុលោកជរាទៅហើយនោះ ប្រទេសចិនយកចិត្តទុកដាក់ធ្វើយ៉ាងណាកុំឲ្យងើបមកវិញនូវជំងឺមហារីកនេះ។ ដូច្នេះហើយបានជាគេបានស្នើយាងព្រះអង្គទៅវិញ ដើម្បីគេធ្វើការត្រួតពិនិត្យ»។
តាមទូរទស្សន៍ជាតិកម្ពុជា ដែលបានចាក់ផ្សាយរូបភាពព្រះមហាវីរក្សត្រកាលពីថ្ងៃទី៣០ ខែសីហា កន្លងមក ព្រះអង្គបានមានព្រះបន្ទូលថា បន្ទាប់ពីគ្រូពេទ្យចិនបញ្ចប់ការតាមដានព្រះរោគមហារីក ព្រះអង្គនិងព្រះរាជអគ្គមហេសី នឹងយាងត្រឡប់មកគង់នៅក្នុងព្រះរាជដំណាក់ខេត្តសៀមរាបវិញ ដោយបន្តព្រះរាជសកម្មភាពមនុស្សធម៌ជាមួយប្រជារាស្ត្រក្រីក្ររបស់ព្រះអង្គ។
សូមរំឭកថា ព្រះមហាវីរក្សត្រនិងព្រះរាជអគ្គមហេសី បានយាងពីទីក្រុងប៉េកាំងមកគង់នៅព្រះរាជដំណាក់ខេត្តសៀមរាប ជិត ២ខែមកហើយ តាំងពីថ្ងៃទី៩ ខែកក្កដាមក៕
ព្រះមហាក្សត្រយាងពន្លត់ភ្លើងជ័យនៃបុណ្យឯករាជ្យជាតិទី៥៦
ព្រះមហាវីរក្សត្រផ្ញើលិខិតជូនថ្នាក់ដឹកនាំស្ដីពីបញ្ហាព្រំដែន
កម្ពុជាប្រារព្ធខួបទី៥៦នៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ព្រះរាជជីវប្រវត្តិនិងបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រ
ទស្សនៈនានាជុំវិញព្រះរាជកិច្ចរបស់ព្រះមហាក្សត្រខ្មែរ
អតីតព្រះមហាក្សត្រមិនចង់មានព្រះជន្មរស់នៅយូរអង្វែង
ព្រះមហាក្សត្រខ្មែរយាងនិវត្តពីប្រទេសចិនវិញហើយ
ព្រះមហាវីរក្សត្រកោតសរសើរពលរដ្ឋចំពោះការថែរក្សាបូរណភាពទឹកដី
អតីតព្រះមហាក្សត្រគង់ប្រថាប់នៅព្រះរាជដំណាក់ខេត្តសៀមរាប