ភាព​មិន​ប្រក្រតី​ក្នុង​ពន្ធនាគារ​ខេត្ត​បាត់ដំបង

ប្រភព​ព័ត៌មាន​ពី​ពន្ធនាគារ​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​បាន​កើត​មាន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​នោះ។

0:00 / 0:00

ពន្ធនាគារ​ខេត្ត​បាត់ដំបង កំពុង​កើត​មាន​រឿង​អាស្រូវ​ជា​ច្រើន​ ដូច​ជា​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ​អ្នក​អ្នក​ទោស​ជួញដូរ​ថ្នាំ​ញៀន ​និង​អនុញ្ញាត​ឲ្យ​អ្នកទោស​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ក្នុង​ពន្ធនាគារ​ជា​ដើម។

ករណី​ទាំង​នេះ ​ត្រូវ​បាន​អ្នក​ទោស​ចោទ​ថា ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​ពន្ធនាគារ​ពីរ​រូប​ មាន​ឋានៈ​ជា​អនុប្រធាន​ពន្ធនាគារ ទទួល​បន្ទុក​ប្រតិបត្តិ​ និង​ប្រធាន​ផ្នែក​ការិយាល័យ​ប្រតិបត្តិ។

ប្រភព​ពី​អ្នក​ទោស​នៅ​ក្នុង​គុក​ ខេត្ត​បាត់ដំបង ​បាន​ថ្លែង​ដោយ​សុំ​លាក់​ឈ្មោះ​ថា ប្រធាន​ផ្នែក​ការិយាល័យ​ប្រតិបត្តិ​ លោក​ យ៉ន ​សុវឿត និង​លោក ​តាម ​វៃ ​អនុ​ប្រធាន​ពន្ធនាគារ​ទទួល​បន្ទុក​ប្រតិបត្តិ​ បាន​ប្រើ​អំណាច​គាបសង្កត់​លើ​អ្នកទោស​ ដោយ​បាន​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ​ ជេរ​ប្រមាថ។ នៅ​ក្នុង​ពន្ធនាគារ​ ពួកគេ​ឲ្យ​អ្នកទោស​ប្រើ​ទូរស័ព្ទ។ ការ​ប្រើ​ទូរស័ព្ទ​របស់​លោក យ៉ន សុវឿត ​ម្ដង​ត្រូវ​​បង់​ថ្លៃ​ក្បាល​បញ្ជី​ចំនួន ៣.០០០​រៀល។

អ្នក​ទោស​បាន​បញ្ជាក់​ថា៖ «ការ​ហៅ​ទូរស័ព្ទ​ចេញ​ម្ដងៗ​ក្នុង​មួយ​នាទី​ថ្លៃ ២.០០០​រៀល និង​ការ​ហៅ​ទូរស័ព្ទ​ពី​ក្រៅ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​ ត្រូវ​បាន​លោក យ៉ន សុវឿត យក​ថ្លៃ ៥០០​រៀល​ក្នុង​មួយ​នាទី។ ទន្ទឹម​គ្នា​នេះ ​លោក យ៉ន សុវឿត​ បាន​ ហាម​មិន​ឲ្យ​អ្នក​ទោស​ប្រើប្រាស់​ទូរស័ព្ទ​មន្ត្រី​អនុរក្ស​ផ្សេង​នោះ​ឡើយ តែ​បើ​ហ៊ាន​ប្រើ នៅ​ពេល​លោក​ចាប់​បាន គឺ​ត្រូវ​ដក​ហូត​យក​ទូរស័ព្ទ​ ​ដាក់​ពិន័យ​មន្ត្រី​នោះ​ និង​​កាត់​ប្រាក់​ខែ​ទៀត»

វិទ្យុ​អាស៊ី​សេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​ប្រធាន​ផ្នែក​ការិយាល័យ​ប្រតិបត្តិ​ លោក​ យ៉ន សុវឿត ដើម្បី​សុំ​សេចក្តី​បញ្ជាក់​ពី​ករណី​ទាំង​នេះ​បាន​ទេ។ ប៉ុន្តែ​លោក តាម វៃ ​អនុ​ប្រធាន​ពន្ធនាគារ​ទទួល​បន្ទុក​ប្រតិបត្តិ​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

