មន្ត្រីខេត្តរតនគិរីរាយការណ៍ថាយ៉ាងហោចណាស់មានជ័រកៅស៊ូបង្កកប្រមាណ២០០តោនត្រូវបានគេលួចរត់ពន្ធចេញពីចម្ការកៅស៊ូខេត្តរតនគិរី ដើម្បីលក់ចេញទៅទីផ្សារសេរីដោយក្រុមអ្នករត់ពន្ធប្រដាប់អាវុធ ។
ប្រធានក្រុមបង្រ្កាបនៃនគរបាលខែត្ររតនគិរី លោក សៀ សាវុទ្ធី បញ្ជាក់ថាក្រុមអ្នករត់ពន្ធប្រដាប់អាវុធបានប្រើប្រាស់រថយន្តពី២ទៅ៣គ្រឿង ធ្វើសកម្មភាពទប់ទល់ជាមួយក្រុមបង្រ្កាបដោយគ្មានញញើតច្បាប់ចាប់តាំងពីខែមេសាឆ្នាំ២០០៨មក ។
លោក សៀ សាវុទ្ធី បានឲ្យដឹងថា ៖ «ពួកគេ... សុទ្ធតែកាំបិតទៀត ។ ថ្ងៃមុនហ្នឹងគឺមានទាហានហើយគេមានទាំងអាវុធគេដាក់នៅឡានទៀត បើរូបភាពវិញវាបិទជាប់តែម្ដង ជួនកាល២បិទយើង១អ៊ីចឹង» ។
ក្រុមហ៊ុន តាយសេង នីហរ័ណ អាហរ័ណ បានទទួលសិទ្ធិវិនិយោគចម្ការកៅស៊ូរដ្ឋនៅខែត្ររតនគិរីជាង២៣០០ហិកតា ដោយធ្វើការបង់ពន្ធជូនរដ្ឋប្រមាណ៧០ម៉ឺនដុល្លារក្នុងមួយឆ្នាំៗលើទីតាំងវិនិយោគនិងពន្ធនាំចេញ ហើយកាលពីឆ្នាំ២០០៦-២០០៧ សកម្មភាពរត់ពន្ធជ័រកៅស៊ូកើតមានម្តងរួចទៅហើយដោយបុគ្គលជាមន្រ្តីក្នុងកងកម្លាំងប្រដាប់អាវុធប្រចាំខេត្ត ធ្វើឲ្យមានភាពអនាធិតេយ្យប្រឈមមុខដោយអាវុធកើតមានជាញឹកញាប់ ។
នាយកក្រុមហ៊ុន តាយសេង លោក លី ហុងស៊ីន មានប្រសាសន៍បញ្ជាក់ថាបុគ្គលិកក្រុមហ៊ុងក៏បានរងការគំរាមកំហែងដល់អាយុជីវិតនិងមានការផ្ទុះអាវុធដោយសារការពារជ័រកៅស៊ូកុំឲ្យមានការរត់ពន្ធនោះ ។
លោកថាក្រុមសមត្ថកិច្ចខេត្តដែលសហការទប់ស្កាត់មានលទ្ធភាពតិចតួចណាស់ក្នុងការលុបបំបាត់សកម្មភាពរត់ពន្ធនោះ ៖ «យើងបាត់ចំណូលទៅយើងអត់មានថវិកាបង់ចូលរដ្ឋ ពួកហ្នឹងរត់ចេញទៅសុទ្ធតែអាងខ្លួនឯងយោធា សុទ្ធតែគំរាមសមត្ថកិច្ច គំរាមក្រុមហ៊ុន រកវ៉ៃរកដុតរកបាញ់ហ្នឹង ។ ខ្ញុំសង្ឃឹមថាឲ្យខាងអាជ្ញាធរប្រឹងប្រែងឬក៏ត្រូវជួយគ្នាចាប់» ។
ទីស្តីការគណៈរដ្ឋមន្រ្តីបានសម្រេចឲ្យមានក្រុមសមត្ថកិច្ចទប់ស្កាត់ការរត់ពន្ធជ័រកៅស៊ូនៅខែត្ររតនគិរីនៅក្នុងតំបន់ចម្ការកៅស៊ូខេត្ត ដើម្បីការពារសិទ្ធិវិនិយោគចម្ការកៅស៊ូដែលរដ្ឋបានផ្តល់ឲ្យក្រុមហ៊ុនឯកជន ក៏ប៉ុន្តែមន្រ្តីក្រសួងកសិកម្មទទួលខុសត្រូវប្រចាំចម្ការកៅស៊ូអះអាងថា ភាពអនាធិបតេយ្យនៃការគ្រប់គ្រងក្រុមសាមគ្គីដែលរដ្ឋប្រគល់សិទ្ធិចៀរជ័រលក់ទៅឲ្យក្រុមហ៊ុនគឺជាមូលហេតុនាំឲ្យមានអំពើរត់ពន្ធនោះ ។
