សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​សំណុំ​រឿង​លោក សម រង្ស៊ី នៅ​ថ្ងៃ​២០ កញ្ញា

សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​​សំណុំ​រឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ដើម្បី​ជំនុំ​ជម្រះ​ក្ដី​លើ​សំណុំ​រឿង​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​បានផ្សព្វ​ផ្សាយ​​ផែនទី​ក្លែងក្លាយ​ទាក់ទង​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្ថាយរៀង។

0:00 / 0:00

យោង​តាម​ដីកា​កោះ​​ចុះ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១១ ចុះ​ហត្ថលេខា​ដោយ​លោក ង៉ែត សារ៉ាត់ ព្រះរាជអាជ្ញា​នៃ​មហា​អយ្យការ​អម​សាលាឧទ្ធរណ៍ ​បាន​កំណត់​ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​ទៅ​ក្នុង​សវនាការ​នៅ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ខាង​​មុខ វេលា​ម៉ោង ៨​ព្រឹក។

ទោះ​យ៉ាង​ណា​លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា គណបក្ស សម រង្ស៊ី យល់​​​​ឃើញ​ថា ករណី​មេដឹកនាំ​របស់​ខ្លួន​ដែល​រង​ការ​ប្ដឹងផ្ដល់​ទៅ​កាន់​តុលាការ​ពី​សំណាក់​រដ្ឋាភិបាល​បច្ចុប្បន្ន លើ​បញ្ហា​ព្រំដែន ​ជា​​​​រឿង​​អយុត្តិធម៌។ ដូច្នេះ​លោក​មិន​ចាប់​អារម្មណ៍​ទៅ​រាល់​គ្រប់​សំណុំ​រឿង ឬ​សវនាការ​ផ្ដើម​ដោយ​រដ្ឋាភិបាល​ទៅ​លើ​មេដឹកនាំ​របស់​លោក​នោះ​ទេ ព្រោះ​លោក​យល់​ថា ករណី​លោក សម រង្ស៊ី ជា​រឿង​នយោបាយ ពិសេស​ប្រព័ន្ធ​តុលាការ​​​កម្ពុជា ជា​ស្ថាប័ន​​បម្រើ​ឲ្យ​បក្ស​កាន់​អំណាច និង​មិន​មាន​ឯករាជ្យ​នោះ​ទេ។

លោក យឹម សុវណ្ណ បន្ថែម ៖ «តុលាការ​គណបក្ស​ប្រជាជន គេ​ប្រើ​ជា​ឧបករណ៍​សម្រាប់​រំខាន​គណបក្ស សម រង្ស៊ី។ ប្រទេស​ណា​ក៏ដោយ គេ​មិន​ដែល​យក​អ្នក​ស្នេហា​ជាតិ​យក​ទៅ​កាត់​ទោស​ទេ មាន​តែ​ប្រទេស​កម្ពុជា​មួយ​ទេ ដែល​យក​អ្នក​ស្នេហា​ជាតិ​ទៅ​កាត់​ទោស អ្នក​ស្នេហា​ជាតិ អ្នក​ការពារ​ទឹក​ដី អ្នក​ការពារ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ គេ​យក​ទៅ​កាត់​ទោស នេះ​គឺ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ខក​ចិត្ត ហើយ​ជា​គំរូ​ដ៏​អាក្រក់​សម្រាប់​លើក​ទឹក​ចិត្ត​ឲ្យ​មាន​អ្នក​ស្នេហា​ជាតិ​នៅ​កម្ពុជា»

​​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១០ តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទា​ទោស​ឲ្យ​លោក សម រង្ស៊ី ជាប់​ពន្ធនាគារ​រយៈពេល ១០​ឆ្នាំ និង​បាន​ពិន័យ​ប្រាក់​សរុប ៦៥​លាន​រៀល ​ក្នុង​បទ​ផ្សព្វផ្សាយ​ផែន​​ទី​ក្លែងក្លាយ​ បន្លំ​អក្សរ​ក្នុង​ឯកសារ​សាធារណៈ និង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា មិន​មែន​តែ​រូប​លោក​ទេ​ដែល​ចាត់​ទុក​ករណី​ប្ដឹងផ្ដល់​លោក សម រង្ស៊ី ទៅ​កាន់​តុលាការ​ជា​រឿង​នយោបាយ​នោះ សូម្បី​អន្តរជាតិ​ក៏​បាន​យល់​ឃើញ​ដូច​គ្នា​ដែរ។

