មន្ត្រី​ក្រសួង​កសិកម្ម​ប្រតិកម្ម​ចំពោះ​ការចោទ​របស់​ក្រុម​សាមគ្គី​ចម្ការ​កៅស៊ូ

មន្ត្រី​អគ្គនាយកដ្ឋាន​ចម្ការ​កៅស៊ូ​ក្រសួង​កសិកម្ម​ប្រតិកម្ម​នៅ​ថ្ងៃ​អង្គារ ទី​៤ វិច្ឆិកា ឆ្នាំ​២០០៨ ថា ចម្ការ​កៅស៊ូ​នៅ​ខេត្ត​រតនគិរី គឺ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ហើយ​ហៅ​ទង្វើ​របស់​ឈ្មួញ​ដែល​អះអាង​ថា ក្រុម​សាមគ្គី​គឺ​ជា​ចម្ការ​កៅស៊ូ​គ្រួសារ​ជា​ចេតនា​បំភ័ន្ត​ដើម្បី​រំលោភ​យក​ចម្ការ​កៅស៊ូ​រដ្ឋ​ធ្វើ​ជា​សម្បត្តិ​ឯកជន។

0:00 / 0:00

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចម្ការ​កៅស៊ូ​លោក លី ផល្លា ប្រតិកម្ម ៖ «ដី​ហ្នឹង​ដី​របស់​រដ្ឋ​ទេ​តើ! សុំ​ឲ្យ​និយាយ​ការពិត កុំ​បផ្លើស។ ដោយសារ​ពិបាក​គ្រប់គ្រង​ពេក ខេត្ត​ស្នើ​ឲ្យ​ក្រសួង​លុប​ទៅ ដើម្បី​បង្កើត​អាជីវកម្ម​វិញ​ទៅ ព្រោះ​ស្មុគស្មាញ​ណាស់»

ប្រតិកម្ម​នេះ​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​មនុស្ស​ប្រមាណ ៨០​នាក់ ដែល​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ខេត្ត​រតនគិរី​មក​កាន់​រដ្ឋសភា ទីស្តីការ​គណៈរដ្ឋមន្ត្រី​និង​ក្រសួង​យុត្តិធម៌​ដើម្បី​ធ្វើការ​តវ៉ា​ចំពោះ​អ្វី​ដែល​ពួកគេ​អះអាង​ថា ចម្ការ​កៅស៊ូ​ក្រុម​សាមគ្គី​គ្រួសារ​របស់​ពួកគេ​ត្រូវ​បាន​ក្រុមហ៊ុន​តាយសេង ដែល​វិនិយោគ​ចម្ការ​កៅស៊ូ​រដ្ឋ ប្រើ​ឧបាយកល​រឹបអូស​ដើម្បី​គ្រប់គ្រង។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​បាន​ស្រង់​សេចក្តី​តវ៉ា​និង​ការ​ចោទ​ប្រកាន់​យ៉ាង​ដូច្នេះ ៖ «គាត់​បាន​ក្លែង​ឯកសារ​ដើម្បី​បំភ័ន្ត បោកប្រាស់​អាជ្ញាធរ​យក​កៅស៊ូ​គ្រួសារ​ខ្ញុំ​ដោយ​ស្រប​ច្បាប់»

ប្រធាន​ការិយាល័យ​បច្ចេកទេស​ក្រុមហ៊ុន​តាយសេង លោក ឱម ណាន ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​ដូច្នេះ​ថា ៖ «ឆែ ចាន់ មិន​មែន​ឈ្មោះ​ប្រធាន​ក្រុម​សាមគ្គី​ទេ អ្នក​នោះ​ឯង​មក​ទិញ​កៅស៊ូ​ហ្នឹង រក​តែ​ចាប់​កម្មករ​ដាក់​គុក ចំនួន​២​នាក់​ទៀត»

