លោក ថោង ខុន៖ កម្ពុជា​ឈ្នះ​មេដាយ​៥០​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម

ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម (SEA Games) លើក​ទី​២៦ ដែល​ប្រទេស​ឥណ្ឌូនេស៊ី ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ចប់​ជា​ផ្លូវ​ការ​ហើយ។ មន្ត្រី​​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អះអាង​ថា នៅ​ក្នុង​ការ​ប្រកួត​នេះ កីឡាករ​កម្ពុជា​បាន​ឈ្នះ​មេដាយ​ចំនួន ៥០ លើ​វិញ្ញាសា ​៩​ប្រភេទ។

ប្រទេស​ឥណ្ឌូនេស៊ី បាន​បិទ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​២៦ របស់​ខ្លួន​ជា​ស្ថាពរ​រួច​ហើយ កាល​ពី​ទី​២២ ខែ​វិច្ឆិកា។ ការ​ប្រកួត​នេះ​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១១។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​​ទី​២៣ ខែ​វិច្ឆិកា ថា ស៊ី​ហ្គេម​ឆ្នាំ​នេះ​កីឡាករ​កម្ពុជា ទទួល​បាន​មេដាយ​សរុប​ចំនួន ៥០ គឺ​មេដាយ​មាស ៨ ប្រាក់​ចំនួន ១៧ និង​សំរឹទ្ធ​ចំនួន ២៥​មេដាយ។

លោក ថោង ខុន ឲ្យ​ដឹង​បន្ថែម​ដូច្នេះ៖ «យើង​បាន​មេដាយ​ទាំង​អស់​ចំនួន ៥០​មេដាយ គឺ​កើន​លើស​ឆ្នាំ​២០០៩ នៅ​ប្រទេស​ឡាវ ទីក្រុង​វៀងចាន់ ១០​មេដាយ។ មេដាយ​មាស​បាន​ចំនួន ៨ កើន​លើស ៥។ មេដាយ​ប្រាក់​ចំនួន ១៧ កើន​លើស ៧ និង​មេដាយ​សំរឹទ្ធ​ទទួល​​បាន ២៥​មេដាយ»

ទោះ​យ៉ាង​ណា ចំនួន​មេដាយ​ដែល​លោក ថោង ខុន បាន​អះអាង គឺ​ខុស​គ្នា​ទៅ​នឹង​តារាង​ចំណាត់​ថ្នាក់​​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម របស់​ឥណ្ឌូនេស៊ី ដែល​បង្ហាញ​ក្នុង​វ៉ឹបសាយ ដែល​ថា កម្ពុជា​ទទួល​បាន​មេដាយ​ចំនួន​៣៩។ មេដាយ​មាស ៤ ប្រាក់ ១១ និង​សំរឹទ្ធ​ចំនួន ២៤។

ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​នេះ កម្ពុជា​បាន​បញ្ជូន​កីឡាករ​ចំនួន ១៦៣​នាក់ ទៅ​ចូល​រួម​ប្រកួត​លើ​ប្រភេទ​កីឡា​ចំនួន ២០​ប្រភេទ និង​ឈ្នះ​លើ​វិញ្ញាសា​ចំនួន​៩។ វិញ្ញាសា​ទាំង​នេះ​រួម​មាន ​កីឡា​យូដូ ចំបាប់ ប្រដាល់ វាយ​កូន​បាល់ វូស៊ូ វ៉ូវីណាម សូរីងហ្ស៊ី-ខេមប៉ូ ប៉េតង់ និង​តេក្វាន់ដូ។

លោក តែម ម៉ឺន ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ស្ម័គ្រ​ចិត្ត។ លោក​មាន​ប្រសាសន៍​ថា ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៦ នៅ​​ឥណ្ឌូនេស៊ី សហព័ន្ធ​លោក​បាន​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​ចំនួន ៦​នាក់ ដោយ​ទទួល​បាន​មេដាយ​សំរឹទ្ធ​ចំនួន ៣ ក្នុង​ប្រភេទ​ទម្ងន់ ៨១​គីឡូក្រាម ៧៥​គីឡូក្រាម និង​៦៤​គីឡូក្រាម។ លោក​មាន​ជំនឿ​ថា កីឡា​ប្រដាល់​កម្ពុជា នឹង​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត ព្រោះ​បើ​ពិនិត្យ​លើ​សន្ទុះ​កីឡា​ប្រដាល់​សព្វថ្ងៃ​នេះ​មាន​ការ​​​​​រីក​ចម្រើន​ទាំង​កម្លាំង និង​បច្ចេកទេស​ជា​បន្តបន្ទាប់។

ប្រទេស​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​អនុក្រឹត្យ​មួយ ដើម្បី​ផ្ដល់​រង្វាន់​ដល់​កីឡាករ ដែល​ប្រកួត​ឈ្នះ​បាន​មេដាយ​មាស ប្រាក់ ឬ​សំរឹទ្ធ ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម។ ក្នុង​នោះ​មេដាយ​មាស​១ ទទួល​បាន​ថវិកា​ចំនួន ៦​ពាន់​ដុល្លារ។ មេដាយ​ប្រាក់​ទទួល​បាន ៤​ពាន់​ដុល្លារ និង​មេដាយ​សំរឹទ្ធ​ទទួល​បាន​ថវិកា ២​ពាន់​ដុល្លារ។

ទាក់ទង​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ទៅ​លើ​កីឡាករ​ដែល​ទទួល​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ក្នុង​រង្វង់​ទឹក​ប្រាក់​ចាប់​ពី ១​ពាន់​ដុល្លារ ដល់ ៣​ពាន់​ដុល្លារ​សម្រាប់​កីឡាករ​ម្នាក់។

លោក​មាន​ប្រសាសន៍​ដូច្នេះ​ក្នុង​វេទិកា​លើក​ទី​១៦ រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន នា​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១១៖ «ខ្ញុំ​ថា បើ​សិន​ជា​ក្មួយៗ​ទៅ​ប្រកួត​ទទួល​បាន​មេដាយ​មាស ខ្ញុំ​ផ្ដល់​ជូន​មេដាយ​មាស ៣​ពាន់​ដុល្លារ។ មេដាយ​ប្រាក់ ២​ពាន់​ដុល្លារ និង​សំរឹទ្ធ ១​ពាន់​ដុល្លារ​អាមេរិក»

តារាង​ចំណាត់ថ្នាក់​ចំនួន​មេដាយ​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​២៦ នៅ​ឥណ្ឌូនេស៊ី ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​តាម​វ៉ឹបសាយ បាន​បង្ហាញ​ថា ប្រទេស​ឥណ្ឌូនេស៊ី ឈរ​ក្នុង​លំដាប់​លេខ​១ ទទួល​បាន​មេដាយ​សរុប​ចំនួន ៤៧៦ (មេដាយ​មាស ១៨២ ប្រាក់​១៥១ និង​សំរឹទ្ធ ១៤៣)។ ប្រទេស​ថៃ ​លំដាប់​ទី​២ ទទួល​បាន​មេដាយ​​ចំនួន ៣២៩ (មេដាយ​មាស ១០៧ ប្រាក់ ១០០ និង​សំរឹទ្ធ ១២០) និង​​ប្រទេស​វៀតណាម ជាប់​លំដាប់​ទី​៣ ទទួល​បាន​មេដាយ​សរុប​ចំនួន ២៨៨ (មេដាយ​មាស ៩៦ មេដាយ​ប្រាក់ ៩២ និង​មេដាយ​សំរឹទ្ធ ១០០)៕