នៅក្នុងលិខិតរបស់លោក សម រង្ស៊ី បានរៀបរាប់ប្រាប់អ្នកស្រី ហ៊ីលឡារី គ្លិនតុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក សុំឲ្យអ្នកស្រីប្រាប់ទៅកាន់ភ្ញៀវរបស់អ្នកស្រី គឺលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងជំនួបនៅក្នុងក្រសួងការបរទេស នាថ្ងៃអង្គារ ទី១២ ខែមិថុនា នេះថា ការដែលរដ្ឋាភិបាលកម្ពុជាចោទប្រកាន់មកលើរូបលោក សម រង្ស៊ី ថាបានប្រើប្រាស់ប្រទេសកម្ពុជាក្លែងក្លាយ ដែលនាំទៅដល់ការដាក់ទោសលោកពីបទឧក្រិដ្ឋឲ្យជាប់ពន្ធនាគារ ១០ឆ្នាំ ពីឆ្នាំ២០១០ នោះ គឺជាផែនទីឯកសារ ដែលចេញពីបញ្ជាការដ្ឋានយោធា ប៉ង់តាហ្គូន (Pentagon) សហរដ្ឋអាមេរិក។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ពីប្រទេសបារាំង នៅថ្ងៃចន្ទ ទី១១ មិថុនា លោក សម រង្ស៊ី ឲ្យដឹងថា លោកសង្ឃឹមថា អ្នកស្រី ហ៊ីលឡារី គ្លិនតុន ពិតជាបានដឹងហើយថា សហរដ្ឋអាមេរិក ជាអ្នកបញ្ចេញផែនទីដែលបានទទួលស្គាល់រយៈពេល ៤០ឆ្នាំមកហើយនៅក្នុងសម័យសង្គ្រាមនៅប្រទេសវៀតណាម។
លោក សម រង្ស៊ី៖ «អាមេរិកអ្នកធ្វើទេ មិនមែន សម រង្ស៊ី អ្នកធ្វើទេ កុំចោទប្រកាន់ សម រង្ស៊ី ពីព្រោះថា សហរដ្ឋអាមេរិកគេអាចធ្វើសាក្សីបាន ហើយបើថា ផែនទីហ្នឹងខុស ប្ដឹងកងទ័ពសហរដ្ឋអាមេរិក ប្ដឹងរដ្ឋាភិបាលអាមេរិកទៅ ពីព្រោះផែនទីហ្នឹងចេញផ្សព្វផ្សាយដោយសហរដ្ឋអាមេរិកទេ។ ខ្ញុំជឿថា អ្នកស្រី ហ៊ីលឡារី គ្លីនតុន មិនអាចប្រកែកបានទេ ពីព្រោះរឿងហ្នឹងវាច្បាស់ ព្រោះខ្ញុំឲ្យភស្តុតាងគ្រប់គ្រាន់ហើយក្នុងសំបុត្រហ្នឹង»។
លោក សម រង្ស៊ី ក៏បានបញ្ជាក់ដែរថា ភស្តុតាងនេះមិនអាចបដិសេធបានទេ ព្រោះអាមេរិកមានភស្តុតាងស្រាប់ហើយ។ លោកមិនបានកែផែនទីនោះទេ ហើយលោកសង្ឃឹមថា អ្នកស្រី ហ៊ីលឡារី គ្លិនតុន នឹងជួយបំភ្លឺភ្នែកលោក ហោ ណាំហុង ក្នុងជំនួបជាមួយអ្នកស្រីនោះ ហើយគួរតែនាំភស្តុតាងនេះប្រគល់ជូនដល់លោក ហោ ណាំហុង ដើម្បីយកទៅបំភ្លឺដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដកការដាក់ទោសទណ្ឌទាំងអស់មកលើរូបលោក។
លោក សម រង្ស៊ី៖ «ទី១ ជាកាតព្វកិច្ចសហរដ្ឋអាមេរិកត្រូវបញ្ជាក់ការពិត ពីព្រោះគេចោទខុសរឿង។ សហរដ្ឋអាមេរិកជាអ្នកធ្វើផែនទីហ្នឹង។ សហរដ្ឋអាមេរិកមានកាតព្វកិច្ចប្រាប់អ្នកណាចោទខុសរឿងថា ផែនទីហ្នឹងចេញមកពីសហរដ្ឋអាមេរិក។ ទី២ បើសហរដ្ឋអាមេរិក គេនិយាយអញ្ចឹងហើយ បើមាននរណានៅតែចោទថា ផែនទីហ្នឹងផលិតដោយ សម រង្ស៊ី លោក ហោ ណាំហុង គួរតែនាំទៅប្រាប់លោក ហ៊ុន សែន។ តែខំ គេថាយើងខ្វាក់ភ្នែកហើយ ដូច្នេះ បើឃើញហើយ ត្រូវតែទទួលស្គាល់ជនខ្វាក់ភ្នែក មិនអាចដឹកនាំប្រទេសបានទេ បាទ»។
