លោកចៅក្រមជម្រះក្តីនៃតុលាការកំពូល លោក ឃឹម ប៉ុន នៅក្នុងចំណោមចៅក្រមប្រឹក្សាចំនួន ៤រូបទៀតបានអានសាលដីកាកំបាំងមុខជនជាប់ចោទនោះថា តុលាការកំពូលសម្រេចបង្វិលសំណុំរឿងនេះឲ្យទៅតុលាការសាលាឧទ្ធរណ៍សា្រវជ្រាវនិងជម្រះក្តីនេះជាថ្មី ដោយសារតែតុលាការសាលាឧទ្ធរណ៍កន្លងមកបានផ្តន្ទាទោស លោក អាទ្បិចសិនឌឺ ត្រូហ្វីម៉ូវ (Alexander Trofimov) ក្រោមមាត្រាទី៤២ នៃច្បាប់បង្រ្កាបអំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទនោះមិនបានត្រឹមត្រូវទេ។
លោក ជា ហៃ មេធាវីការពារក្តីឲ្យលោក អាទ្បិចសិនឌឺ ត្រូហ្វីម៉ូវ ជាជនជាតិរុស្ស៊ីនោះ បានមានប្រសាសន៍នៅខាងក្រៅតុលាការកំពូលថា លោកសាទរចំពោះការសម្រេចបែបនេះ។
លោក ជា ហៃ បានបញ្ជាក់ថា ៖ «ខ្ញុំយល់ឃើញថា ការសម្រេចសេចក្ដីរបស់តុលាការគឺមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់។ ការបង្វិលសំណុំរឿងនេះទៅសាលាឧទ្ធរណ៍ មិនមែនឲ្យកូនក្ដីខ្ញុំរួចផុតពីការទទួលខុសត្រូវឡើយ។ ឥឡូវឃើញថា កូនក្ដីខ្ញុំ សុខភាពគាត់មិនសូវមាំមួនទេ ដូច្នេះហើយបានជាគាត់អវត្តមាន»។
សុខ សេរី ៖ គាត់កំពុងជាប់ឃុំនៅកន្លែងណា? ជា ហៃ ៖ ពន្ធនាគារខេត្តកំពង់សោម។
ជាមួយគ្នានេះដែរ លោក នួន ផានិត មេធាវីរបស់អង្គការសកម្មភាពដើម្បីកុមារ និងជាមេធាវីរបស់កុមារីរងគ្រោះម្នាក់នៅក្នុងចំណោមកុមារីរងគ្រោះចំនួន ១៩នាក់ផ្សេងទៀត បានមានប្រសាសន៍ថា ៖ «ខ្ញុំយល់ឃើញថា នេះជានីតិវិធីរបស់តុលាការកំពូល នៅពេលដែលគាត់យល់ឃើញពីចំណុចមិនប្រក្រតីលើចំណុចណាមួយ គាត់បង្វិលសំណុំរឿងទៅតុលាការឧទ្ធរណ៍ ដើម្បីឲ្យស៊ើបអង្កេតទៅលើចំណុចដែលមានភាពមិនប្រក្រតីហ្នឹង»។
តុលាការសាលាឧទ្ធរណ៍កាលពីឆ្នាំ២០០៨កន្លងទៅបានផ្តន្ទាទោស លោក អាទ្បិចសិនឌឺ ត្រូហ្វីម៉ូវ ឲ្យជាប់គុករយៈពេល ៦ឆ្នាំ ក្រោមមាត្រាទី៤២ នៃច្បាប់ប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទដែលបានចូលជាធរមានកាលពីឆ្នាំ២០០៨។
លោក ផល វណ្ណារ៉ា ជាជនជាតិខែ្មរ ត្រូវបានផ្តន្ទាទោសឲ្យជាប់គុក ៦ឆ្នាំផងដែរ ក្រោមមាត្រាដដែលនោះ ដោយសារតែលោកបានស្វែងរកកុមារីរងគ្រោះឲ្យទៅលោក អាទ្បិចសិនឌឺ ត្រូហ្វីម៉ូវ ដើម្បីរួមភេទ។
តុលាការសាលាដំបូងរាជធានីភ្នំពេញកាលពីខែកក្កដា ឆ្នាំ២០០៧កន្លងទៅ បានផ្តន្តាទោស លោក អាទ្បិចសិនឌឺ ត្រូហ្វីម៉ូវ ឲ្យជាប់គុករយៈពេល ១៣ឆ្នាំ ក្រោមមាត្រាទី៨ នៃច្បាប់ស្តីពីអនាចារ និងលោក ផល វណ្ណារ៉ា ឲ្យជាប់គុករយៈពេល ១១ឆ្នាំ ក្រោមបទផ្សំគំនិត និងបានទាមទារសំណងជំងឺចិត្តរួមគ្នាចំនួន ១០ម៉ឺនដុល្លារអាមេរិកសងទៅជនរងគ្រោះ។
ប្រភពពីមេធាវីរបស់ជនរងគ្រោះបានឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ីកន្លងមកបានស្នើសុំឲ្យអាជ្ញាធរកម្ពុជាធ្វើបត្យាប័ន ឬបញ្ជូនខ្លួន លោក អាទ្បិចសិនឌឺ ត្រូហ្វីម៉ូវ នោះ ទៅកាន់ប្រទេសរុស្ស៊ីវិញ ដោយសារតែគាត់បានប្រព្រឹត្តអំពើអនាចារនៅក្នុងប្រទេសរបស់គាត់ ហើយពេលមកដល់ប្រទេសកម្ពុជាគាត់បានប្រព្រឹត្តអំពើអនាចារលើកុមារខ្មែរចំនួន ១៩នាក់៕
