ប្រភពពីនាយកដ្ឋានដំណាំកៅស៊ូបានឲ្យដឹងថា តម្លៃកៅស៊ូមានការធ្លាក់ចុះបន្តិចហើយមកដល់ពេលនេះបើប្រៀបធៀបទៅនឹងការហក់ឡើងខ្ពស់ជាគំហុកកាលពីប៉ុន្មានខែមុនដែលគេមិនធ្លាប់ជួបប្រទះនៅប្រទេសកម្ពុជា ក្នុងរយៈពេលជាង ៦០ឆ្នាំមកហើយ។
លោក លី ផល្លា អគ្គនាយកនៃនាយកដ្ឋានកៅស៊ូ ក្រសួងកសិកម្ម អះអាងថា តម្លៃកៅស៊ូនៅប្រទេសកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ហើយរហូតមកដល់ខែកុម្ភៈ កន្លងទៅ កៅស៊ូមួយតោនមានតម្លៃ ៥.៦០០ដុល្លារ ប៉ុន្តែក្រោយមកតម្លៃកៅស៊ូបានធ្លាក់ចុះមកវិញ ដែលមកដល់ខែឧសភានេះ តម្លៃកៅស៊ូបានធ្លាក់មកនៅត្រឹមប្រហែល ៤.៥០០ដុល្លារក្នុងមួយតោន ទៅ ៤.២០០ដុល្លារក្នុងមួយតោនប៉ុណ្ណោះ។
លោក លី ផល្លា បានពន្យល់ថា ការកើនឡើងតម្លៃកៅស៊ូកន្លងមកដែលគេមិនធ្លាប់ជួប គឺបណ្ដាលមកពីតម្រូវការទីផ្សារពិភពលោកខ្ពស់ ហើយការផ្គត់ផ្គង់កៅស៊ូមានតិច មិនគ្រប់គ្រាន់។ លោកបញ្ជាក់ទៀតថា ថ្វីបើតម្រូវការពិភពលោកនៅតែខ្ពស់ដដែលនៅពេលនេះ ប៉ុន្តែតម្រូវការកៅស៊ូរបស់ប្រទេសចិន បានធ្លាក់ចុះបន្តិចមកវិញហើយ។
លោកមានប្រសាសន៍បន្ថែមដូច្នេះ ៖ «ឥឡូវហ្នឹង គឺចិន មកដល់ខែឧសភានេះ នាំចូលតែ ២៣តោនទេ។ គ្រាន់តែទីផ្សារចិនមួយ កាលពីមុនត្រូវការ ១លានកន្លះតោន ប៉ុន្តែឥឡូវនេះនឹងថ្កល់ ហើយហាងឆេងពីស្រុកខ្មែរធ្លាក់បន្តិចដែរ ផ្ទុយទៅវិញនៅអឺរ៉ុបនោះ តម្រូវការខ្ពស់ ហើយកៅស៊ូរបស់យើងមិនអាចបានឆ្ងាយទេ»។
ផលិតផលជ័រកៅស៊ូរបស់ប្រទេសកម្ពុជា បាននាំចេញទៅលក់ជាចម្បងនៅប្រទេសចិន តាមរយៈប្រទេសវៀតណាម ហើយក្រៅពីនោះទៀត ជ័រកៅស៊ូកម្ពុជា ត្រូវគេនាំទៅកាន់ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី និងទៅកាន់ប្រទេសអឺរ៉ុប មួយចំនួន។
មន្ត្រីរូបនេះបានទស្សន៍ទាយថា តម្លៃកៅស៊ូនៅកម្ពុជា នឹងអាចស្រុតចុះបន្តទៀតនៅពេលខាងមុខនេះ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏វាមិនស្រុតចុះខ្លាំងពេកទេ។
លោក ទន់ ពៅ អ្នកដាំកៅស៊ូជាលក្ខណៈគ្រួសារនៅខេត្តរតនគិរី បានបញ្ជាក់ថា តម្លៃកៅស៊ូបានធ្លាក់ចុះមកដល់ ៨០០ដុល្លារក្នុងមួយតោន ប៉ុន្តែវាបានងើបឡើងវិញបន្តិចម្តងៗប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកសង្ឃឹមថា តម្លៃនេះនឹងមានស្ថិរភាព ៖ «កៅស៊ូអត់អីទេ ខ្ញុំសំណូមពរឲ្យតម្លៃវានៅនឹង ហើយឥឡូវនេះខ្ញុំឃើញថា ផ្លូវល្អ ដូច្នេះការដឹកជញ្ជូនងាយស្រួល ទៅវៀតណាម និងមកភ្នំពេញ»។
