លោក ទូច ណារ៉ុថ ជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជានិងចាត់វិធានការនានា សម្រាប់សន្តិសុខនៅថៃ្ងបុណ្យខាងលើនេះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថៃ្ងច័ន្ទ ទី២ ខែវិច្ឆិកា ថា ៖ «បទល្មើសវាមាន ប៉ុន្តែយើងបានបង្ក្រាបបាន ដូចជាករណីកាត់យកខ្សែក យើងឃាត់ខ្លួនបានចំនួនជាង១០នាក់។ ទូកមានលិច៥ ប៉ុន្តែគ្មានគ្រោះថ្នាក់ កីទ្បាករធ្លាក់ទឹក អត់មានគ្រោះថ្នាក់ទេ យើងសង្រ្គោះបានទាំងអស់។ សន្តិសុខបានល្អ អត់មានបញ្ហាទេ។ បទល្មើសកើតមាន ប៉ុន្តែយើងបង្ក្រាបបាន»។
សុខ សេរី ៖ តើនេះដោយសារបានរៀបចំដាក់កម្លាំង? ទូច ណារ៉ុថ ៖ យើងបានដាក់កម្លាំងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ អ៊ីចឹងវាឆ្លៀតកាត់ខ្សែក ឆ្លៀតលូកហោប៉ៅ គឺយើងចាប់បាន។ ពីល្ងាចមិញ(១ វិច្ឆិកា)នោះ មានគ្រោះថ្នាក់ចរាចរណ៍៥ករណី ប៉ុន្តែរបួសស្រាល៥ និងរបួសធ្ងន់គឺ៣ ក្រៅពីហ្នឹងអត់មានទេ។ ម្សិលមិញ(១ វិច្ឆិកា)មានស្លាប់មួយករណី គាត់ជាអ្នករើសអេតចាយបានឈឺស្លាប់។
ប្រភពដដែលបានបញ្ជាក់ថា ក្រុមសមត្ថកិច្ចបានប្រើប្រាស់កម្លាំងចម្រុះសរុបជាង៦.០០០នាក់ សម្រាប់ការពារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ។ នៅក្នុងនោះមានកាណូតលឿន ឬអូប័រ ចំនួន១៦គ្រឿង និងកងអន្តរាគមន៍សង្រ្គោះបន្ទាន់ចំនួនប្រមាណ២០០នាក់។
ក្រៅពីនេះ សាលាក្រុងភ្នំពេញបានប្រើប្រាស់កម្លាំងអ្នកបោសសម្អាតទីក្រុងភ្នំពេញ និងប្រមូលសំរាមចំនួន៥៥០នាក់។
ប្រជាពលរដ្ឋម្នាក់នៅក្នុងរាជធានីភ្នំពេញ បានថែ្លងថា សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈត្រូវបានរៀបចំល្អជាងឆ្នាំមុនៗ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺការឆ្លងនៃជំងឺ A(H1N1) និងក្រុមក្មេងទំនើង ៖ «ឃើញថា មានសណ្តាប់ធ្នាប់ច្រើនជាងឆ្នាំមុន ដោយហេតុថា មានប៉ូលិសហ្នឹងមានច្រើន បង្កើតច្រើនប៉ុស្តិ៍ ច្រើនកន្លែងច្រើនជាងឆ្នាំទៅ នៅឆ្នាំនេះ»។
សុខ សេរី ៖ អ៊ីចឹងបានធ្វើឲ្យលោកស្រីមានការកក់ក្តៅទេ? ប្រជាពលរដ្ឋ ៖ ធ្វើឲ្យយើងមានភាពកក់ក្តៅជាងឆ្នាំមុន។ សង្ឃឹមថា អំពើចោរលួចឆក់ប្លន់ថយចុះជាងឆ្នាំមុន ពីព្រោះឃើញប៉ុស្តិ៍ប៉ូលិសបានពង្រាយច្រើនជាងឆ្នាំមុន។ សុខ សេរី ៖ តើលោកស្រីមានការព្រួយបារម្ភអំពីអ្វីទេ? ប្រជាពលរដ្ឋ ៖ ព្រួយបារម្ភនៅឆ្នាំនេះមានតែ២ទេ ទី១ ការឆ្លងជំងឺផ្តាសាយ A(H1N1) ពីព្រោះមនុស្សមានច្រើន ហើយទី២ទៀតឃើញថា មានក្មេងដើរ យើងគិតថា ជាក្មេងរបៀបជាទំនើង។
ការចាប់ផ្តើមនៃថៃ្ងដំបូងនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថៃ្ងនោះ បានស្ថិតក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រខែ្មរ ព្រះបាទ នរោត្តម សីហមុនី និងមានវត្តមានរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានសភាជាតិ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលរួមជាអធិបតីភាពផងដែរ។
មានប្រជាពលរដ្ឋជាច្រើនលាននាក់ បានមកទស្សនាការប្រណាំងទូកដែលមានចំនួនជិត៤០០គូ សម្រាប់រយៈពេល៣ថៃ្ង ពីថៃ្ងទី១ ខែវិច្ឆិកា និងបញ្ចប់ជាផ្លូវការនៅថៃ្ងទី៣ ខែវិច្ឆិកា នេះ៕