លោក​បញ្ជាក់​ថា ការ​បែក​ធ្លាយ​ព័ត៌មាន​នេះ គឺ​ជា​រឿង​មូល​បង្កាច់​ខុស​ពី​ការ​ពិត​ទាំង​អស់៖ «អត់​មាន​អ្នក​ណា​ទៅ​ប្រព្រឹត្ត​បទល្មើស​អី​របស់​អ្នក​ទោស​ខាង​លើ​ទេ។ ខ្ញុំ​សុំ​បដិសេធ ព្រោះ​ខាង​ខ្ញុំ​មិន​អាច​ទៅ​ធ្វើ​អ៊ីចឹង​កើត​ទេ​ ខាង​ខ្ញុំ​គឺ​រិត​ណាស់! បញ្ហា​ទូរស័ព្ទ​អី​មិន​ដូច​កន្លែង​ផ្សេង​ទេ ​គឺ​ថា​ អោយ​តែ​ចូល​ព្យាយាម​ចាប់​ធ្វើ​កំណត់​ហេតុ​ បិទ មន្ត្រី​ប្រើ​បាន ប៉ុន្តែ​គាត់​មិន​អាច​យក​ទៅ​ឲ្យ​អ្នក​ទោស​ប្រើប្រាស់​បាន​ទេ ជា​ការ​កំណត់​របស់​យើង​វា​អ៊ីចឹង។ ប្រហែល​ជា​ពួកគាត់​មាន​ការ​ខឹងសម្បា​អី​ដោយ​សារ​ពួក​ខ្ញុំ​ចាប់​ទូរស័ព្ទ។ ប៉ុន្មាន​ថ្ងៃ​មុន​របស់​មន្ត្រី​ គឺ​ថា ​មិន​អាច​យក​មក​ប្រើ​ប្រាស់ ​​គាត់​អាច​ប្រើ​ជា​បុគ្គល​នៅ​ក្នុង​ពន្ធនាគារ​មិន​អាច​យក​ឲ្យ​អ្នកទោស​ប្រើ​បាន​ទេ»

ប្រភព​ពី​អ្នកទោស​បាន​បន្ត​ថា ​នៅ​មាន​រឿង​យក​លុយ​ពី​អ្នក​ទោស​ជា​ច្រើន​ថែម​ទៀត។ ប្រភព​បាន​បន្ត​ថា បើ​សិន​ជា​អ្នក​ទោស​ណា​ធ្វើ​ខុស ​ហើយ​មាន​លុយ​បង់​ពី ៥០ ទៅ ១០០​ដុល្លារ​ទៅ​ឲ្យ​លោក យ៉ន សុវឿត។ អ្នកទោស​រូប​នោះ និង​រួច​ខ្លួន តែ​បើ​ពុំ​មាន​លុយ​បង់​ទេ គេ​នឹង​ដាក់​ពិន័យ​បិទទ្វារ​គុក​ឃុំ​ខ្លួន​ពី ៣​ខែ ទៅ ៦​ខែ។ មាន​ពេល​ខ្លះ​គេ​បាន​ហៅ​អ្នកទោស​ទៅ​សួរ​ចម្លើយ​នៅ​ក្នុង​បន្ទប់​ការិយាល័យ​ដោយ​បាន​ជេរ​ប្រមាថ ​និង​ពេល​ខ្លះ​បាន​ធ្វើ​ទារុណកម្ម​ទៅ​លើ​អ្នកទោស​ធ្ងន់ធ្ងរ​ថែម​ទៀត។

ជាក់​ស្ដែង​មាន​ជម្លោះ​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​អគារ​អា នៅ​យប់​ថ្ងៃ​ទី​៣១ ខែ​សីហា ​ឆ្នាំ​២០១២ វេលា​ម៉ោង​ប្រហែល ៧​យប់។ ជម្លោះ​នោះ​បង្ក​ឡើង​រវាង​ពិរុទ្ធជន​ឈ្មោះ សោម ស៊ីណុច ជា​អ្នកទោស​ចូល​ថ្មី​ និង​អ្នក​ទោស​ម្នាក់​ទៀត​ឈ្មោះ ​ទិត ឧត្ដម​គំនិត។ អ្នក​ទោស​ឈ្មោះ ឧត្ដម​គំនិត បាន​ទៅ​ទាត់​ពិរុទ្ធជន ឈ្មោះ សោម ស៊ីណុច មួយ​ជើង បណ្ដាល​ឲ្យ​សន្លប់។ នៅ​គ្រា​នោះ មេ​អគារ​បាន​ហៅ​អ្នក​ទោស​ឈ្មោះ ​សោម ស៊ីណុច មក​ដាក់​ស្នាក់​​នៅ​ក្រៅ​បន្ទប់។