លោក​បន្ត​ថា ករណី​លោក សម រង្ស៊ី មេ​បក្ស​ប្រឆាំង​នៅ​កម្ពុជា ដែល​សម្ដែង​មតិ​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ទឹក​ដី​ជាមួយ​ប្រទេស​វៀត​ណាម ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​​ប្ដឹង​ដាក់​គុក​ច្រវាក់ ជា​រឿង​អយុត្តិធម៌ និង​បង្ហាញ​ពី​ការ​គាប​សង្កត់​ផ្នែក​​នយោបាយ​​ទៅ​លើ​សកម្មភាព​បក្ស​ប្រឆាំង និង​អាច​នាំ​ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​គ្មាន​ឆន្ទៈ​ស្នេហា​ជាតិ​ ចូល​រួម​ការពារ​ទឹកដី​របស់​ខ្លួន​​​ទៅ​ថ្ងៃ​អនាគត។

លោក អ៊ូ វីរៈ មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «រឿង​នេះ​ជា​រឿង​នយោបាយ​ទាំង​ស្រុង ហើយ​ខ្ញុំ​គិត​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​រឿង​នយោបាយ គឺ​ជា​ការ​គាបសង្កត់​ទៅ​លើ​សិទ្ធិ​នយោបាយ​មួយ។ ករណី​គាប​សង្កត់​នេះ​វា​អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​កាន់​តែ​ទន់​ខ្សោយ ហើយ​អ្នក​ដែល​ចង់​ធ្វើ​នយោបាយ​ទៅ​អនាគត ក្មេងៗ​ជំនាន់​ក្រោយ​ចង់​ធ្វើ​នយោបាយ គឺ​រេរា​មិន​ចង់​ធ្វើ មិន​ហ៊ាន​ធ្វើ។ ទង្វើ​បែប​នេះ​យើង​នឹង​ឃើញ​ថា កន្លែង​នយោបាយ​គឺ​សម្រាប់​តែ​អ្នក​កាប់​ចាក់។ ដូច្នេះ​អ្នក​ចេះ​ដឹង អ្នក​មាន​ឆន្ទៈ អ្នក​ចង់​ចូល​រួម គឺ​មាន​កម្រិត។ ខ្ញុំ​មើល​ឃើញ​ថា វា​ជា​រឿង​មួយ​គ្រោះថ្នាក់​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា»

ត្រង​ចំណុច​នេះ លោក យឹម សុវណ្ណ បាន​ថ្លែង​ថា វា​ចម្លែក​បំផុត​នៅ​កម្ពុជា សម្រាប់​អ្នក​ស្នេហា​ជាតិ ឬ​ហ៊ាន​ចេញ​មុខ​ការពារ​បូរណភាព​​​ទឹកដី​មិន​ឲ្យ​បាត់បង់ ឬ​មិន​ឲ្យ​បរទេស​ឈ្លានពាន ដូចជា​លោក សម រង្ស៊ី ប៉ុន្តែ​បែរ​ជា​ត្រូវ​រង​ការ​ប្ដឹងផ្ដល់​ពី​រដ្ឋាភិបាល​​ទៅ​វិញ។

លោក​បន្ត​ថា ទង្វើ និង​សកម្មភាព​គំរាម​របស់​រដ្ឋាភិបាល​ទៅ​លើ​ឥស្សរជន​បក្ស​ប្រឆាំង​នៅ​កម្ពុជា គឺ​ជា​ការ​គំរាម​ដល់​យុវជន​ស្រករ​ក្រោយ​ឲ្យ​លះ​បង់​គំនិត​ស្នេហា​ជាតិ ហើយ​ពេល​អនាគត​ប្រទេស​ជាតិ​នឹង​បាត់បង់​កម្លាំង​ស្នេហា​ជាតិ ពេល​នោះ​នឹង​នាំ​ឲ្យ​បរទេស​​​អាច​ធ្វើ​សកម្មភាព​ទន្ទ្រាន​ទឹក​ដី​កម្ពុជា បាន​តាម​គ្រប់​រូបភាព។

ទោះ​យ៉ាង​ណា​លោក យឹម សុវណ្ណ មាន​ជំនឿ​ថា លោក សម រង្ស៊ី អាច​នឹង​វិល​មក​កាន់​ប្រទេស​កម្ពុជា បាន​ចូល​រួម​ធ្វើ​សកម្មភាព​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ខាង​មុខ បន្ទាប់​ពី​មាន​ការ​​សម្រប​សម្រួល​ពី​សហគមន៍​អន្តរជាតិ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នោះ។

