លោក សម រង្ស៊ី អះអាង​ថា​នឹង​មក​កម្ពុជា​វិញ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣

ជា​ថ្មី​ម្ដង​ទៀត លោក សម រង្ស៊ី បញ្ជាក់​ជំហរ​ជា​ថ្មី​ថា លោក​នឹង​បង្ហាញ​វត្តមាន​នៅ​ប្រទេស​កម្ពុជា យ៉ាង​យូរ​ក្នុង​រយៈពេល ២ខែ​ខាង​មុខ​ទៀត​នេះ ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៣ ខាង​មុខ ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។
ដោយ ម៉ម មុនីរតន៍ និង ម៉ៅ សុធានី
2012-10-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សម រង្ស៊ី តុលា​២០១២ ៣០៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​តាម​វីដេអូ​ខនហ្វើរ៉ែន (Video Conference) កាល​ពី​ថ្ងៃ​ទី២ ខែ​តុលា ឆ្នាំ​២០១២។
RFA/Morm Moniroth

ទាក់​ទិន​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​របស់​រដ្ឋាភិបាល មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​ចាត់​ទុក​ថា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​តុលាការ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (Cambodia National Rescue Party) អះអាង​ថា លោក​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៣ ខាង​មុខ ខណៈ​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ ១២ឆ្នាំ ក្រោម​បទ​បរិហារកេរ្តិ៍ និង​ដក​តម្រុយ​បង្គោល​ព្រំដែន។

លោក សម រង្ស៊ី បញ្ជាក់​ជំហរ​ប្រាប់​ក្រុម​អ្នក​រត់​ម៉ូតូឌុប និង​រ៉ឺម៉ក​កង់​បី នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស សិទ្ធិ​មនុស្ស ក្នុង​រាជធានី​ភ្នំពេញ​ថា លោក​នៅ​តែ​អាច​មក​កម្ពុជា​វិញ និង​ចូល​រួម​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង បាន​ហៅ​សាលក្រម​ដែល​សម្រេច​ឲ្យ​លោក​មាន​ទោស​របស់​តុលាការ​ក្រុង​ភ្នំ​ពេញ ក្នុង​ពេល​កន្លង​ទៅ​នេះ​ថា ពុំ​មាន​ឥទ្ធិពល​អ្វី​ចំពោះ​ការ​វិល​ត្រឡប់​មក​ចូល​ឆាក​នយោបាយ​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា នោះ​ទេ។

ថ្លែង​តាម​វីដេអូ​ខនហ្វើរ៉ែន (Video Conference) លោក សម រង្ស៊ី ចាត់​ទុក​ការ​រក​ឃើញ​ថា លោក​មាន​ទោស​នេះ​ថា គឺ​ជា​រឿង​នយោបាយ និង​ជា​សេចក្ដី​សម្រេច​ស្ថិត​ក្រោម​សម្ពាធ​របស់​អ្នក​មាន​អំណាច៖ «ខ្ញុំ​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ មក​រួម​ចំណែក​ក្នុង​ការ​ដឹកនាំ​ប្រទេស ហើយ​មុន​ដឹកនាំ​ប្រទេស ដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ មាន​ចរន្ត​ខ្លាំង​ណាស់​បង​ប្អូន ចរន្ត​ខ្លាំង​ណាស់​មិន​យូរ​ទេ ព្រឹត្តិការណ៍​ដើរ​លឿន​ណាស់​បង។ បងប្អូន​ចាំ​មើល តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត យ៉ាង​យូរ​ប៉ុន្មាន​ខែ​ទៀត នឹង​មាន​ការ​ប្រែប្រួល​ល្អ ពីព្រោះ​ពិភពលោក​ទាំង​មូល​យល់​ច្បាស់​អំពី​ស្ថានការណ៍​ប្រទេស​កម្ពុជា វា​នាំ​មក​នូវ​គ្រោះថ្នាក់»

ការ​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ កើត​ចេញ​ពី​ការ​រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​សម្រេច​ចុះ​បញ្ជី និង​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា ជា​គណបក្ស​នយោបាយ​ដែល​មាន​សិទ្ធិ​ក្នុង​ការ​ប្រកួត​ប្រជែង​ដណ្ដើម​កៅអី​នៅ​ក្នុង​រដ្ឋសភា សម្រាប់​អាណត្តិ​នាយក​រដ្ឋមន្ត្រី នា​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា អ្វី​ដែល​ក្រសួង​មហាផ្ទៃ​ផ្តល់​ភ្លើង​ខៀវ​ជា​ផ្លូវ​ការ សម្រាប់​ដំណើរ​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ នេះ ក៏​ព្រោះ​តែ​គណបក្ស​សង្គ្រោះ​ជាតិ មាន​លក្ខណៈ​គ្រប់គ្រាន់​តាម​ផ្លូវ​ច្បាប់ និង​ឆន្ទៈ​របស់​ពលរដ្ឋ។

ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ក្នុង​ការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី ឬ​យ៉ាង​ណា​នោះ​ទេ។ លោក​បញ្ជាក់​ថា នេះ​គឺ​ជា​កាតព្វកិច្ច និង​ការ​ទទួល​ខុស​ត្រូវ​របស់​តុលាការ៖ «ខ្ញុំ អា​ហ្នឹង​មើល​នៅ​ក្នុង​សម្រេច​របស់​តុលាការ​ទៅ សេចក្ដី​សម្រេច​របស់​តុលាការ​ហ្នឹង ជា​ទិសដៅ​មួយ​ដែល​យើង​ត្រូវ​អនុវត្ត​នោះ។ តែ​ចាត់​វិធានការ​យ៉ាង​ណា ខ្ញុំ​អត់​ដឹង ពី​ព្រោះ​អានេះ​ជា​ការងារ​របស់​តុលាការ»

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា និកហ្វិក (NECFECT) លោក​គិត​ថា ប្រសិន​បើ​រដ្ឋាភិបាល​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​លោក សម រង្ស៊ី ដូច​ការ​រក​ឃើញ​របស់​តុលាការ​មែន​នោះ មាន​ន័យ​ថា ជា​បរិបទ​នយោបាយ​ថ្មី​មួយ​សម្រាប់​កម្ពុជា ចំពោះ​ឆាក​អន្តរជាតិ បន្ទាប់​ពី​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ គឺ​លោក ម៉ម សូណង់ដូ ត្រូវ​បាន​ផ្ដន្ទាទោស​ចំនួន ២០ឆ្នាំ។

ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​លោក សម រង្ស៊ី ជា​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ

អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ថ្លែង​នៅ​ថ្ងៃ​ទី២ តុលា ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន យល់​ព្រម​ទទួល​ស្គាល់​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​ថ្មី​នេះ​ហើយ។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២ គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស សុខ​ចិត្ត​បញ្ចូល​គ្នា​បង្កើត​ជា​គណបក្ស​ថ្មី ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​សកល ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣។

លោក សម រង្ស៊ី ដែល​កំពុង​និរទេស​នៅ​ប្រទេស​បារាំង បាន​ថ្លែង​តាម​វីដេអូ នៅ​ថ្ងៃ​អង្គារ នេះ​ថា លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា មុន​ការ​បោះ​ឆ្នោត​សកល។ លោក សម រង្ស៊ី សម្ដែង​ក្តី​សុទិដ្ឋិនិយម​ថា​នឹង​មាន​ដំណោះស្រាយ​នយោបាយ ក្នុង​ការ​អនុញ្ញាត​ឲ្យ​លោក​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

តាម​ប្រភព​ព័ត៌មាន​អេ.ភី (AP)  អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក កែវ រ៉េមី ថ្លែង​ប្រតិកម្ម​ថា ប្រសិន​បើ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​កម្ពុជា​វិញ លោក​នឹង​ត្រូវ​ចាប់​ឃាត់​ខ្លួន បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពូរង្សី អើយ !!​បើពូមិនមកឲ្យលឿនទេ  ពិតជាស្លាប់អស់ហើយស្រុកយើង!!!

Oct 04, 2012 04:53 AM

អ្នក​អាន​អនាមិក

Stop act like a chicken and keep running away. Come back and face reality!!!

Oct 03, 2012 02:33 PM

អ្នក​អាន​អនាមិក

ពី ប្រទសបារាំង

ល្មមឈប់ព្រុសទៅរាំង ស៊ី បើមិនផែះទេ
កុំហុយ នាំឱ្យខ្មាសខ្មោច។ ប៉ុន្មានដង
ហើយដែលខំស្រែកនោះ? មនុស្សគេ
យកសម្ដី យ៉ាងនេះ តើរាំង ស៊ី នៅសល់អីទៀត ក្រៅពីរត៉ពួន ដូចកូន
បៀមដែ ?

Oct 03, 2012 01:41 PM

រួមរិត

ពី បារាំង

តើស្រុកខ្មែរនឹងរញ្ជួយយ៉ាងម៉េចទៅបើគ្មានសម​​រង្ស៊ី?បើឥលូវម៉មសូណង់ដូត្រូវជាប់គុក20ឆ្នាំ

Oct 03, 2012 12:06 PM

អ្នក​អាន​អនាមិក

I do not wish to see you jump into DEATH WELL.I wish all of KHMER ,regardless their political tendency,live well on their own MOTHER LAND without persecution from any one.

Oct 03, 2012 10:06 AM

មើល​មតិ​ទាំង​អស់.