អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង​ប្រតិកម្ម​ចំពោះ​សក្ខី​កម្ម​ដែល​ថា ឌុច មាន​ចរិត​ស្លូត​បូត

អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង​មួយ​រូប ប្រតិកម្ម​មិន​ទទួល​យក​ចំពោះ​ការ​ថ្លែង​របស់​អតីត​សិស្ស​របស់​ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច អតីត​មេ​គុក​ទួល​ស្លែង ថា​មាន​អត្ត​ចរិត​ស្លូត​បូត។

ថ្លែង​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​អង្គារ ទី​១ ខែ​កញ្ញា​ម្សិល​មិញ លោក ទេព សុខ ដែល​អះអាង​ថា ជា​អតីត​សិស្ស​ផ្នែក​គណិត​វិទ្យា​របស់​ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច មួយ​រូប​ក្នុង​ចំណោម​២​រូប កាល​ពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ បាន​ផ្តល់​សក្ខី​កម្ម​អំពី​អត្ត​ចរិត​របស់​ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច ថា ៖ «នៅ​ពេល​ដែល​ខ្ញុំ​ដឹង​ថា លោក កាំង ហ្កេក​អ៊ាវ ហៅ ឌុច ជា​ប្រធាន​ស-​២១ នៅ​ពេល​គេ​ចាប់​គាត់​មក​កាត់​សេចក្ដី​នៅ​ពេល​នេះ ខ្ញុំ​សោក​ស្ដាយ​ជា​ខ្លាំង​ចំពោះ​គាត់ ដែល​មាន​គុណធម៌​ពី​ដើម​មក ហើយ​ក្លាយ​ទៅ​ជា​ជន​ឧក្រិដ្ឋ​ទៅ​វិញ ខ្ញុំ​សោក​ស្ដាយ​ខ្លាំង»

នៅ​ថ្ងៃ​ដដែល លោក ជុំ ម៉ី ដែល​ជា​អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង​មួយ​រូប និយាយ​ថា លោក​មិន​អាច​ទទួល​យក​បាន​ទេ​អំពី​សក្ខី​កម្ម​ដែល​ផ្តល់​ដោយ​អតីត​មិត្ត​ភ័ក្តិ​និង​កូន​សិស្ស​របស់ ឌុច ដែល​ថា ឌុច មាន​ចរិត​ស្លូត​បូត​នោះ។

លោក ជុំ ម៉ី ថ្លែង​យ៉ាង​ដូច្នេះ ៖ «មាន​តែ​សរសើរ ឌុច ហ្នឹង ពី​រឿង​បង្រៀន​កូន​សិស្ស​ហ្នឹង​បាន​ល្អ ឌុច ចេះ​ធ្វើ​សហករណ៍ ផ្ដល់​សៀវភៅ​ឲ្យ​កូន​សិស្ស អ្នក​ទី​ទ័លក្រ​ស្អីៗ សម​មិន​សម? ហើយ​យក​អា​ហ្នឹង​មក​លុប​លាង​ប្រជាជន ១៦.០០០​នាក់​នៅ​ទួល​ស្លែង​បាន ឬ​មិន​បាន? ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ។ ឌុច ស្លូត​បូត? ឬ​ក៏​សាក្សី​ដាក់​បន្ទុក​ទៅ​លើ ឌុច វា​ស្លូត​បូត​ពេក? ស្លូត​បូត​ហើយ អស់ ១៦.០០០​នាក់ ស្លូត​បូត​យ៉ាង​ម៉េច? អ៊ីចឹង​បាន​ស្ដាយ បើ​សិន​ណា​បើក​សិទ្ធិ​ឲ្យ​មេធាវី​ខ្ញុំ​សួរ​សាក្សី​ដែល​មក​បំភ្លឺ​អត្ត​ចរិត ឌុច ហ្នឹង ឲ្យ​មេធាវី​ខ្ញុំ​សួរ​តែ​មួយ​ម៉ាត់​ពីរ​ម៉ាត់ ខ្ញុំ​អស់​ចិត្ត​ហើយ»

គួរ​រំឭក​ថា នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម កន្លង​មក​នេះ ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច អតីត​មេ​គុក​មន្ទីរ​ស-​២១ ឬ​គុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម តែង​សម្តែង​ការ​សោក​ស្តាយ​នូវ​ទង្វើ​និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លូន​ចំពោះ​ការ​ដឹក​នាំ​ការ​ធ្វើ​ទារុណ​កម្ម​និង​ការ​សម្លាប់​មនុស្ស​នៅ​គុក​ទួលស្លែង​ប្រមាណ​ពី​១​ម៉ឺន​៤​ពាន់​នាក់ ទៅ ២​ម៉ឺន​នាក់៕