លោក យ៉ន សុវឿត ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​នោះ ហើយ​បាន​ធ្វើទារុណកម្ម​​ទៅ​លើ​ឈ្មោះ ​ទិត​ ឧត្ដមគំនិត យ៉ាង​ទម្ងន់។ បាន​ពីរ​បី​ថ្ងៃ​ក្រោយ ​មក​ពួក​គេ​បាន​ហៅ​អ្នកទោស​ទាំង​ពីរ​នាក់​នោះ​មក​សម្រប​សម្រួល​ ហើយ​បាន​បង្គាប់​ឲ្យ​ឈ្មោះ ​ទិត​ ឧត្ដមគំនិត​ បង់​ប្រាក់​ជំងឺ​ចិត្ត​ទៅ​ឲ្យ​ឈ្មោះ ​សោម ស៊ីណុច ​ចំនួន​ ១​លាន​រៀល​ ប៉ុន្តែ​ជន​រងគ្រោះ​ឈ្មោះ ​សោម ​ស៊ីណុច ទទួល​បាន​តែ ៤០​ម៉ឺន​រៀល​ ប៉ុណ្ណោះ។

ប្រភព​បន្ត​ថា៖ «ថ្មី​ៗ​នេះ ​លោក យ៉ន សុវឿត បាន​យក​លុយ​ពី​អ្នក​ទោស​ចំនួន ៥​នាក់ ជា​ថ្នូរ​ទៅ​ការ​តែងតាំង​ឲ្យ​ធ្វើ​ជា​មេ​អគារ​នៅ​ក្នុង​គុក។ ក្នុង​ម្នាក់ៗ​យក​លុយ​ពី ២០០​ដុល្លារ​ ទៅ ២៥០​ដុល្លារ។ អ្នក​ទោស​ចំនួន ៥​នាក់​នោះ មាន​ឈ្មោះ ​គឹម ​សុវណ្ណារ៉ា ឈ្មោះ ​លឿង ​សុហេង ឈ្មោះ ​ម៉ើក ចាន់ថន ​ឈ្មោះ ​ង៉ាន ស៊ុង និង​ឈ្មោះ ​ផេង សេង។ ពេល​ទទួល​បាន​លុយ​ហើយ​ ក៏​តែ​តាំង​ឈ្មោះ​អ្នក​ទោស​ទាំង​ប្រាំ​នាក់​ឲ្យ​ធ្វើ​ជា​មេ​អគារ​ភ្លាម​នៅ​ក្នុង​ពន្ធនាគារ»

លោក​បន្ត​ថា ក្នុង​រយៈ​កាល​កន្លង​មក​នេះ ​មាន​អ្នកទោស​ប្ដឹង​ពេទ្យ​នៅ​ក្នុង​ពន្ធនាគារ​លើ​ករណី​ព្យួរ​សេរ៉ូម​ឲ្យ​អ្នក​ជំងឺ​មួយ​ផ្លោក​យក​ថ្លៃ ២០​ម៉ឺន​រៀល។ អ្នក​ទោស​នោះ ​គ្រាន់តែ​ដួល​រលាត់​កែងដៃ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ មាន​អ្នកទោស​ម្នាក់​ទៀត ​គ្រាន់​តែ​ពេទ្យ​លាង​ស្នាម​របួស​កើត​បូស​បន្តិច​ ទារ​យក​លុយ​បី​ម៉ឺន​រៀល។ ករណី​នេះ ​អ្នកទោស​ទាំង​ពីរ​នាក់​ បណ្ដឹង​ឲ្យ​ជួយ​ដោះស្រាយ ​តែ​គ្មាន​អ្នកណា​ជួយ​ដោះស្រាយ​ឲ្យ​នោះ​ទេ។

