អភិបាលខេត្តប៉ៃលិន លោក អ៊ី ឈាន បានមានប្រសាសន៍ថា ការដែលអាជ្ញាធរខេត្តសម្រេចយកព្រះបរមរូប ព្រះបាទស្រីជេដ្ឋា ព្រះស្ដេច កន មកដាក់លើកំផែងជំនួសរូបសំណាកតេជោ តំ ឌិន គឺដោយរូបសំណាកមេទ័ពតេជោ តំ ឌិន ត្រូវបានគេសូនរូបឡើងមានព្រះសិរទាបជាងក្បាលសេះ មើលទៅមិនសម និងគ្មានអំណាច។
លោក អ៊ី ឈាន បន្ថែមថា ៖ «យើងអត់មានអីខុសទេ ព្រោះនេះជាស្ដេចខ្លាំងពូកែដូចគ្នា តេជោ តំ ឌិន ក៏ជាអ្នកខ្លាំងពូកែ ស្តេច កន ក៏ជាអ្នកខ្លាំងពូកែ ប៉ុន្តែយើងត្រូវរៀបចំរូបចម្លាក់យ៉ាងម៉េចឲ្យរាងអំណាច ឲ្យរាងខ្លាំងពូកែ ហើយឲ្យមានឥទ្ធិពល»។
លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បន្ថែមថា ការដាក់តម្កល់តាំងព្រះបរមរូប ព្រះបាទស្រីជេដ្ឋា ព្រះស្ដេច កន ក្នុងខេត្តប៉ៃលិននេះ គឺជានិមិត្តរូបនៃវីរភាពអង់អាចខ្លាហានរបស់មេទ័ពខ្មែរក្នុងការឈរការពារទឹកដីខ្មែរ ៖ «នេះជាគុណប្រយោជន៍របស់អ្នកក្លាហានសម័យមុន ទី២ ដើម្បីពញ្ញាក់អារម្មណ៍បងប្អូនប្រជាពលរដ្ឋ និងយុវជនការពារជាតិយើង ឲ្យឃើញថា រូបនេះជារូបសំណាកមួយក្លាហាន ដែលមានស្មារតីអង់អាចពីមុនមក»។
មានប្រជាពលរដ្ឋ និងមន្ត្រីរាជការជាង ៦០០នាក់ បាននាំគ្នាចូលរួមក្នុងពិធីលើកតម្កល់ព្រះបរមរូប ព្រះបាទស្រីជេដ្ឋា ព្រះស្តេច កន ដាក់លើកំផែងជំនួសរូបសំណាកមេទ័ព តេជោ តំ ឌិន កាលពីល្ងាចថ្ងៃអង្គារ ទី២១ ខែកញ្ញា នៅភូមិបេង សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នៅក្នុងពិធីលើកតម្កល់ព្រះបរមរូប ព្រះបាទស្រីជេដ្ឋា ស្តេច កន នៅក្នុងខេត្តប៉ៃលិន កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ក៏មានព្រះសង្ឃជាច្រើនអង្គសូត្រមន្ត និងមានការប្រគំភ្លេងពិណពាទ្យផងដែរ។
ចំណែកឯមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ រួមទាំងអ្នកស្រុកក្នុងខេត្តប៉ៃលិន ក៏បាននាំគ្នាដុតធូប ទៀន ធ្វើការបួងសួងតាមជំនឿរបស់ពួកគេរៀងៗខ្លួន។
ព្រះបាទស្រីសេដ្ឋា ព្រះស្ដេច កន គឺជាស្ដេចខ្មែរមួយអង្គសោយរាជ្យនៅរាជធានីស្រឡប់ពិជ័យព្រៃនគរ ចាប់តាំងពីគ្រឹះសករាជ ១៥១២ រហូតដល់គ្រឹះសករាជ ១៥២៥ បច្ចុប្បន្នរាជធានីនេះមានភូមិសាស្ត្រស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
រូបសំណាកស្តេច កន ដែលគេលើកតម្កល់ដាក់លើកំផែង មានជិះលើខ្នងសេះ ដៃកាន់ធ្នូបាញ់ចេញគ្រាប់ព្រួញ ៧គ្រាប់ មានបណ្ដោយខ្លួនសេះប្រវែង ២,៩ម៉ែត្រ មានកម្ពស់ ៣,៣ម៉ែត្រ។
ស្តេច កន គឺជាអង្គក្សត្រដែលមានបុណ្យបារមី មានទឹកចិត្តក្លាហាន មានថ្វីដៃគ្មានគូប្រៀប និងមានប្រាជ្ញាភ្លឺថ្លាមោះមុត។ ក្នុងព្រះរាជកិច្ចដឹកនាំ ព្រះអង្គបានធ្វើឲ្យវិស័យវប្បធម៌ សេដ្ឋកិច្ច សង្គមកិច្ច មានការអភិវឌ្ឍក្រៃលែង ហើយបានបោះរូបិយវត្ថុប្រាក់ស្នឹង និងមានមាសសន្លឹកចាយលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា៕