សម រង្ស៊ី សន្យា​ចូល​ស្រុក​វិញ​ឲ្យ​បាន​មុន​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់

ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី បាន​ប្រកាស​ពី​ជំហរ​របស់​លោក​ចំពោះ​​កិច្ចការ​ស្នេហា​ជាតិ​នោះ​នៅ​តែ​ដដែល ហើយ​លោក​សន្យា​ថា លោក​នឹង​វិល​ចូល​ស្រុក​វិញ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។

ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា បាន​ថ្លែង​ទៅ​កាន់​សមាជិក​សមាជិកា​គណបក្ស សម រង្ស៊ី ប្រមាណ ១​ពាន់​នាក់​ពី​ប្រទេស​បារាំង តាម​សារ​អេឡិចត្រូនិក នៅ​ក្នុង​ឱកាស​ពិធី​ខួច​គម្រប់​ខួប ១៥​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​របស់​ខ្លួន​ថា លោក​នឹង​វិល​មក​ប្រទេស​កម្ពុជា​វិញ នៅ​មុន​ពេល​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ខាង​មុខ​នេះ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា សភា​សហភាព​អឺរ៉ុប​ប្រមាណ ២០០​នាក់ តំណាង​ឲ្យ​ចំនួន ២៧​ប្រទេស បាន​ធ្វើ​ញត្តិ​គាំទ្រ​លោក ហើយ​គេ​នឹង​ធ្វើ​អន្តរាគមន៍​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​លោក​ត្រឡប់​មក​កម្ពុជា បំពេញ​តួនាទី​ដឹកនាំ​គណបក្ស​ប្រឆាំង​វិញ នៅ​ពេល​ឆាប់ៗ​នេះ។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ៖ «គេ​គាំទ្រ​ជា​ឯកច្ឆន្ទ សេចក្ដី​សម្រេច​របស់​ពួកគេ​មួយ ​ថា សុំ​ឲ្យ​សហភាព​អឺរ៉ុប​ធ្វើ​អន្តរាគមន៍​លើ​ប្រទេស​កម្ពុជា។ សេចក្ដី​សម្រេច​គេ​នេះ​មាន​ឈ្មោះ​ថា សេចក្ដី​សម្រេច​ទាក់ទង​ទៅ​នឹង​ប្រទេស​កម្ពុជា និង​ករណី សម រង្ស៊ី»

ទោះ​ជា​មាន​ការ​អះអាង​ពី​មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​ចង់​វិល​មក​កម្ពុជា​វិញ​នេះ​ក្តី មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ពុំ​មាន​ការ​ភ្ញាក់ផ្អើល​អ្វី​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា ករណី​លោក សម រង្ស៊ី គឺ​ជា​រឿង​ឆន្ទានុសិទ្ធិ​របស់​តុលាការ ហើយ​ប្រទេស​កម្ពុជា ជា​ប្រទេស​ប្រជាធិបតេយ្យ ដូច្នេះ​គ្មាន​ប្រទេស​ណា​លូកដៃ​មក​លើ​តុលាការ​កម្ពុជា​បាន​ទេ។

លោក ផៃ ស៊ីផាន បន្ត​ថា ៖ «ដូច្នេះ​លទ្ធិប្រជាធិបតេយ្យ​យក​ច្បាប់​ជា​ធំ យក​តុលាការ​ជា​ធំ ដូច្នេះ​គ្មាន​ប្រទេស​ណា​មួយ​បម្រើ​គោលបំណង​របស់​អ្នក​ណា​មួយ​ទេ»

កាល​ពី​ល្ងាច​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមរិក ហ៊ីលឡារី គ្លិនតុន (Hillary Clinton) មក​កម្ពុជា តំណាងរាស្រ្ត​គណបក្ស សម រង្ស៊ី បាន​ទៅ​ជួប​លោកស្រី ដើម្បី​ស្នើ​សុំ​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ​ផង​ដែរ។

លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា លោកស្រី ហ៊ីលឡារី គ្លិនតុន បាន​ឆ្លើយ​តប​វិញ​ថា លោកស្រី​នឹង​ពិនិត្យ​មើល​លើ​ករណី​លោក សម រង្ស៊ី ពីព្រោះ​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ មិន​អាច​អវត្តមាន​មេដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ការ​ប្រកួត​ប្រជែង​បោះ​ឆ្នោត​បាន​ទេ។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា កន្លង​ទៅ សភា​សហភាព​អឺរ៉ុប បាន​អនុម័ត​សេចក្ដី​សម្រេច​របស់​ខ្លួន​ចំពោះ​ករណី​លោក សម រង្ស៊ី ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្រគល់​អភ័យ​ឯក​សិទ្ធិ​ឲ្យ​លោក សម រង្ស៊ី ឡើង​វិញ ដើម្បី​​ឲ្យ​លោក​អាច​វិល​ទៅ​កម្ពុជា ​ចូល​រួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១២ និង​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​២០១៣។

ការ​ស្នើ​សុំ​នេះ ដោយសារ​តែ​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កម្ពុជា ចោទ​ប្រកាន់​ជា​ច្រើន​ករណី ហើយ​បាន​កាត់​ទោស​ឲ្យ​លោក​ជាប់​គុក​ចំនួន ១២​ឆ្នាំ។

តំណាង​រាស្ត្រ​មួយ​ចំនួន​នៃ​សភា​សហភាព​អឺរ៉ុប បាន​ចោទ​ប្រកាន់​តុលាការ​កម្ពុជា​ថា ការ​កាត់​ទោស​មេ​បក្ស​ប្រឆាំង​ឲ្យ​ជាប់​គុក​រយៈ​ពេល ១២​ឆ្នាំនេះ ជា​ករណី​នយោបាយ​សុទ្ធសាធ ហើយ​ការ​កាត់​ទោស​នេះ​នឹង​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​រួម​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​២០១៣ ដែល​អាច​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៕