លោក សម រង្ស៊ី អះអាង​ថា​នឹង​មក​កម្ពុជា​វិញ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣

ជា​ថ្មី​ម្ដង​ទៀត លោក សម រង្ស៊ី បញ្ជាក់​ជំហរ​ជា​ថ្មី​ថា លោក​នឹង​បង្ហាញ​វត្តមាន​នៅ​ប្រទេស​កម្ពុជា យ៉ាង​យូរ​ក្នុង​រយៈពេល ២ខែ​ខាង​មុខ​ទៀត​នេះ ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៣ ខាង​មុខ ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

0:00 / 0:00

ទាក់​ទិន​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​របស់​រដ្ឋាភិបាល មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​ចាត់​ទុក​ថា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​តុលាការ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (Cambodia National Rescue Party) អះអាង​ថា លោក​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៣ ខាង​មុខ ខណៈ​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ ១២ឆ្នាំ ក្រោម​បទ​បរិហារកេរ្តិ៍ និង​ដក​តម្រុយ​បង្គោល​ព្រំដែន។

លោក សម រង្ស៊ី បញ្ជាក់​ជំហរ​ប្រាប់​ក្រុម​អ្នក​រត់​ម៉ូតូឌុប និង​រ៉ឺម៉ក​កង់​បី នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស សិទ្ធិ​មនុស្ស ក្នុង​រាជធានី​ភ្នំពេញ​ថា លោក​នៅ​តែ​អាច​មក​កម្ពុជា​វិញ និង​ចូល​រួម​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង បាន​ហៅ​សាលក្រម​ដែល​សម្រេច​ឲ្យ​លោក​មាន​ទោស​របស់​តុលាការ​ក្រុង​ភ្នំ​ពេញ ក្នុង​ពេល​កន្លង​ទៅ​នេះ​ថា ពុំ​មាន​ឥទ្ធិពល​អ្វី​ចំពោះ​ការ​វិល​ត្រឡប់​មក​ចូល​ឆាក​នយោបាយ​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា នោះ​ទេ។

ថ្លែង​តាម​វីដេអូ​ខនហ្វើរ៉ែន (Video Conference) លោក សម រង្ស៊ី ចាត់​ទុក​ការ​រក​ឃើញ​ថា លោក​មាន​ទោស​នេះ​ថា គឺ​ជា​រឿង​នយោបាយ និង​ជា​សេចក្ដី​សម្រេច​ស្ថិត​ក្រោម​សម្ពាធ​របស់​អ្នក​មាន​អំណាច៖ «ខ្ញុំ​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ មក​រួម​ចំណែក​ក្នុង​ការ​ដឹកនាំ​ប្រទេស ហើយ​មុន​ដឹកនាំ​ប្រទេស ដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ មាន​ចរន្ត​ខ្លាំង​ណាស់​បង​ប្អូន ចរន្ត​ខ្លាំង​ណាស់​មិន​យូរ​ទេ ព្រឹត្តិការណ៍​ដើរ​លឿន​ណាស់​បង។ បងប្អូន​ចាំ​មើល តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត យ៉ាង​យូរ​ប៉ុន្មាន​ខែ​ទៀត នឹង​មាន​ការ​ប្រែប្រួល​ល្អ ពីព្រោះ​ពិភពលោក​ទាំង​មូល​យល់​ច្បាស់​អំពី​ស្ថានការណ៍​ប្រទេស​កម្ពុជា វា​នាំ​មក​នូវ​គ្រោះថ្នាក់»

ការ​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ កើត​ចេញ​ពី​ការ​រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​សម្រេច​ចុះ​បញ្ជី និង​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា ជា​គណបក្ស​នយោបាយ​ដែល​មាន​សិទ្ធិ​ក្នុង​ការ​ប្រកួត​ប្រជែង​ដណ្ដើម​កៅអី​នៅ​ក្នុង​រដ្ឋសភា សម្រាប់​អាណត្តិ​នាយក​រដ្ឋមន្ត្រី នា​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា អ្វី​ដែល​ក្រសួង​មហាផ្ទៃ​ផ្តល់​ភ្លើង​ខៀវ​ជា​ផ្លូវ​ការ សម្រាប់​ដំណើរ​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ នេះ ក៏​ព្រោះ​តែ​គណបក្ស​សង្គ្រោះ​ជាតិ មាន​លក្ខណៈ​គ្រប់គ្រាន់​តាម​ផ្លូវ​ច្បាប់ និង​ឆន្ទៈ​របស់​ពលរដ្ឋ។

ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ក្នុង​ការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី ឬ​យ៉ាង​ណា​នោះ​ទេ។ លោក​បញ្ជាក់​ថា នេះ​គឺ​ជា​កាតព្វកិច្ច និង​ការ​ទទួល​ខុស​ត្រូវ​របស់​តុលាការ៖ «ខ្ញុំ អា​ហ្នឹង​មើល​នៅ​ក្នុង​សម្រេច​របស់​តុលាការ​ទៅ សេចក្ដី​សម្រេច​របស់​តុលាការ​ហ្នឹង ជា​ទិសដៅ​មួយ​ដែល​យើង​ត្រូវ​អនុវត្ត​នោះ។ តែ​ចាត់​វិធានការ​យ៉ាង​ណា ខ្ញុំ​អត់​ដឹង ពី​ព្រោះ​អានេះ​ជា​ការងារ​របស់​តុលាការ»

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា និកហ្វិក (NECFECT) លោក​គិត​ថា ប្រសិន​បើ​រដ្ឋាភិបាល​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​លោក សម រង្ស៊ី ដូច​ការ​រក​ឃើញ​របស់​តុលាការ​មែន​នោះ មាន​ន័យ​ថា ជា​បរិបទ​នយោបាយ​ថ្មី​មួយ​សម្រាប់​កម្ពុជា ចំពោះ​ឆាក​អន្តរជាតិ បន្ទាប់​ពី​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ គឺ​លោក ម៉ម សូណង់ដូ ត្រូវ​បាន​ផ្ដន្ទាទោស​ចំនួន ២០ឆ្នាំ។

ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​លោក សម រង្ស៊ី ជា​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ

អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ថ្លែង​នៅ​ថ្ងៃ​ទី២ តុលា ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន យល់​ព្រម​ទទួល​ស្គាល់​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​ថ្មី​នេះ​ហើយ។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២ គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស សុខ​ចិត្ត​បញ្ចូល​គ្នា​បង្កើត​ជា​គណបក្ស​ថ្មី ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​សកល ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣។

លោក សម រង្ស៊ី ដែល​កំពុង​និរទេស​នៅ​ប្រទេស​បារាំង បាន​ថ្លែង​តាម​វីដេអូ នៅ​ថ្ងៃ​អង្គារ នេះ​ថា លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា មុន​ការ​បោះ​ឆ្នោត​សកល។ លោក សម រង្ស៊ី សម្ដែង​ក្តី​សុទិដ្ឋិនិយម​ថា​នឹង​មាន​ដំណោះស្រាយ​នយោបាយ ក្នុង​ការ​អនុញ្ញាត​ឲ្យ​លោក​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

តាម​ប្រភព​ព័ត៌មាន​អេ.ភី (AP) អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក កែវ រ៉េមី ថ្លែង​ប្រតិកម្ម​ថា ប្រសិន​បើ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​កម្ពុជា​វិញ លោក​នឹង​ត្រូវ​ចាប់​ឃាត់​ខ្លួន បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។