មន្ត្រីនៃអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពត លោកស្រី ទ្រី ឈួន បានមានប្រសាសន៍ថា ការចរចានោះ នឹងធ្វើឡើងនៅឯឆ្នេរភូមិរលួស ដើម្បីដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋបានតវ៉ាប្រឆាំងនឹងក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន កំពតផត និងក្រុមហ៊ុន កែវ ជា Property and Development។
លោកស្រី ទ្រី ឈួន បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុន កំពតផត របស់លោក ឧកញ៉ា វិញ ហួរ កំពុងបូមខ្សាច់និងចាក់ដីលុបឆ្នេរសមុទ្រ ដែលប្រជាពលរដ្ឋចោទថា បណ្ដាលឲ្យបាត់បង់ជម្រកមច្ឆជាតិ នៅក្នុងសមុទ្រ ហើយធ្វើឲ្យប្រជាពលរដ្ឋទាំងនោះ មិនអាចនេសាទត្រីនិងក្ដាមសមុទ្រដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន។ ចំណែកឯក្រុមហ៊ុន កែវ ជា Property and Development នោះ មិនទាន់បានធ្វើសកម្មភាពបូមខ្សាច់ចាក់បំពេញផ្ទៃសមុទ្រនោះឡើយ។
លោកស្រី ទ្រី ឈួន មានប្រសាសន៍ដូច្នេះថា ៖ «គាត់តវ៉ាទៅនឹង ស.ជ.ណ. [សេចក្ដីជូនដំណឹង]ពីរ ដែលរដ្ឋាភិបាលចេញឲ្យក្រុមហ៊ុន ចាក់ដីបំពេញ»។
គួរជម្រាបថា កាលពីថ្ងៃ២៣ សីហា ប្រជាពលរដ្ឋជាអ្នកនេសាទ ប្រមាណ ២០០នាក់ រស់នៅភូមិកែបថ្មី ភូមិរលួស និងភូមិទទឹងថ្ងៃ ឃុំបឹងទូក បាននាំគ្នាមកតវ៉ានៅតំបន់ឆ្នេរនៃភូមិរលួសប្រឆាំងនឹងការបូមខ្សាច់បំពេញផ្ទៃសមុទ្ររបស់ក្រុមហ៊ុនទាំងពីរ មិនមែននាំគ្នាមកតវ៉ានៅមុខការិយាល័យអង្គការសិទ្ធិមនុស្ស អាដហុក ខេត្តកំពត ហើយក្រុមហ៊ុនទាំងពីរនោះ មិនមែនឈ្មោះ កែវ ជា Limited និងក្រុមហ៊ុន Development ដូចការផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីល្ងាចមិញនោះឡើយ។
ការតវ៉ារបស់ប្រជាពលរដ្ឋនោះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន កំពតផត បានដំណើរការបូមខ្សាច់បានចំនួនបី ឬបួនថ្ងៃ។
ប្រធានក្រុមហ៊ុន កំពតផត លោកឧកញ៉ា វិញ ហួរ បានមានប្រសាសន៍ថា ការបូមខ្សាច់របស់ក្រុមហ៊ុនបានធ្វើឡើងតាមជំនាញច្បាស់លាស់។ លោក ឧកញ៉ា វិញ ហួរ បានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនរបស់លោកនឹងព្យាយាមដោះស្រាយបញ្ហាជាមួយនឹងប្រជាពលរដ្ឋឲ្យបានសមស្រប តាមរយៈការចរចានៅថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។
លោកឧកញ៉ា វិញ ហួរ មានប្រសាសន៍ដូច្នេះថា ៖ «អានេះ ខាងជំនាញ ជាមួយរាជរដ្ឋាភិបាល គេមានគោលការណ៍ច្បាស់លាស់ណាស់ គេរៀបចំអស់ហើយទេតើ! ដល់ពេលនិយាយអ៊ីចឹង ខ្ញុំអត់យល់ដែរ។ បើសិនជាប្រជាជនគាត់លើកអ៊ីចឹង ចាំមើលយើងទៅជួបគ្នាស្អែក នឹងដឹងហើយ។ កន្លែងណា គេមិនយល់ ខ្ញុំអាចដោះឲ្យបាន ខ្ញុំដោះឲ្យ អត់អីទេ»។
មិនអាចទាក់ទងក្រុមហ៊ុន កែវជា Property and Development ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នោះបានទេ។
បើតាមលិខិត ស.ជ.ណ. ដែលវិទ្យអាស៊ីសេរីទទួលបានពីអង្គការអាដហុក ចុះថ្ងៃទី២៥ មេសា ឆ្នាំ២០០៧ ហើយចុះហត្ថលេខាដោយរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប៊ុន អ៊ុយ បានអនុញ្ញាតឲ្យក្រុមហ៊ុន កំពតផត បូមខ្សាច់ចាក់បំពេញពង្រីក ផ្ទៃដីចំនួន១០០០ ហិកតារ ដើម្បីបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស កំពត។ ហើយបើតាមលិខិតស.ជ.ណ. ដោយឡែកមួយទៀត ចុះថ្ងៃទី៣ មិថុនា ឆ្នាំ២០០៨ ហើយត្រូវបានចុះហត្ថលេខាដោយលោក ប្រាក់ សុខុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យក្រុមហ៊ុន ឈ្មោះ កែវ ជា Property and Development បូមខ្សាច់ និងចាក់ដីលុប ឆ្នេរសមុទ្រ ទំហំប្រមាណ ២០០ហិកតារ នៅភូមិកែបថ្មី និងភូមិទទឹងថ្ងៃ ឃុំបឹងទូក ដើម្បីវិនិយោគអភិវឌ្ឍន៍តំបន់ទេសចរណ៍៕