មន្ត្រីក្រសួងកសិកម្មទទួលកិច្ចការចម្ការកៅស៊ូខែត្ររតនគិរី លោក ហែម សុផល មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ ៖ «លួចអ៊ីចឹងតែម្ដង នាំគ្នាលួចចេញតាមច្រករបៀងផ្សេងៗ ។ នាំចូលរោងចក្រឃើញថយចុះច្រើន ។ កាលដែលដាក់ប៉ុស្តិ៍ដែលនៅក្នុងដែនកៅស៊ូនេះ គឺជាបញ្ហាមួយដែលចង្អៀតបំផុតមិនអាចដេញចាប់ឆ្ងាយបានហើយគ្រប់គ្រងក៏មិនបាន» ។
កាលពីដើមឆ្នាំ២០០៨ ក្រសួងកសិកម្មបានចេញសេចក្តីសម្រេចរំសាយរចនាសម្ព័ន្ធក្រុមសាមគ្គីចម្ការកៅស៊ូជាង៣៣ក្រុម ហើយប្រគល់ទៅឲ្យក្រុមហ៊ុន តាយសេង រៀបចំគ្រប់គ្រងតាមរចនាសម្ព័ន្ធភូមិផលិតវិញ បន្ទាប់ពីមានបាតុភាពអនាធិបតេយ្យលួចលក់ចម្ការកៅស៊ូរដ្ឋគ្រប់គ្រងដោយក្រុមសាមគ្គីទៅឲ្យឯកជន និងជម្លោះចែកផលកម្រៃរវាងកម្មករនិងប្រធានក្រុម រួមទាំងជម្លោះរវាងក្រុមសាមគ្គីនិងក្រុមហ៊ុនកើតមានយ៉ាងធ្ងន់ធ្ងរ ក៏ប៉ុន្តែរហូតមកទល់បច្ចុប្បន្នសេចក្តីសម្រេចនោះមិនទាន់បានអនុវត្តនៅឡើយទេ ។
បើតាមមន្ត្រីតំណាងក្រសួងកសិកម្មបញ្ជាក់ថាក្រោយការបោះឆ្នោតការរំសាយក្រុមសាមគ្គីនឹងចាប់ផ្តើមដូច្នេះចលនារត់ពន្ធជ័រកៅស៊ូនឹងត្រូវបញ្ចប់ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
មេឃុំត្រាងស្រុកកំរៀងខេត្តបាត់ដំបងរក្សាទុកអាវុធក្នុងផ្ទះ
ពលរដ្ឋនៅស្រុកកោះសូទិនត្អូញត្អែរពីរឿងជនជាតិវៀតណាមនេសាទខុសច្បាប់
ជនប៊ែលហ្ស៉ិកម្នាក់ត្រូវបានសាលាឧទ្ធរណ៍កាត់បន្ថយទោស
អាជ្ញាធរនគរបាលកម្ពុជាបន្តការស្វែងរកចាប់ខ្លួន ជា រដ្ឋា
ក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់នៅខេត្តបាត់ដំបងទទួលរងអំពើអនាចារ
នៅបាត់ដំបង បុរស២នាក់ត្រូវបានចាប់ខ្លួនពីបទលាក់ទុកអាវុធខុសច្បាប់
មន្ត្រីយោធាមួយរូបនៅរតនគិរី ពាក់ព័ន្ធក្នុងការរត់ពន្ធជ័រកៅស៊ូ
អំពើប្លន់ប្រដាប់អាវុធកើតឡើងនៅស្រុកសំពៅលូន ខេត្តបាត់ដំបង
មេឃុំនៅស្រុកឆ្លូង សុំឲ្យចាត់វិធានការលើមន្ត្រីយោធាម្នាក់ដែលបាញ់គំរាមអ្នកភូមិ
កងអាវុធហត្ថម្នាក់នៅស្រុកអូរជ្រៅ ត្រូវបញ្ជូនខ្លួនទៅតុលាការពីបទប៉ុនប៉ងមនុស្សឃាត