ក្រុមយុវជន យុវតី ជានិស្សិតមកពីសកលវិទ្យាល័យទូទាំងរាជធានីភ្នំពេញជិត៣០០នាក់ ព្រមទាំងព្រះសង្ឃជាច្រើនអង្គផង នៅថ្ងៃ ១៨ មិថុនានេះ បាននាំគ្នាធ្វើយុទ្ធនាការបោសសម្អាតសំរាម កាកសំណល់ផ្សេងៗនៅតាមទីសាធារណៈនានានៃទីក្រុងនេះ ក្នុងគោលបំណងជួយលើកកម្ពស់សុខភាពនិងការរក្សាអនាម័យហើយនិងបរិស្ថានជុំវិញខ្លួនឲ្យបានល្អ ពីព្រោះសព្វថ្ងៃនេះគេបានឃើញថាបញ្ហាបោះចោលសំរាមនៅមិនទាន់មានសណ្ដាប់ធ្នាប់ល្អទេ។
ក្នុងចំណោមនិស្សិតដែលកំពុងដើររើសសំរាមនៃយុទ្ធនាការនោះយុវនារីមួយរូបឈ្មោះ ឆា វ៉ាន់ណេត ដែលក្នុងដៃរបស់នាងមានកាន់ស្បោងពណ៌ខ្មៅទុកដាក់សំរាម បាននិយាយថា គេជានិស្សិតសកលវិទ្យាល័យបៀលប្រាយ ហើយបានមកចូលរួមសម្អាតទីក្រុងនេះគឺមិនត្រឹមតែចង់បង្ហាញពីទឹកចិត្តផ្ទាល់ខ្លួននោះទេ ក្នុងនោះក៏ដើម្បីចង់ដាស់ស្មារតីមនុស្សគ្រប់រូបឲ្យមានចិត្ដស្រឡាញ់ការរស់នៅស្អាតដើម្បីសុខភាពទាំងអស់គ្នា។
យុវនារី ឆា វ៉ាន់ណេត បាននិយាយថា ៖ «យើងម្នាក់ៗត្រូវតែរួមគ្នាដើម្បីការពារបរិស្ថានរបស់យើង»។
និស្សិតនារីមួយរូបទៀតឈ្មោះ លីនណា បានបញ្ជាក់ដែរថា នាងចង់ឲ្យមានយុទ្ធនាការនេះញឹកញាប់ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីការក្សាអនាម័យនេះ ពីព្រោះការមានអនាម័យគឺនាំមកនូវផលចំណេញច្រើន ជាពិសេសគឺសុខភាព ៖ «ទាក់ទាញភ្ញៀវបរទេស។ បើមានកម្មវិធីហ្នឹងទៀតពួកខ្ញុំអាចចូលរួមទៀត»។
ព្រះសង្ឃព្រះពុទ្ធសាសានាជាច្រើនអង្គដែលបានចូលរួមក្នុងយុទ្ធនាការនោះក៏បានបង្ហាញអំពីសារសំខាន់នៃការថែរក្សាអនាម័យនោះដែរដោយបានលើកយកពុទ្ធឱវាទមកសម្ដែង។
ព្រះតេជគុណមួយអង្គ ព្រះនាម អឿន សំអាត ក្នុងចំណោមព្រះសង្ឃទាំងនោះបានបញ្ជាក់យ៉ាងដូច្នេះ ៖ «ការមិនមែនរោគគឺលាភដ៏ធំបំផុតសម្រាប់មនុស្សយើងហើយ មានកម្លាំងកំហែង មានពេលវេលាប្រកបអាជីវកម្មផ្សេងៗដើម្បីជីវិតរបស់យើងល្អប្រសើរ។ ព្រះពុទ្ធលោកសម្ដែងបន្ថែមទៀតថា... មានតែការធ្វើអនាម័យហ្នឹងឯងនាំឲ្យយើងមានសុខភាពល្អ»។
លោក ព្រាប កុល នាយកប្រតិបត្តិប្រចាំប្រទេសនៃក្រុមហ៊ុន AngkorOne.com ដែលជាអ្នកផ្ដើមគំនិតធ្វើយុទ្ធនាការសម្អាតទីក្រុងនោះ បានប្រាប់ឲ្យដឹងដែរថា នេះជាលើកទី១ហើយដែលក្រុមហ៊ុនរបស់លោកបានធ្វើការងារនេះដើម្បីចូលរួមចំណែកជួយដល់សង្គមខ្មែរក្នុងការថែរក្សាបរិស្ថានរស់នៅឲ្យបានល្អស្អាត។
លោក ព្រាប កុល បានបញ្ជាក់ថា ៖ «ហើយយើងជឿជាក់ថា នៅពេលដែលយើងទាំងអស់គ្នាជាខ្មែរ រួបរួមគ្នានឹងអាចធ្វើបាន»។
លោកបានឲ្យដឹងទៀតថា បន្ទាប់ពីយុទ្ធនាការនេះគេរំពឹងថានឹងមានធ្វើជាបន្តទៀត ប៉ុន្តែមិនទាន់កំណត់ពេលជាក់លាក់ទេ។
ទាក់ទងនឹងការបោះចោលកាកសំណល់សំរាមនេះអ្នកជំនាញផ្នែកសុខភាពធ្លាប់បានបញ្ជាក់ជារឿយៗដែរថា បើគេមិនវេចខ្ចប់ឬទុកដាក់ទៅតាមក្បួនអនាម័យឲ្យបានត្រឹមត្រូវទេ កាកសំណល់នោះនឹងជាប្រភពចម្លងមេរោគមួយដែលបង្កឲ្យកើតជំងឺផ្សេងៗមានដូចជាជំងឺរាកជាដើម៕
