ស្ពានជ្រោយចង្វាទី២ ឆ្លងកាត់ទន្លេសាប មានប្រវែងជាង ១ពាន់២រយម៉ែត្រ និងទទឹង ១៣ម៉ែត្រកន្លះ ដែលគេបានឲ្យឈ្មោះជាផ្លូវការថា ស្ពានមិត្តភាពកម្ពុជា-ចិន ត្រូវប្រើប្រាស់រយៈពេលសាងសង់ជាង ៣ឆ្នាំដោយចំណាយថវិកាចំនួន ២៧លាន៥សែនដុល្លារសហរដ្ឋអាមេរិក ហើយត្រូវសាងសង់ស្របនឹងស្ពានជ្រោយចង្វាចាស់ដែលជាជំនួយរបស់ប្រទេសជប៉ុន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ស្ពានជ្រោយចង្វាទី២នេះ គឺជាស្ពានមិត្តភាពកម្ពុជា-ចិន លើកទី៥។ ស្ពានមិត្តភាពកម្ពុជា-ចិន លើកទី១ គឺជាស្ពានសេកុងក្នុងខេត្តស្ទឹងត្រែង ទី២ស្ពានព្រែកក្ដាម ទី៣ ស្ពានព្រែកតាម៉ាក់។ ស្ពានទាំង៣នោះបានដាក់សម្ពោធរួចរាល់ហើយ។ រីឯស្ពានមិត្តភាពកម្ពុជា-ចិន ទី៤ គឺស្ពានតាខ្មៅ ដែលទើបតែបើកការដ្ឋានសាងសង់កាលពីប៉ុន្មានខែមុន ហើយស្ពានទី៦ អាចនឹងមាននៅតាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង នៅពេលដែលផ្លូវពីខេត្តព្រះវិហារ ភ្ជាប់មកខេត្តស្ទឹងត្រែង អាចសាងសង់រួច ហើយស្ពានមិត្តភាពកម្ពុជា-ចិន លើកទី៧ អាចធ្វើឡើងនៅស្រុកកោះធំ ខេត្តកណ្ដាល ដោយឆ្លងកាត់ទន្លេបាសាក់ ប្រសិនបើរដ្ឋាភិបាលចិន ផ្ដល់ប្រាក់កម្ចីបន្ថែមទៀតនោះ៕
