គោលដៅធំនៃបាតុកម្មនេះ ជាការធ្វើបាតុកម្មលើអាកាសប្លែកមួយ ដោយមានការបង្ហោះប៉េងប៉ោងជាច្រើនពាន់ទៅលើអាកាស និងភ្ជាប់សារទាមទារមួយចំនួន ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ជួយដោះស្រាយ។
ក្រុមបាតុករប្រមាណ ២០នាក់ បានស្រែកហៅឈ្មោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា មុននឹងពួកគេបង្ហោះប៉េងប៉ោងជិត ២ពាន់នៅខាងមុខស្នាក់ការកណ្ដាលរបស់គណបក្ស សម រង្ស៊ី ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប៉េងប៉ោងដែលមានភ្ជាប់ទង់ជាតិសហរដ្ឋអាមេរិក រូបថតរូបលោក អូបាម៉ា និងសារសរសេរថា ពលរដ្ឋត្រូវការប្រជាធិបតេយ្យពិតប្រាកដ ខ្លះទៀតសរសេរថា កម្ពុជា គ្មានយុត្តិធម៌ និងអក្សរកាត់ អេស.អូ.អេស (SOS) ជាសញ្ញាប្រកាសអាសន្ន បានបង្ហោះទៅលើលំហអាកាស។ ទន្ទឹមនឹងការបង្ហោះប៉េងប៉ោងដូចគ្នានេះ ធ្វើឡើងព្រមគ្នានៅក្នុងតំបន់បឹងកក់។
អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ឲ្យដឹងថា អត្ថន័យនៃសារដែលប្រជាពលរដ្ឋចង់ផ្ញើទៅលោក អូបាម៉ា គឺចង់ឲ្យលោកផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋរងគ្រោះរឿងទំនាស់ដីធ្លី ស្នើសុំដោះលែងលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ពិតប្រាកដនៅកម្ពុជា សុំឲ្យជួយអន្តរាគមន៍ការវិលត្រឡប់ជាថ្មីរបស់លោក សម រង្ស៊ី និងលទ្ធិប្រជាធិបតេយ្យ។
បាតុកម្មលើអាកាសដោយមានការបង្ហោះប៉េងប៉ោងនាំសារទៅមេដឹកនាំនៃប្រទេសមហាអំណាចនេះ គឺជាផ្នែកមួយនៃបាតុកម្មអហិង្សាមហាសកម្ម ដែលរៀបចំឡើងដោយក្រុមចលនាយុវជនគណបក្ស សម រង្ស៊ី។ ទោះជាយ៉ាងណា ការដង្ហែក្បួនយុវជនជិះម៉ូតូនៅតាមដងផ្លូវ ដែលស្ថិតនៅក្នុងចង្កោមបាតុកម្មអហិង្សាមហាសកម្មនេះ ត្រូវបានសមត្ថកិច្ចរារាំង។
ក្រុមចលនាយុវជនគណបក្ស សម រង្ស៊ី មានពាក់អាវយឺតរូប បារ៉ាក់ អូបាម៉ា ត្រូវបានប៉ូលិសឃាត់ដំណើរតាមផ្លូវ នៅពេលពួកគេមានបំណងប្រមូលផ្តុំតវ៉ាសុំអន្តរាគមន៍ពីលោក អូបាម៉ា នៅមុខស្ថានទូតអាមេរិក ដើម្បីបង្ហាញពីការមិនគោរពសិទ្ធិមនុស្សនៅកម្ពុជា។
