តុលាការក្រុងភ្នំពេញគ្រោងបើកសវនាការកាត់ទោស លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង នៅថ្ងៃ៨ កញ្ញាខាងមុខនេះ នៅវេលាម៉ោង ៨ព្រឹក ក្រោមបទចោទថា លោកបានផ្សាយព័ត៌មានមិនពិត និងបទក្លែងបន្លំឯកសារសាធារណៈ ផែនទី ដែលបានចោទថា ការបោះតម្រុយបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម នៅខេត្តស្វាយរៀង ធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីជាច្រើនរយម៉ែត្រ។
នេះគឺជាសំណុំរឿងព្រហ្មទណ្ឌទី២ ក្រោយពីសំណុំរឿងព្រហ្មទណ្ឌទី១ ត្រូវបានកាត់ទោសដោយតុលាការខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅនេះ។
មេធាវីរបស់រដ្ឋាភិបាលកម្ពុជាកាន់ក្ដីសំណុំរឿងទី២នេះ គឺលោក គី តិច បានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅនេះ ទៅតុលាការក្រុងភ្នំពេញ ក្រោមបទចោទប្រកាន់តាមមាត្រាទី៤៩ និងមាត្រា៦២ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល សម័យអ៊ុនតាក់។
មេធាវីរបស់លោក សម រង្ស៊ី គឺលោក ជូង ជូងី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែកញ្ញា ថា លោកបានទទួលដីកាពីព្រះរាជអាជ្ញារង លោក សុខ រឿន រួចហើយ សម្រាប់ចូលក្នុងសវនាការខាងមុខនេះ។ កូនក្ដីរបស់លោកគឺជាមនុស្សគ្មានទោស។
លោក ជូង ជូងី បានបញ្ជាក់ថា ៖ «អត់មានកំហុសទេ អត់មានបទល្មើសក្លែងនៅក្នុងឯកសារសាធារណៈ អត់មានបទល្មើសផ្សាយព័ត៌មានមិនពិត ដូចការចោទប្រកាន់ទេ!»។
មេដឹកនាំគណបក្ស សម រង្ស៊ី បច្ចុប្បន្នកំពុងតែរស់នៅនិរទេសខ្លួននៅក្នុងប្រទេសបារាំង នៅគ្រាដែលមានការចោទប្រកាន់នានាពីរដ្ឋាភិបាលកម្ពុជា។
មេធាវីរបស់រដ្ឋាភិបាលកម្ពុជា លោក គី តិច ជាដើមបណ្ដឹងនោះ បានមានប្រសាសន៍ថា លោកមានឯកសារភស្តុតាងនានា ដើម្បីដាក់បន្ទុកលើលោក សម រង្ស៊ី ៖ «ខ្ញុំត្រៀមចប់សព្វគ្រប់អស់ហើយ! តាមឯកសារ សាច់រឿងអីវាអាចកំណត់បានថា គាត់ពិតជាបានធ្វើអ៊ីចឹងមែន!»។
កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅនេះ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានធ្វើសន្និសីទកាសែតតាមរយៈ Video Conference ពីប្រទេសបារាំង មកទីស្នាក់ការគណបក្ស សម រង្ស៊ី នៅក្នុងទីក្រុងភ្នំពេញ ដោយបានព័ត៌មានថា ការបោះតម្រុយបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម នៅខេត្តស្វាយរៀង គឺបង្គោលលេខ១៨៤, ១៨៥, ១៨៦ និងបង្គោលលេខ១៨៧ គឺបានខិតចូលក្នុងទឹកដីកម្ពុជារវាងពី ២០០ម៉ែត្រ ទៅជាង ៥០០ម៉ែត្រ។
លោកបានលើកយកផែនទី Google Earth និងឯកសារអ្នកស្រាវជ្រាវមួយចំនួនទៀត មកធ្វើជាសំអាងនៅក្នុងសន្និសីទកាសែតនោះ។
នៅក្នុងខែកុម្ភៈនោះដែរ ប្រធានគណៈកម្មាធិការដោះស្រាយវិវាទព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា លោក វ៉ា គឹមហុង បានធ្វើសន្និសីទកាសែតផងដែរ ច្រានចោលការចោទប្រកាន់របស់លោក សម រង្ស៊ី ហើយបានសន្យាថា នឹងដាក់ពាក្យបណ្ដឹងដោយកត់សម្គាល់ថា ផែនទី Google Earth នោះ ខុសពីផែនទីដែលរដ្ឋាភិបាលប្រើប្រាស់៕
