លោក ស ខេង បញ្ជា​មិន​ឲ្យ​ប៉ូលិស​ប្រើ​អាវុធ​ពេល​ចុះ​បង្ក្រាប​អ្នក​តវ៉ា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​សំដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​នៃ​ការ​បាញ់​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ និង​អ្នក​តវ៉ា​បញ្ហា​ផ្សេងៗ ដែល​ចេះ​តែ​កើត​មាន​ជា​បន្តបន្ទាប់​រយៈពេល​កន្លង​មក។

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ជា​ឧបនាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​អគ្គស្នងការ​នគរបាល​ជាតិ មិន​អនុញ្ញាត​ឲ្យ​កង​កម្លាំង​នគរបាល​ជាតិ​ប្រើប្រាស់​អាវុធ​នៅ​ពេល​ដែល​ចុះ​ទៅ​បង្ក្រាប​កម្មករ​រោងចក្រ និង​ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ​ដី​នោះ​ទេ នៅ​ថ្ងៃ​អនាគត ដើម្បី​ជៀសវាង​ការ​បាញ់​សម្លាប់ ឬ​បង្ក​របួស​ស្នាម​ធ្ងន់ធ្ងរ​ដល់​អ្នក​តវ៉ា​ទាំង​នោះ។

ការ​ប្រើ​ដំបង​ឆក់ និង​ខែល​ការពារ​ខ្លួន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ពេល​ដែល​ចុះ​ទៅ​បង្ក្រាប​ការ​តវ៉ា​ទាមទារ​ដីធ្លី និង​បាតុកម្ម​របស់​កម្មករ​រោងចក្រ។

បទ​បញ្ជា​នេះ​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់​មាត់​ចំពោះ​មុខ​អភិបាល​ខេត្ត​នានា ស្នងការ​នគរបាល​ខេត្ត និង​អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្ដមសេនីយ៍ នេត សាវឿន នៅ​ក្នុង​សន្និបាត​បូក​សរុប​ស្ថានការណ៍​សន្តិសុខ​ឆ្នាំ​២០១១ និង​លើក​ទិសដៅ​សំរាប់​ឆ្នាំ​២០១២ នៅ​ឯ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១២។

លោក ស ខេង បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​នគរបាល​ត្រូវ​តែ​ស្វែង​រក​ការ​ពិត​នៃ​ឫសគល់​នៃ​អំពើ​ហិង្សា​ដែល​បាន​ផ្ទុះ​ឡើង គឺ​មិន​ត្រូវ​កាន់​ជើង​ភាគី​ក្រុមហ៊ុន ឬ​ភាគី​ប្រជាពលរដ្ឋ​ទេ។ អាជ្ញាធរ​នគរបាល​ត្រូវ​តែ​ប្រកាន់​ជំហរ​អព្យាក្រឹត ឬ​អាជ្ញាកណ្ដាល មិន​ត្រូវ​ការពារ​ក្រុមហ៊ុន​ដើម្បី​លាភ​សក្ការៈ​នោះ​ទេ។

លោក ស ខេង៖ «ប៉ុន្តែ​ជា​បឋម ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យើង​ឈរ​លើ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​មុន ហើយ​យើង​ក៏​មាន​គោលនយោបាយ​ដើម្បី​គាំទ្រ​ការ​វិនិយោគ​ទាំង​ឡាយ​ផង​ដែរ។ យើង​ឈរ​លើ​សច្ចភាព​មួយ​ច្បាស់លាស់ តម្លាភាព។ យើង​មាន​កាតព្វកិច្ច​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ តែ​យើង​គ្មាន​សិទ្ធិ​បាញ់​លើ​ប្រជាជន​ទេ អា​ហ្នឹង​សុំ​អស់​លោក​អភិបាល​ខេត្ត​ស្ដាប់​អា​ហ្នឹង​ឲ្យ​ច្បាស់។ ទាំង​គេ ទាំង​យើង ឧបមា​ថា គេ​បាញ់​យើង​វិញ តើ​យើង​វេទនា​យ៉ាង​ណា យើង​ពិបាក​ប៉ុណ្ណា ក្នុង​កំហុស​តិចតួច​ដែល​មិន​សម​ថា គេ​បាញ់​នោះ?»

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន បាន​មាន​ប្រសាសន៍​ថា លោក​សាទរ​នឹង​បទ​បញ្ជា​នេះ ដោយ​លោក​សុំ​ឲ្យ​នគរបាល​នៅ​ថ្នាក់​មូលដ្ឋាន​អនុវត្ត​បទបញ្ជា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «យើង​សុំ​កុំ​ឲ្យ​មាន​ការ​បង្ក្រាប​នៅ​ពេល​ដែល​មាន​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី អា​ហ្នឹង​ទី​១។ ទី​២ អាជ្ញាធរ​ហ្នឹង​ត្រូវ​ឈរ​នៅ​កណ្ដាល​ក្នុង​ការ​ការពារ​សុវត្ថិភាព មិន​លំអៀង​ទៅ​ដល់​ភាគី​ណា​មួយ ជា​ពិសេស​ជា​ទូទៅ​គឺ​លំអៀង​ទៅ​លើ​និយោជក នៅ​ពេល​គេ​ឲ្យ​លុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក​ថ្លៃ​អី​ចឹង​ទៅ គឺ​ចាប់​ផ្ដើម​លំអៀង​ទៅ​ភាគី​និយោជក​ហើយ»

សេចក្ដី​ព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១២ គឺ​ក្រោយ​ពេល​ដែល​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា និង​បាញ់​កម្មការិនី​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នោះ ឲ្យ​រង​របួស​ធ្ងន់​ចំនួន ៣​នាក់ នៅ​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ ថ្មីៗ​នេះ។

ស្រប​ពេល​នេះ​ដែល​សហភាព​ការងារ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​សុំ​ឲ្យ​អាជ្ញាធរ​នគរបាល​ចាប់​ខ្លួន​ជនល្មើស និង​បាន​ថ្កោលទោស​ការ​បាញ់​ប្រហារ​នោះ​ថា ជា​អំពើ​កាច​ហាវ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។