ប្រភពពីនាយកដ្ឋានកៅស៊ូដដែលបន្ថែមទៀតថា កៅស៊ូកម្ពុជា ទើបទទួលបាននូវការបញ្ជាក់ស្ដីអំពីគុណភាពរបស់វាដែលផ្ដល់ដោយក្រុមអ្នកស្រាវជ្រាវដំណាំកៅស៊ូ ហើយគេរំពឹងថា ការបញ្ជាក់អំពីគុណភាពបានក្លាយជាផ្នែកមួយនៃការរក្សាតម្លៃកៅស៊ូ ៖ «កាលណាយើងមានលិខិតបញ្ជាក់អ៊ីចឹងទៅ អ្នកដែលផលិតកង់ឡានអី ពេលដែលគេទិញកៅស៊ូទាំងដុំៗហ្នឹង គេយកចូលរោងចក្រ ហើយគេមិនបាច់មើល ហើយអាហ្នឹងអាចនាំកៅស៊ូបានថ្លៃដែរ តែមិនស្មើដល់ទីផ្សារអន្តរជាតិនោះទេ»។
ប្រភពពីនាយកដ្ឋានដំណាំកៅស៊ូនៃក្រសួងកសិកម្ម បានឲ្យដឹងថា ការអភិវឌ្ឍដាំដើមកៅស៊ូដែលបានធ្វើឡើងនៅលើផ្ទៃដីចំនួន ១.៨១០.៥០០ហិកតាររួចហើយគិតមកដល់ចុងឆ្នាំ២០១០ នឹងត្រូវពង្រីកបន្ថែមទៀតសម្រាប់ឆ្នាំ២០២០ ខាងមុខ។
នៅឆ្នាំ២០២០ ផ្ទៃដីដាំដើមកៅស៊ូហើយ ត្រូវគេប៉ាន់ប្រមាណថា នឹងមានទំហំដល់ទៅ ៣០០ពាន់ហិកតារបន្ថែមទៀត ហើយដែលគេសង្ឃឹមថា រដ្ឋាភិបាលនឹងទទួលបានផលជ័រចំនួន ៣៥៣ពាន់តោនក្នុងមួយឆ្នាំសម្រាប់ផ្ទៃដីដើមកៅស៊ូ ២៣៤ពាន់ហិកតារដែលត្រូវឲ្យផលនៅពេលនោះ។
ចម្ការកៅស៊ូរបស់រដ្ឋដែលកំពុងតែជួលឲ្យក្រុមហ៊ុនបរទេសបានគ្របដណ្ដប់លើផ្ទៃដីដាំកៅស៊ូសរុបចំនួន ២៦% ចម្ការកៅស៊ូដែលជាប្រភេទដីសម្បទានមានទំហំ ២៩% និងចម្ការកៅស៊ូដែលធ្វើឡើងជាលក្ខណៈគ្រួសារមានចំនួន ៤៥%។
ការពង្រីកផ្ទៃដីដាំដើមកៅស៊ូដែលពីមុនបានធ្វើឡើងនៅខេត្តកំពង់ចាម និងក្រចេះ បច្ចុប្បន្នបានរីករាលដាលទៅដល់តំបន់ថ្មីៗ ដូចកំពង់ឆ្នាំង កំពង់ធំ ព្រះវិហារ កោះកុង សៀមរាប និងរតនគិរី បាត់ដំបង និងឧត្តរមានជ័យហើយ។
ក្នុងបណ្ដាក្រុមហ៊ុនជាច្រើនកំពុងវិនិយោគទៅលើដំណាំកៅស៊ូនៅប្រទេសកម្ពុជា ក្រុមហ៊ុនវៀតណាម កំពុងតែនាំមុខគេនៅក្នុងវិនិយោគដោយធ្វើការពង្រីកវិសាលភាពនៅលើផ្ទៃដីជាច្រើនពាន់ហិកតារ។
ស្របពេលដែលតម្លៃកៅស៊ូមានការកើនឡើងខ្ពស់ជាងរៀងរាល់ឆ្នាំ របាយការណ៍របស់នាយកដ្ឋានកាំកុងត្រូលដែលដកស្រង់ដោយកាសែតក្នុងស្រុកបានអះអាងថា ការនាំចេញកៅស៊ូពីកម្ពុជា ទៅកាន់បរទេសបានកើនឡើងជិត ៦៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១០ កន្លងទៅ។
ការកើនឡើងនៃការនាំចេញកៅស៊ូ ត្រូវបានគេបញ្ជាក់ថា ដោយសារតែការទទួលបានទិន្នផលខ្ពស់នៃដំណាំកៅស៊ូ។
ទាក់ទងនឹងអ្នកជំនាញផ្នែកកៅស៊ូបានអះអាងពីការរីកចម្រើនផ្នែកកៅស៊ូ និងការបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិ ប៉ុន្តែក្រុមជនជាតិដើមភាគតិច និងអ្នករស់នៅអាស្រ័យផលដោយអនុផលព្រៃឈើជាច្រើនម៉ឺនគ្រួសារពេលបច្ចុប្បន្ន ត្រូវគេរាយការណ៍មកថា កំពុងតែប្រឈមមុខនឹងបញ្ហាខ្វះដីកសិកម្ម និងការបាត់បង់មុខរបរពីបរមបុរាណ៕