អាជ្ញាធរ​ខេត្ត​រតនគិរី​សម័យ​រដ្ឋកម្ពុជា​បាន​សម្រេច​រក្សា​ទុក​ចម្ការ​កៅស៊ូ​បន្សល់ទុក​ពី​សម័យ​មុន​ជា​សម្បត្តិ​រដ្ឋ ហើយ​បាន​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុម​សាមគ្គី ៣៤​ក្រុម ផលិត​ជ័រ​លក់​ឲ្យ​រដ្ឋ ហើយ​រហូត​ដល់​ឆ្នាំ​១៩៩៧ រដ្ឋាភិបាល​បាន​វិនិយោគ​ចម្ការ​កៅស៊ូ​រដ្ឋ​ទាំង​អស់​ជិត ៣.០០០​ហិកតារ​នៅ​ខេត្ត​រតនគិរី ទៅ​ឲ្យ​ក្រុមហ៊ុន​តាយសេង ក្នុង​នោះ​រាប់​បញ្ចូល​ក្រុម​សាមគ្គី​ទាំង​៣៤​ក្រុម ក្នុង​លក្ខខណ្ឌ​លក់​ជ័រ​ទៅ​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​ភារកិច្ច​បង់​ពន្ធ​សម្រាប់​ការ​វិនិយោគ​នេះ។

មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បញ្ចេញ​ទស្សនៈ​ជុំវិញ​បញ្ហា​នេះ ៖ «យើង​លក់​របស់​រដ្ឋ អ្នក​ទិញ​ក៏​ខុស អាជ្ញាធរ​ត្រូវ​តែ​ធ្វើការ​ស៊ើប​អង្កេត ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ ត្រូវ​តែ​មាន​ដំណោះស្រាយ​សមរម្យ​សម្រាប់​ពួកគាត់»

មន្ត្រី​គ្រប់គ្រង​ស្ថិតិ​ចម្ការ​កៅស៊ូ​រដ្ឋ​ខេត្ត​រតនគិរី នៃ​ក្រសួង​កសិកម្ម លោក ហែម សុផល បញ្ជាក់​ថា ក្រុម​សាមគ្គី​ត្រូវ​បាន​ក្រសួង​ប្រកាស​រំសាយ​និង​រៀបចំ​កម្មករ​ជាមួយ​មេ​ក្រុម​សាមគ្គី​ជា​ភូមិ​ផលិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​វិញ។

រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្រ្តី លោក ប៊ុន អ៊ុយ បញ្ជាក់ ៖ «ស៊ីញ៉េ​នេះ​ចេញ​ពី​ក្រសួង​កសិកម្ម​ទៅ​សម្ដេច ហើយ​សម្ដេច​លោក​ចារ​ហើយ បាន​យក​មក​ធ្វើ ស.ជ.ណ.​វិញ»

មន្រ្តី​ប៉ូលិស​ខេត្ត​រតនគិរី​មាន​ប្រសាសន៍​ថា សមាជិក​ក្រុម​សាមគ្គី​បាន​គំរាម​ប្រើ​អំពើ​ហិង្សា​លើ​មន្រ្តី​ណា​ដែល​ចុះ​មក​រារំាង​ក្រុម​សាមគ្គី ហើយ​កាល​ពី​ថ្ងៃ​ទី​១០ តុលា សមាជិក​ក្រុម​សាមគ្គី​ប្រមាណ ៣០​នាក់​បាន​ដុត​កម្ទេច​រថយន្ត​មួយ​គ្រឿង​ដែល​ពួកគេ​ប៉ុនប៉ង​បើក​សម្រុក​ចេញ​ពី​ការ​រារាំង​របស់​សមត្ថកិច្ច​នាំ​ជ័រ​កៅស៊ូ​ប្រមាណ ២​តោន​ទៅ​លក់​នៅ​ទីផ្សារ​សេរី។ ហើយ​ក្នុង​ករណី​នេះ មេខ្លោង​ក្រុម​សាមគ្គី​៦​នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត បំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ​និង​បង្ក​អសន្តិសុខ​តាម​ផ្លូវ​សាធារណៈ៕