លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី នៅថ្ងៃទី១៦ ខែតុលា មានប្រសាសន៍ពីប្រទេសហ្វាំងឡង់ (Finland) មកថា ក្រៅពីបានដាក់ពាក្យប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១០ ទៅតុលាការអាមេរិកលើករណីគប់គ្រាប់បែកលើហ្វូងបាតុករកាលពីឆ្នាំ១៩៩៧ រូបលោកបានដាក់ពាក្យបណ្ដឹងជាច្រើនទៀតទៅកាន់តុលាការល្បីៗនៅប្រទេសអឺរ៉ុប។
មេបក្សប្រឆាំងរូបនេះបន្ថែមថា ការស្វែងរកកិច្ចអន្តរាគមន៍ពីតុលាការអន្តរជាតិពេលនេះ គឺដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះដែលបានស្លាប់ និងរងរបួសនៅក្នុងហេតុការណ៍គប់គ្រាប់បែកនោះ។
ទោះយ៉ាងនេះក្ដី លោក សម រង្ស៊ី មិនទាន់បានបញ្ជាក់ច្បាស់ពីឈ្មោះប្រទេស និងមានប្រទេសណាខ្លះដែលរូបលោកបានដាក់ពាក្យ និងគ្រោងដាក់ពាក្យបណ្ដឹងប្ដឹងលោក ហ៊ុន សែន ក្នុងសំណុំរឿងគប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧ នោះទេ ដោយអះអាងថា កុំឲ្យលោក ហ៊ុន សែន ដឹងខ្លួនជាមុន។
ថ្លែងក្នុងសន្និសីទកាសែតផ្សាយផ្ទាល់ពីប្រទេសហ្វាំងឡង់ នៅថ្ងៃទី១៦ ខែតុលា នាទីស្នាក់ការក្រុងភ្នំពេញ លោក សម រង្ស៊ី មានប្រសាសន៍ដូច្នេះ ៖ «ឲ្យលោក ហ៊ុន សែន គាត់ញ័រម្ដងទៀត ប៉ុន្តែខ្លាំងជាងមុនទៀត។ សូមជម្រាបថា មានប្រទេសមួយចំនួនទៀត ដូចជាប្រទេសអេស្ប៉ាញ ប្រទេសប៊ែលហ្សិក ប្រទេសហុល្លង់ ឥឡូវហ្នឹងខ្ញុំទៅរៀបចំពាក្យបណ្ដឹងនៅប្រទេសហុល្លង់ដែរ។ ខ្ញុំមិនត្រូវប្រាប់ទេ ខ្ញុំចង់ឲ្យពេលណាឲ្យលោក ហ៊ុន សែន ភ្លាត់ស្នៀតឲ្យគេអូសកគាត់ទៅកាត់ទោស។ ខ្ញុំចង់ឃើញលោក ហ៊ុន សែន ជាប់ខ្នោះ អ៊ីចឹងហើយបានជាខ្ញុំខំប្រឹងដាក់ពាក្យប្ដឹងឲ្យគ្រប់ទីកន្លែង»។
ឆ្លើយតបមេដឹកនាំបក្សប្រឆាំង លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យ និងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការអះអាងពីការដាក់ពាក្យប្ដឹងថ្នាក់ដឹកនាំកម្ពុជា របស់លោក សម រង្ស៊ី ថា គ្រាន់តែជាសម្រែកប្រមាថគ្មានន័យ និងធ្វើឡើងដើម្បីបំពុលបរិយាកាសដល់ពលរដ្ឋ និងសង្គមជាតិប៉ុណ្ណោះ។
លោកថា ការដាក់ពាក្យបណ្ដឹងរបស់លោក សម រង្ស៊ី ទៅកាន់តុលាការក្រៅប្រទេស គឺមិនមានឥទ្ធិពលដល់ប្រមុខដឹកនាំរដ្ឋាភិបាលខ្មែរ ដែលប្រសូតចេញពីការបោះឆ្នោតស្របច្បាប់នោះទេ ៖ «គ្រាន់តែជាសារបញ្ចេញឲ្យគេដឹងថា លោកកំពុងតែប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ដើម្បីជាចរិតមានៈរបស់លោកក្នុងការប្រយុទ្ធប្រឆាំង មាក់ងាយដល់សម្ដេចតេជោ។ ដែនសមត្ថកិច្ចរបស់តុលាការ វាមិនអាចមកដាក់សម្ពាធលើសម្ដេចតេជោ ហ៊ុន សែន ដែលជាឥស្សរជនកំពូលនៅក្នុងកម្ពុជាបាននោះទេ»។
ទោះយ៉ាងនេះក្ដី លោក សម រង្ស៊ី បានអះអាងថា សំណុំរឿងគប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧ ប៉ូលិសសហរដ្ឋអាមេរិកបានស្រាវជ្រាវរកឃើញមុខសញ្ញាជនសង្ស័យនៅពីក្រោយខ្នងការគប់គ្រាប់បែក កាលពីឆ្នាំ១៩៩៧ បានមួយចំនួនហើយ និងកំពុងស៊ើបអង្កេតបន្តទៀត។
លោក សម រង្ស៊ី អះអាងបន្ថែមដូច្នេះ ៖ «ពីព្រោះការគប់គ្រាប់បែកនៅមុខរដ្ឋសភាហ្នឹង គឺប៉ូលិសអាមេរិកាំងស៊ើប គេមិនទាន់សម្មតថា លោក ហ៊ុន សែន ១០០%ទេ ប៉ុន្តែ ១០០% គឺអង្គរក្សលោក ហ៊ុន សែន ដែលមានមេៗឈ្មោះ ហ៊ីង ប៊ុនហៀង និង ហ៊ុយ ពិសិដ្ឋ ហើយការស៊ើបអង្កេតនេះឃើញថា មានបញ្ជាពីលោក ហ៊ុន សែន»។
លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា ការដាក់ពាក្យបណ្ដឹងប្ដឹងលោក ហ៊ុន សែន ទៅតុលាការនៅក្រៅប្រទេសពេលនេះ មិនមែនដើម្បីធ្វើជាថ្នូរឲ្យរូបលោកបានវិលចូលស្រុកខ្មែរ ឬឲ្យរូបលោករួចផុតពីការចោទប្រកាន់នៅតុលាការនៅកម្ពុជានោះទេ ប៉ុន្តែលោកមានបំណងរំដោះប្រទេសកម្ពុជា ចេញពីរបបផ្ដាច់ការ ដែលជាក្ដីប្រាថ្នារបស់ពលរដ្ឋខ្មែរទូទៅ មិនមែនជាផលប្រយោជន៍បុគ្គល សម រង្ស៊ី នោះទេ៕
