សមរង្ស៊ី​ប្រតិកម្ម​ទៅ​នឹង​ការ​ព្យួរ​​អភ័យ​ឯក​សិទ្ធិ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ព្យួរ​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្ត្រ​របស់​លោក​ថា ជា​ការ​ផ្តន្ទា​ទោស​មក​លើ​ប្រជារាស្ត្រ​ខ្មែរ​និង​មក​លើ​ប្រទេស​ជាតិ​របស់​ខ្លួន។

លោក សម រង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំង បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​សម្ដែង​ការ​សោកស្តាយ​និង​ការ​អៀន​ខ្មាស​ជា​ខ្លាំង​ចំពោះ​ទង្វើ​របស់​សភា​ជាតិ​ខ្មែរ ដែល​មិន​បាន​គិត​គូរ​ដោះ​ស្រាយ​ផល​ប្រយោជន៍​ជាតិ និង​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា បែរ​ទៅ​ជា​មក​ចាប់​កំហុស​ដាក់​ទោស​រូប​លោក​ទៅ​វិញ ដែល​ហ៊ាន​ចេញ​មុខ​ប្រឆាំង​និង​ការពារ​ចំពោះ​ការ​បាត់​បង់​ដី​ស្រែ​ចម្ការ​របស់​ប្រជាកសិករ​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នៅ​ជាប់​ព្រំដែន​ខ្មែរ-​វៀតណាម។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ម្សិល​មិញ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី បាន​សង្កត់​ធ្ងន់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កំពុង​កាន់​អំណាច​ក្នុង​រាជ​រដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន​មិន​បាន​ដោះ​ស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​បញ្ហា​ដែល​ប្រទេស​ជាតិ​កំពុង​ជួប​ប្រទះ​ទេ តែ​បែរ​ជា​ប៉ុនប៉ង​បំបិទ​មាត់​អ្នក​នាំ​ពាក្យ​និង​កម្ចាត់​អ្នក​នាំ​សារ​ជា​របៀប​ផ្តាច់​ការ ដែល​ខ្លួន​លោក​ផ្ទាល់​បាន​ជួយ​ឈឺ​ឆ្អាល​និង​ចេញ​មុខ​ជួយ​ដោះ​ស្រាយ​ដល់​ប្រជា​កសិករ​ខ្មែរ​ដែល​បាត់​បង់​ដី​ស្រែ​ចម្ការ​របស់​គាត់។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ថា ទង្វើ​របស់​សភា​ជាតិ​ខ្មែរ​នេះ គឺ​ជា​ការ​មាក់ងាយ​ដល់​ព្រះ​ចេស្តា​នៃ​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​ផ្ញើ​សារ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា កន្លង​មក​នេះ សើ្ន​សុំ​ឲ្យ​មេ​ដឹកនាំ​ខ្មែរ​ពិនិត្យ​ពិចារណា ចំពោះ​ការ​បាត់​បង់​ដី​ស្រែ​ចម្ការ​របស់​កសិករ​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​នេះ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​បាន​ធ្វើ​របាយការណ៍​ចុង​ក្រោយ​ថ្វាយ​លោក​នេះ (ថ្វាយ​ព្រះ​មហា​វីរក្សត្រ) កាល​ពី​ថ្ងៃ​៧ ខែ​វិច្ឆិកា ៣​ថ្ងៃ​បន្ទាប់​មក គឺ​ថ្ងៃ​១០ ខែ​វិច្ឆិកា ព្រះអង្គ​បាន​ផ្ញើ​លិខិត​មួយ​ទៅ​ជូន​សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន សម្ដេច ហ៊ុន សែន ថា ឲ្យ​ដោះ​ស្រាយ ឲ្យ​ពិនិត្យ ឲ្យ​ថ្លឹងថ្លែង​ចំពោះ​បញ្ហា​ដែល​ខ្ញុំ សម រង្ស៊ី បាន​លើក​ឡើង​នេះ។ ជា​ការ​ឆ្លើយ​តប ស្រាប់​តែ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​យើង អ្នក​ដឹក​នាំ​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ មិន​ដោះស្រាយ​បញ្ហា​ទាំង​នោះ​តាម​សំណើ​របស់​សម្ដេច​ព្រះ​នរោត្ដម ស៊ីហនុ បែរ​មក​ដក​អភ័យ​ឯក​សិទ្ធិ​ខ្ញុំ​ឯ​ណេះ​វិញ មាន​ន័យ​ថា នេះ​ជា​ការ​មើល​ងាយ​ចំពោះ​សម្ដេច​ឪ សម្ដេច​តា​របស់​យើង លោក​ស្នើ​ឲ្យ​ពិនិត្យ​បញ្ហា​ដែល​សម រង្ស៊ី លើក មិន​ដោះ​ស្រាយ​បញ្ហា បែរ​មក​គាប​សង្កត់​ដក​អភ័យ​ឯក​សិទ្ធិ សម រង្ស៊ី វិញ»

តើ​លោក សម រង្ស៊ី មាន​គម្រោង​ធ្វើ​ដូច​ម្តេច​ទៀត ក្រោយ​ដែល​លោក​ត្រូវ​បាន​ព្យួរ​អភ័យ​ឯក​សិទ្ធិ ហើយ​លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ពី​ប្រទេស​បារាំង ដើម្បី​ប្រឈម​មុខ​នឹង​តុលាការ​ខ្មែរ​ដែរ​ឬ​ទេ?

សូម​ស្តាប់​បទសម្ភាសន៍​ពិស្តារ​ជាមួយ​លោក សម រង្ស៊ី តាម​រយៈ​ការ​សាកសួរ​របស់​អ្នកស្រី ម៉ៅ សុធានី ៖ ស្ដាប់​សំឡេង