អ្នក​ទោស​ដដែល​បន្ត​ថា ​មាន​ករណី​ចាប់​បាន​ថ្នាំ​ញៀន​នៅ​ក្នុង​ពន្ធនាគារ​ពី​អ្នក​ទោស​ជា​ច្រើន​ទៀត ដែល​ពួកគេ​បាន​បិទ​បាំង​មិន​ឲ្យ​បែក​ធ្លាយ​ចេញ​មក​ខាង​ក្រៅ។ ជាក់​ស្ដែង​មាន​អ្នកទោស​ឈ្មោះ ​សាន សំបូរ និង ជា សំអាត​ បាន​យក​ថ្នាំ​ញៀន​ចូល​ក្នុង​ពន្ធនាគារ តែ​មន្ត្រី​អនុរក្ស​ចាប់​បាន​ហើយ ប៉ុន្តែ​បែរ​ជា​មិន​បាន​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទោស​ទេ បែរ​ជា​ខិត​ខំ​លាក់​បាំង​មិន​ឲ្យ​បែក​ធ្លាយ​ចេញ​ទៅ​ខាង​ក្រៅ។ មាន​អ្នក​ទោស​ឈ្មោះ សេង វីរៈ បាន​ទិញ​ទឹក​ចិត្ត​មន្ត្រី​ពន្ធនាគារ​ពី​រូប តាម​រយៈ​ការ​ទិញ​ម៉ូតូ​ឡាន​សេរី​ថ្មី​ឲ្យ​​ ប៉ុន្តែ​នៅ​ពេល​បែក​រឿង​ជួញដូរ​ថ្នាំញៀន​នៅ​ក្នុង​គុក ស្រាប់​តែ​គេ​ប្តូរ​ឈ្មោះ សេង វីរៈ ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ជាប់​​ពាក់ព័ន្ធ​ដល់​មន្ត្រី​ពន្ធនាគារ​​ខេត្ត​បាត់ដំបង។ ចំណែក​ឯ​អ្នក​ទោស​ជា​ស្ត្រី​ បើ​សិន​ជា​អ្នក​ទោស​ណា​ក្មេង​ហើយ​មាន​រូប​ស្អាត​ គឺ​គេ​យក​ទៅ​ឲ្យ​បម្រើ​ តែ​បើ​អ្នក​មិន​ព្រម​ទេ​ មន្ត្រី​ពន្ធនាគារ​រូប​នោះ ​ត្រូវ​បិទ​ទ្វារ​គុក។ ដូច្នេះ​ហើយ​អ្នកទោស​ខ្លាច​ក៏​ព្រម​ទៅ​បម្រើ​ មិន​ថា ​នៅ​ពេល​យប់ និង​នៅ​ពេល​ថ្ងៃ​នោះ​ទេ។

អ្នក​ទោស​មិន​បញ្ចេញ​ឈ្មោះ៖ «ជាក់​ស្ដែង​នៅ​ថ្ងៃ​ទី​២៣​ ខែ​សីហា ​ឆ្នាំ​២០១២​ វេលា​ម៉ោង​ជាង​ ៦​ល្ងាច ពេល​ដែល​អ្នក​ទោស​ចូល​អគារ​អស់ លោក ​យ៉ង ​សាវឿត ​បាន​ហៅ​ស្រី​ជា​អ្នក​ទោស ​ឈ្មោះ ងួន ផាវិន ហៅ វីន យក​ទៅ​រួម​ភេទ​យ៉ាង​សប្បាយ​នៅ​ក្នុង​បន្ទប់​រោងសិប្បកម្ម ដោយ​មាន​ឈ្មោះ ទាវ ឆាយ ជា​អ្នក​មើល​ចាំ​ផ្លូវ»

ប្រធាន​សម្រប​សម្រួល​របស់​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង ​លោក​ សុន តឹក បាន​ថ្លែង​ថា​ ករណី​ទាំង​ ៥​ចំណុច​នេះ​ គឺ​ខុស​ច្បាប់៖ «អំពើ​មិន​ប្រក្រតី​ទាំង ៥​ចំណុច ​មាន​អំពើ​ពុករលួយ មាន​ការ​ឃុំ​ខ្លួន និង​ការ​គំរាម​កំហែង​លើ​ស្ត្រី ​ហើយ​និង​ប៉ះពាល់​ផ្នែក​សីលធម៌​ខ្លះ​នៅ​ក្នុង​ពន្ធនាគារ​ យើង​គិត​ថា​ វា​ជា​ ការ​ខុស​ច្បាប់»

អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង ​បាន​ស្នើ​ឲ្យ​ស្ថាប័ន​អយ្យការ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ និង​ នាយកដ្ឋាន​ពន្ធនាគារ​របស់​ក្រសួង​មហាផ្ទៃ ​ត្រូវ​ចាត់​វិធានការ​ចុះ​ស្រាវជ្រាវ ​ស៊ើប​អង្កេត ​និង​មាន​ វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។