លោក សម រង្ស៊ី ត្រូវបានតុលាការផ្ដន្ទាទោសសរុបឲ្យជាប់ពន្ធនាគារចំនួន ១២ឆ្នាំ តាំងពីឆ្នាំ២០១០។ តុលាការចោទពីបទផ្សាយព័ត៌មានមិនពិត និងក្លែងបន្លំឯកសារសាធារណៈ បន្ទាប់ពីលោកបានបង្ហាញផែនទីរបស់ក្រុមហ៊ុន ហ្គូហ្គល (Google) ចោទថា ប្រទេសកម្ពុជាបាត់បង់ទឹកដីទៅប្រទេសវៀតណាម។ លើសពីនេះទៅទៀត លោកក៏ត្រូវតុលាការកម្ពុជាកាត់អោយមានទោសពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍។
ខ្មែរនៅអាមេរិកនឹងធ្វើបាតុកម្មស្របពេលវត្តមានរបស់លោក ហោ ណាំហុង
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នឹងជួបសមភាគីរបស់លោក គឺរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន នៅថ្ងៃទី១២ មិថុនា នេះ វេលាម៉ោង ១រសៀល ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ស្របពេលនោះដែរ ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួននៅតំបន់វ៉ាស៊ីនតោន ឌីស៊ី នឹងធ្វើបាតុកម្មតវ៉ានៅខាងមុខអគារក្រសួងការបរទេស ដើម្បីសំដែងមិនពេញចិត្តនូវអ្វីដែលពួកគេហៅថា ការកើនឡើងនៃអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ ការរំលោភទាំងនោះរួមមាន ព្រឹត្តិការណ៍បាញ់សម្លាប់សកម្មជនការពារព្រៃឈើ ការរំលោភសិទ្ធិពលរដ្ឋក្នុងជម្លោះដីធ្លីពាសពេញផ្ទៃប្រទេស និងការចាប់ខ្លួនកាត់ទោសតំណាងអ្នកភូមិបឹងកក់ចំនួន ១៥នាក់ ខុសនីតិវិធីច្បាប់ជាដើម។
លោក ព្រំស៊ុន ណារ៉ា ខ្មែរអាមេរិកាំង តំណាងក្រុមអ្នកតវ៉ាបញ្ជាក់ថា ការជួបជុំគ្នានោះនឹងផ្ដើមពីព្រឹកម៉ោង ៨ និង ៣០នាទី រហូតដល់ម៉ោង ១រសៀល នៅថ្ងៃអង្គារ ទី១២ មិថុនា នេះ។ លោកថា ក្រុមរបស់លោកនឹងដាក់ញត្តិតវ៉ាស្ដីពីការរំលោកសិទ្ធិមនុស្សនៅកម្ពុជា ជូនក្រសួងការបរទេសសហរដ្ឋអាមេរិកនៅពេលនោះ។
លោក ព្រំស៊ុន ណារ៉ា បន្តថា ខ្លឹមសារក្នុងញត្តិនោះក៏មានស្នើសហរដ្ឋអាមេរិកជំរុញអោយរដ្ឋាភិបាលកម្ពុជា អនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលមានធានាការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
អ្នកស្រី មូរ សុខហួរ ជម្រាបពីការរំលោភសិទ្ធិមនុស្សដល់អ្នកស្រី គ្លិនតុន
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ បានជួបនឹងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន ក្នុងសន្និសីទមួយនៅទីក្រុងប៊ូសស្តុន (Boston) នៃរដ្ឋម៉ាសាឈូសេត (Massachusette)។
អ្នកស្រី មូរ សុខហួរ បានជម្រាបរដ្ឋមន្ត្រីការបរទេសអាមេរិក ពីការរំលោភសិទ្ធិមនុស្ស កំពុងមានសភាពធ្ងន់ធ្ងរនៅកម្ពុជា និងស្នើសុំឲ្យសហរដ្ឋអាមេរិក ផ្អាកជំនួយយោធាបណ្ដោះអាសន្ននៅកម្ពុជា។
សូមស្ដាប់បទសម្ភាសន៍របស់លោក យន់ សាមៀន ជាមួយអ្នកស្រី មូរ សុខហួរ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។