លោក យឹម សុវណ្ណ បន្ថែម ៖ «ដើម្បី​ឲ្យ​យុវជន​មាន​សេចក្ដី​ក្លាហាន ទាល់តែ​អ្នក​ជំនាន់​នេះ​ធ្វើ​អ្វីៗ​ឲ្យ​គិត​ទៅ​ដល់​កំហុស​ប្រវត្តិសាស្ត្រ​​របស់​ខ្លួន។ បើ​សិន​ជា​នៅ​បន្ត​គំរាមកំហែង​ដល់​អ្នក​ស្នេហា​ជាតិ អ្នក​ដែល​ហ៊ាន​ក្រោក​ឡើង​តស៊ូ​ប្រឆាំង​បរទេស​ឈ្លានពាន ជា​ពិសេស​ព្រំដែន​ខាង​កើត ពេល​យួន​បោះ​បង្គោល​ព្រំដែន​រំលោភ​ចូល​ដី​ខ្មែរ គឺ​ឯកឧត្ដម​ប្រធាន​ជា​វីរជន ដែល​ជា​គំរូ​ដល់​ប្រជាជាតិ​ទាំង​មូល។ ក៏​ប៉ុន្តែ​តុលាការ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ ដើម្បី​ការពារ​ផលប្រយោជន៍​នយោបាយ​គណបក្ស​កាន់​អំណាច ហើយ​ដើម្បី​ការពារ​នូវ​ផល​ប្រយោជន៍​បរទេស ដែល​នេះ​គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ជៀសវាង»

ទោះ​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា គ្មាន​ការ​សម្រប​សម្រួល​ណា​មួយ​លើ​ករណី​លោក សម រង្ស៊ី អាច​វិល​ចូល​ស្រុក​ចូល​រួម​បោះ​ឆ្នោត​ឃុំ​សង្កាត់ ឬ​សកល​នា​ឆ្នាំ​២០១២ និង​២០១៣ ខាង​មុខ​​​ទេ។

លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា ​សព្វថ្ងៃ​បុគ្គល សម រង្ស៊ី គឺ​ក្លាយ​ជា​ទណ្ឌិត ព្រោះ​តុលាការ​បាន​​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​សរុប​ចំនួន ១៤​ឆ្នាំ​លើ​សុំណុំ​រឿង​ក្តី ៣​ករណី​ផ្សេង​គ្នា។

លោក​ថា ករណី​លោក សម រង្ស៊ី ​គឺ​​បុគ្គល​រូប​នេះ​ពុំ​មាន​នីតិសម្បទា​​គ្រប់គ្រាន់​វិល​ចូល​ប្រឡូក​​កិច្ចការ​នយោបាយ និង​រឹតតែ​មិន​អាច​មាន​សិទ្ធិ​ចូល​រួម​ឈរ​ឈ្មោះ​​​បោះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​នា​បណ្តា​ឆ្នាំ​ខាង​មុន​នោះ​ដែរ​។

​លោក ជាម យៀប ឲ្យ​ដឹង​ថា តាម​​រដ្ឋធម្មនុញ្ញ និង​​​ច្បាប់​បោះ​ឆ្នោត​កម្ពុជា បើ​កាលណា​បុគ្គល​ណា​ម្នាក់​ក្លាយខ្លួន​ជា​ទណ្ឌិត ដោយសារ​​តែ​​​តុលាការ​កាត់​ឲ្យ​មាន​ទោស​បុគ្គល​រូប​នេះ​មិន​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន​ទេ ដូច​ជា​ករណី លោក សម រង្ស៊ី ជា​ដើម។ ប៉ុន្តែ​ករណី​លោក សម រង្ស៊ី បើ​បុគ្គល​រូប​នេះ​ចង់​វិល​មក​ធ្វើ​នយោបាយ និង​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជា​ថ្មី​ទៀត ទាល់​តែ​លោក សម រង្ស៊ី បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន ២ ភាគ ៣ នៃ​ទោស​ដែល​តុលាការ​បាន​ផ្ដន្ទាទោស​ជា​មុន​សិន។

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ត្រូវ​បាន​តុលាការ​​​កម្ពុជា បើក​សវនាការ​ផ្តន្ទា​ទោស​លើ​សំណុំ​រឿង​ក្តី​ព្រហ្មទណ្ឌ​ជា​ច្រើន​ករណី មាន​ដូចជា​សំណុំ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយ​រៀង​, សំណុំ​រឿង​ក្លែងបន្លំ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា-​វៀតណាម និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​រឿង​ក្ដី​ជាមួយ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ ការបរទេស​ប្រទេស​កម្ពុជា គិត​សរុប​មក​ដល់​ពេល​នេះ​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​សរុប​ចំនួន ១៤​ឆ្នាំ៕