លោក អ៊ុំ ដារ៉ាវុធ មន្ត្រីខុទ្ទកាល័យព្រះមហាក្សត្រ បានមានប្រសាសន៍កាលពីល្ងាចថ្ងៃអង្គារ ទី០១ ខែកញ្ញា ថា ព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហមុនី ព្រះអង្គក៏នឹងអមដំណើរព្រះបិតានិងមាតាយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ផងដែរ។
មន្ត្រីដដែលបានមានប្រសាសន៍ថា តាមព្រះរាជសារព្រះមហាវីរក្សត្រខ្មែរ នរោត្តម សីហនុ នឹងគង់នៅប្រទេសចិនរយៈពេល ៦ខែដើម្បីឲ្យគ្រូពេទ្យតាមដានព្រះរោគ។
លោក អ៊ុំ ដារ៉ាវុធ ថ្លែងយ៉ាងដូច្នេះ ៖ «លោកមានព្រះរាជសារផ្ញើជូនជនរួមជាតិរបស់ព្រះអង្គ ថា លោកនឹងយាងទៅ ៣ខែ ដើម្បីព្យាបាលព្រះរោគរបស់លោក ហើយទី២ លោកនឹងនៅត្រួតពិនិត្យរហូតខែ២ ឆ្នាំ២០១០ គឺ៦ខែយើងគិតទៅ។ ឧបមាថា គ្មានបញ្ហាព្រះរាជសុខភាពទេ លោកនឹងយាងមាតុភូមិនិវត្តន៍»។
លោក កែវ ពុទ្ធរស្មី ជាព្រះរាជសុណិសារបស់ព្រះមហាវីរក្សត្រ បានមានប្រសាសន៍ថា ព្រះរាជសុខភាពរបស់ព្រះអង្គ គឺមិនមានអ្វីគួរឲ្យព្រួយបារម្ភទេ ហើយទោះបីព្រះមហាវីរក្សត្រគង់នៅក្រុងប៉េកាំង មួយរយៈក៏ដោយ ក៏ព្រះអង្គនៅតែបន្តព្រះសកម្មភាពមនុស្សធម៌ចំពោះប្រជារាស្ត្រព្រះអង្គ។
លោក កែវ ពុទ្ធរស្មី មានប្រសាសន៍ដូច្នេះថា ៖ «តាមខ្ញុំឃើញច្បាស់គឺមិនគួរព្រួយបារម្ភទេ ព្រោះខ្ញុំបានគាល់លោក ២ដង កន្លងទៅនេះ ព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ រោគមហារីក ចិនបានព្យាបាលកន្លងមកនោះ គឺថាក្រៀមស្ងួតស្ទើរទាំងអស់ទៅហើយ ប៉ុន្តែនៅក្នុងព្រះជន្មាយុលោកជរាទៅហើយនោះ ប្រទេសចិនយកចិត្តទុកដាក់ធ្វើយ៉ាងណាកុំឲ្យងើបមកវិញនូវជំងឺមហារីកនេះ។ ដូច្នេះហើយបានជាគេបានស្នើយាងព្រះអង្គទៅវិញ ដើម្បីគេធ្វើការត្រួតពិនិត្យ»។
តាមទូរទស្សន៍ជាតិកម្ពុជា ដែលបានចាក់ផ្សាយរូបភាពព្រះមហាវីរក្សត្រកាលពីថ្ងៃទី៣០ ខែសីហា កន្លងមក ព្រះអង្គបានមានព្រះបន្ទូលថា បន្ទាប់ពីគ្រូពេទ្យចិនបញ្ចប់ការតាមដានព្រះរោគមហារីក ព្រះអង្គនិងព្រះរាជអគ្គមហេសី នឹងយាងត្រឡប់មកគង់នៅក្នុងព្រះរាជដំណាក់ខេត្តសៀមរាបវិញ ដោយបន្តព្រះរាជសកម្មភាពមនុស្សធម៌ជាមួយប្រជារាស្ត្រក្រីក្ររបស់ព្រះអង្គ។
សូមរំឭកថា ព្រះមហាវីរក្សត្រនិងព្រះរាជអគ្គមហេសី បានយាងពីទីក្រុងប៉េកាំងមកគង់នៅព្រះរាជដំណាក់ខេត្តសៀមរាប ជិត ២ខែមកហើយ តាំងពីថ្ងៃទី៩ ខែកក្កដាមក៕