សមត្ថកិច្ចចរាចរណ៍ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ និងក្រុមកងបង្ក្រាបបាតុកម្មប្រមាណ ៤០នាក់ បានរារាំងក្បួនដង្ហែរបស់ក្រុមបាតុករ មិនឲ្យធ្វើដំណើរទៅមុខបាន ក្រោមរូបភាពដាក់កុងត្រូលត្រួតពិនិត្យមើលពន្ធម៉ូតូ ពន្ធផ្លូវជំនួសវិញ។ ការរារាំងដំណើរក្បួនបាតុករនោះ មិនឈានទៅដល់ការប្រើអំពើហិង្សាណាមួយនោះទេ តែក្រុមចលនាយុវជនគណបក្សប្រឆាំង និងសមត្ថកិច្ច បានទាស់ពាក្យសម្ដីគ្នាខ្លាំងៗនៅតាមដងផ្លូវ ធ្វើឲ្យអ្នកដំណើរខ្លះឈប់មើលរហូតមានការកកស្ទះចរាចរណ៍ខ្លះនៅតាមបណ្តោយផ្លូវជាតិលេខ២។
ក្រុមសមត្ថកិច្ចបញ្ជាក់ថា គ្មានបំណងណាមួយរារាំងក្រុមយុវជនគណបក្ស សម រង្ស៊ី នេះនោះទេ តែជាកាតព្វកិច្ច សមត្ថកិច្ចគ្រាន់តែធ្វើការត្រួតពិនិត្យចរាចរណ៍ ហើយចៃដន្យក្រុមយុវជនទាំងនោះមិនមានឯកសារពន្ធម៉ូតូត្រឹមត្រូវ ទើបមានការឃាត់ទុកដោះស្រាយតាមច្បាប់ ហើយការអនុវត្តនេះ ធ្វើគ្រប់ប្រជាពលរដ្ឋទូទៅ។
យ៉ាងណាក៏ដោយ អ្នកស្រី រស់ សុភ័ណ្ឌ ដែលត្រូវសមត្ថកិច្ចឃាត់ម៉ូតូយកទៅរក្សាទុកបណ្ដោះអាសន្ននៅស្នងការនគរបាលក្រុងភ្នំពេញ បញ្ជាក់ថា មូលហេតុសំខាន់ដែលសមត្ថកិច្ចរារាំងដំណើរពួកគាត់នោះ ដោយសារតែពួកគាត់មានពាក់អាវរូបលោក បារ៉ាក អូបាម៉ា ហើយប្រការនេះមិនពាក់ព័ន្ធនឹងការមិនគោរពច្បាប់ចរាចរណ៍នោះទេ។
គម្រោងការដង្ហែក្បួនម៉ូតូ មិនអាចប្រព្រឹត្តទៅតាមការគ្រោងទុកក៏ពិតមែន តែក្រុមអ្នកតវ៉ារឿងទំនាស់ដីធ្លីច្រើនសហគមន៍ បានប្រមូលផ្តុំគ្នាតវ៉ានៅតំបន់បឹងកក់ និងមានការបង្ហោះប៉េងប៉ោងព្រមៗគ្នាទៅនឹងការបង្ហោះប៉េងប៉ោងនៅស្នាក់ការកណ្ដាលរបស់គណបក្ស សម រង្ស៊ី៕

ក្រុមយុវជនគណបក្ស សម រង្ស៊ី ជួបជុំគ្នានៅទីស្នាក់ការគណបក្សក្នុងសង្កាត់ចាក់អង្រែ មុនពេលចេញដំណើរ។

ប៉ូលិសឃាត់ក្បួនជិះម៉ូតូរបស់ក្រុមយុវជនបក្ស សម រង្ស៊ី សួរនាំរកក្រដាសពន្ធម៉ូតូ...។

ប៉ូលិសឃាត់ក្បួនជិះម៉ូតូរបស់ក្រុមយុវជនបក្ស សម រង្ស៊ី សួរនាំរកក្រដាសពន្ធម៉ូតូ...។

ប៉ូលិសឃាត់ក្បួនជិះម៉ូតូរបស់ក្រុមយុវជនបក្ស សម រង្ស៊ី សួរនាំរកក្រដាសពន្ធម៉ូតូ...។

ប៉ូលិសចាប់យកម៉ូតូរបស់ក្រុមយុវជនបក្ស សម រង្ស៊ី។

តំណាងយុវជនគណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ សួរនាំសមត្ថកិច្ចពីមូលហេតុនៃការរារាំង និងចាប់យកម៉ូតូ។
