លោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្នុងប្រទេសបារាំង បានចេញសេចក្តីថ្លែងការណ៍មួយសម្ដែងការសោកស្តាយនិងការអៀនខ្មាសជាខ្លាំងចំពោះទង្វើរបស់សភាជាតិខ្មែរ ដែលមិនបានគិតគូរដោះស្រាយផលប្រយោជន៍ជាតិ និងការពារបូរណភាពទឹកដីកម្ពុជា បែរទៅជាមកចាប់កំហុសដាក់ទោសរូបលោកទៅវិញ ដែលហ៊ានចេញមុខប្រឆាំងនិងការពារចំពោះការបាត់បង់ដីស្រែចម្ការរបស់ប្រជាកសិករនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅជាប់ព្រំដែនខ្មែរ-វៀតណាម។
ក្នុងលិខិតចុះថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញនេះ លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងកាន់អំណាចក្នុងរាជរដ្ឋាភិបាលខ្មែរបច្ចុប្បន្នមិនបានដោះស្រាយឲ្យបានត្រឹមត្រូវនូវបញ្ហាដែលប្រទេសជាតិកំពុងជួបប្រទះទេ តែបែរជាប៉ុនប៉ងបំបិទមាត់អ្នកនាំពាក្យនិងកម្ចាត់អ្នកនាំសារជារបៀបផ្តាច់ការ ដែលខ្លួនលោកផ្ទាល់បានជួយឈឺឆ្អាលនិងចេញមុខជួយដោះស្រាយដល់ប្រជាកសិករខ្មែរដែលបាត់បង់ដីស្រែចម្ការរបស់គាត់។
លោក សម រង្ស៊ី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា ទង្វើរបស់សភាជាតិខ្មែរនេះ គឺជាការមាក់ងាយដល់ព្រះចេស្តានៃអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ ដែលព្រះអង្គបានផ្ញើសារកាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងមកនេះ សើ្នសុំឲ្យមេដឹកនាំខ្មែរពិនិត្យពិចារណា ចំពោះការបាត់បង់ដីស្រែចម្ការរបស់កសិករនៅស្រុកចន្ទ្រា ខេត្តស្វាយរៀងនេះ។
លោក សម រង្ស៊ី បានមានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំបានធ្វើរបាយការណ៍ចុងក្រោយថ្វាយលោកនេះ (ថ្វាយព្រះមហាវីរក្សត្រ) កាលពីថ្ងៃ៧ ខែវិច្ឆិកា ៣ថ្ងៃបន្ទាប់មក គឺថ្ងៃ១០ ខែវិច្ឆិកា ព្រះអង្គបានផ្ញើលិខិតមួយទៅជូនសម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន សម្ដេច ហ៊ុន សែន ថា ឲ្យដោះស្រាយ ឲ្យពិនិត្យ ឲ្យថ្លឹងថ្លែងចំពោះបញ្ហាដែលខ្ញុំ សម រង្ស៊ី បានលើកឡើងនេះ។ ជាការឆ្លើយតប ស្រាប់តែរដ្ឋាភិបាលប្រទេសកម្ពុជាយើង អ្នកដឹកនាំប្រទេសកម្ពុជាយើងសព្វថ្ងៃ មិនដោះស្រាយបញ្ហាទាំងនោះតាមសំណើរបស់សម្ដេចព្រះនរោត្ដម ស៊ីហនុ បែរមកដកអភ័យឯកសិទ្ធិខ្ញុំឯណេះវិញ មានន័យថា នេះជាការមើលងាយចំពោះសម្ដេចឪ សម្ដេចតារបស់យើង លោកស្នើឲ្យពិនិត្យបញ្ហាដែលសម រង្ស៊ី លើក មិនដោះស្រាយបញ្ហា បែរមកគាបសង្កត់ដកអភ័យឯកសិទ្ធិ សម រង្ស៊ី វិញ»។
តើលោក សម រង្ស៊ី មានគម្រោងធ្វើដូចម្តេចទៀត ក្រោយដែលលោកត្រូវបានព្យួរអភ័យឯកសិទ្ធិ ហើយលោកនឹងវិលត្រឡប់មកកម្ពុជាវិញពីប្រទេសបារាំង ដើម្បីប្រឈមមុខនឹងតុលាការខ្មែរដែរឬទេ?
សូមស្តាប់បទសម្ភាសន៍ពិស្តារជាមួយលោក សម រង្ស៊ី តាមរយៈការសាកសួររបស់អ្នកស្រី ម៉ៅ សុធានី ៖ ស្ដាប់សំឡេង
