សមរង្ស៊ី​គ្រោង​លើក​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​សភា​អឺរ៉ុប

មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​លោក សម រង្ស៊ី ដែល​បាន​បាត់​បង់​អភ័យ​ឯក​សិទ្ធិ​ជា​តំណាង​រាស្រ្ត​នោះ​មាន​គម្រោង​ការ​លើក​យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​បញ្ហា​នីតិ​រដ្ឋ​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ក្នុង​សភា​នៃ​សហភាព​អឺរ៉ុប​នៅ​ថៃ្ង​១៧ វិច្ឆិកា។

0:00 / 0:00

លោក សម រង្ស៊ី ជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​មក​ថា ៖ «បញ្ហា​បាត់​បង់​ដី​ធ្លី ស្រែ​ចម្ការ ផ្ទះ​សម្បែង​ដោយសារ​ការ​រឹប​អូស​ពី​សំណាក់​អ្នក​មាន​អំណាច អ្នក​មាន​លុយ ហើយ​ថ្មីៗ​នេះ​ខ្ញុំ​បាន​ធ្វើ​ជា​សាក្សី​ដោយសារ​ការ​រឹប​អូស​ពី​អាជ្ញាធរ​នៃ​ប្រទេស​ជិត​ខាង​នៅ​តាម​ព្រំ​ប្រទល់​ដែន ពិសេស​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ ខ្ញុំ​មាន​ជំនឿ​ថា អាច​នឹង​ជួយ ពីព្រោះ​ថា ទ្វីប​អឺរ៉ុប សភា​អឺរ៉ុប មាន​ឥទ្ធិពល​ខ្លាំង​ណាស់»

លោក ទិត សុធា ជា​មន្រ្តី​ទី​ប្រឹក្សា​របស់​រដ្ឋាភិបាល​កម្ពុជា និង​ជា​ក្រុម​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​ព័ត៌មាន​របស់​ទី​ស្តីការ​គណៈរដ្ឋមន្រ្តី​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា នោះ​ជា​ចេតនា​និង​ទង្វើ​មួយ​ដើម្បី​បំភាន់​មតិ​ជាតិ​និង​អន្តរជាតិ​នៅ​ទី​នោះ។

លោក ទិត សុធា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «រាល់​ការ​លើក​ឡើង​របស់​ឯកឧត្ដម សម រង្ស៊ី គ្រោង​នឹង​លើក​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​អឺរ៉ុប​ហ្នឹង យើង​ដឹង​ហើយ​ថា អ្វី​ដែល​លោក សម រង្ស៊ី ធ្វើ គឺ​បាន​រំលោភ​ច្បាប់ ដូច្នេះ​គឺ​ជា​ការ​បំប៉ោង​ព័ត៌មាន​មិន​ពិត​មួយ​ប្រាប់​សហគមន៍​អឺរ៉ុប ទទួល​យក​ព័ត៌មាន​មិន​ពិត​ដែល​មិន​មាន​ភាព​សុចរិត»

កិច្ច​ប្រជុំ​សភា​នៃ​សហភាព​អឺរ៉ុប​នោះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​មួយ​ថៃ្ង​នៅ​ក្នុង​ទីក្រុង​ប្រុស្សែល (Brussels) ប្រទេស​ប៊ែលហ្សិក ដែល​មាន​តំណាង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​នឹង​ចូល​រួម​ផង។ សភា​នៃ​សហភាព​អឺរ៉ុប​នោះ មាន​ប្រទេស​ចំនួន​២៧​ជា​សមាជិក​នឹង​ចូល​រួម។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤ នៅ​ថៃ្ង​អង្គារ ទី​១៧ ខែ​វិច្ឆិកា​នេះ បាន​ចេញ​សេចក្តី​ថែ្លង​ការណ៍​មួយ ថ្កោល​ទោស​ការ​លើក​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្រ្ត​របស់​លោក សម រង្ស៊ី ដោយ​បាន​រិះគន់​ថា នោះ​គឺ​ជា​ការ​បន្ត​ប្រើប្រាស់​តុលាការ​ដើម្បី​បំភិត​បំភ័យ និង​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​នៃ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​នៅ​កម្ពុជា។ អង្គការ​ទាំង​៤​នោះ​រួម​មាន មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មណ្ឌល​អប់រំ​ច្បាប់​សហគមន៍ អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​អព្យាក្រឹត​នៅ​កម្ពុជា ឬ​និចហ្វិក និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​លីកាដូ។

លោក សម រង្ស៊ី ជា​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា បាន​រង​ការ​លើក​អភ័យ​ឯក​សិទ្ធិ​ជា​តំណាង​រាស្រ្ត​កាល​ពី​ថៃ្ង​ទី​១៦ ខែ​វិច្ឆិកា​ថ្មីៗ​នេះ ដើម្បី​ប្រឈម​មុខ​នឹង​ការ​កោះ​ហៅ​សួរ​ចម្លើយ និង​ចោទ​ប្រកាន់​ក្រោម​បទ​ព្រហ្មទណ្ឌ​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ។ លោក​បាន​រង​ការ​ប្តឹង​ចោទ​ថា ដក​បង្គោល​តម្រុយ​ព្រំដែន​ចំនួន​៦​បង្គោល រវាង​កម្ពុជា​និង​វៀតណាម នៅ​ក្នុង​ឃុំ​សំរោង ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង កាល​ពី​ថៃ្ង​ទី​២៥ ខែ​តុលា កន្លង​ទៅ​នេះ។

រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​លោក អង្គវង្ស វឌ្ឍានា បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថៃ្ង​ច័ន្ទ (១៦ វិច្ឆិកា) ថ្មីៗ​នេះ​ថា តុលាការ​ខេត្ត​ស្វាយរៀង គ្រោង​នឹង​ចេញ​ដីកា​កោះ​ហៅ​លោក សម រង្ស៊ី មក​សាក​សួរ​នា​ពេល​ឆាប់ៗ​នេះ ក្នុង​ការ​ស៊ើប​អង្កេត​និង​ចោទ​ប្រកាន់៕