ស្ថានភាព​សន្តិសុខ​​​ក្នុង​ថ្ងៃ​ទី​១​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក

មន្រ្តី​ជាន់​ខ្ពស់​នគរបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ស្ថានការណ៍​សន្តិសុខ​នៅ​ថ្ងៃ​ដំបូង​នៅ​ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះខែ​និង​អក​អំបុក ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថៃ្ង​១ វិច្ឆិកា បាន​ប្រព្រឹត្ត​ទៅ​ល្អ​ប្រសើរ បើ​ទោះ​បី​ជា​មាន​ឧប្បត្តិហេតុ​មួយ​ចំនួន​បាន​កើត​មាន​ក៏ដោយ។

0:00 / 0:00

លោក ទូច ណារ៉ុថ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​បញ្ជា​និង​ចាត់​វិធានការ​នានា សម្រាប់​សន្តិសុខ​នៅ​ថៃ្ង​បុណ្យ​ខាង​លើ​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថៃ្ង​ច័ន្ទ ទី​២ ខែ​វិច្ឆិកា ថា ៖ «បទ​ល្មើស​វា​មាន ប៉ុន្តែ​យើង​បាន​បង្ក្រាប​បាន ដូច​ជា​ករណី​កាត់​យក​ខ្សែ​ក យើង​ឃាត់​ខ្លួន​បាន​ចំនួន​ជាង​១០​នាក់។ ទូក​មាន​លិច​៥ ប៉ុន្តែ​គ្មាន​គ្រោះថ្នាក់ កីទ្បាករ​ធ្លាក់​ទឹក អត់​មាន​គ្រោះថ្នាក់​ទេ យើង​សង្រ្គោះ​បាន​ទាំង​អស់។ សន្តិសុខ​បាន​ល្អ អត់​មាន​បញ្ហា​ទេ។ បទល្មើស​កើត​មាន ប៉ុន្តែ​យើង​បង្ក្រាប​បាន»

សុខ សេរី ៖ តើ​នេះ​ដោយសារ​បាន​រៀបចំ​ដាក់​កម្លាំង? ទូច ណារ៉ុថ ៖ យើង​បាន​ដាក់​កម្លាំង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ អ៊ីចឹង​វា​ឆ្លៀត​កាត់​ខ្សែ​ក ឆ្លៀត​លូក​ហោប៉ៅ គឺ​យើង​ចាប់​បាន។ ពី​ល្ងាច​មិញ​(១ វិច្ឆិកា)​នោះ មាន​គ្រោះថ្នាក់​ចរាចរណ៍​៥​ករណី ប៉ុន្តែ​របួស​ស្រាល​៥ និង​របួស​ធ្ងន់​គឺ​៣ ក្រៅ​ពី​ហ្នឹង​អត់​មាន​ទេ។ ម្សិលមិញ​(១ វិច្ឆិកា)​មាន​ស្លាប់​មួយ​ករណី គាត់​ជា​អ្នក​រើស​អេតចាយ​បាន​ឈឺ​ស្លាប់។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​បាន​ប្រើប្រាស់​កម្លាំង​ចម្រុះ​សរុប​ជាង​៦.០០០​នាក់ សម្រាប់​ការពារ​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​សាធារណៈ។ នៅ​ក្នុង​នោះ​មាន​កាណូត​លឿន ឬ​អូប័រ ចំនួន​១៦​គ្រឿង និង​កង​អន្តរាគមន៍​សង្រ្គោះ​បន្ទាន់​ចំនួន​ប្រមាណ​២០០​នាក់។

ក្រៅ​ពី​នេះ សាលា​ក្រុង​ភ្នំពេញ​បាន​ប្រើប្រាស់​កម្លាំង​អ្នក​បោស​សម្អាត​ទីក្រុង​ភ្នំពេញ និង​ប្រមូល​សំរាម​ចំនួន​៥៥០​នាក់។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ថែ្លង​ថា សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវ​បាន​រៀបចំ​ល្អ​ជាង​ឆ្នាំ​មុនៗ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ គឺ​ការ​ឆ្លង​នៃ​ជំងឺ A(H1N1) និង​ក្រុម​ក្មេង​ទំនើង ៖ «ឃើញ​ថា មាន​សណ្តាប់ធ្នាប់​ច្រើន​ជាង​ឆ្នាំ​មុន ដោយ​ហេតុ​ថា មាន​ប៉ូលិស​ហ្នឹង​មាន​ច្រើន បង្កើត​ច្រើន​ប៉ុស្តិ៍ ច្រើន​កន្លែង​ច្រើន​ជាង​ឆ្នាំ​ទៅ នៅ​ឆ្នាំ​នេះ»

សុខ សេរី ៖ អ៊ីចឹង​បាន​ធ្វើ​ឲ្យ​លោកស្រី​មាន​ការ​កក់ក្តៅ​ទេ? ប្រជាពលរដ្ឋ ៖ ធ្វើ​ឲ្យ​យើង​មាន​ភាពកក់ក្តៅ​ជាង​ឆ្នាំ​មុន។ សង្ឃឹម​ថា អំពើ​ចោរ​លួច​ឆក់​ប្លន់​ថយ​ចុះ​ជាង​ឆ្នាំ​មុន ពីព្រោះ​ឃើញ​ប៉ុស្តិ៍​ប៉ូលិស​បាន​ពង្រាយ​ច្រើន​ជាង​ឆ្នាំ​មុន។ សុខ សេរី ៖ តើ​លោកស្រី​មាន​ការ​ព្រួយ​បារម្ភ​អំពី​អ្វី​ទេ? ប្រជាពលរដ្ឋ ៖ ព្រួយ​បារម្ភ​នៅ​ឆ្នាំ​នេះ​មាន​តែ​២​ទេ ទី​១ ការ​ឆ្លង​ជំងឺ​ផ្តាសាយ A(H1N1) ពីព្រោះ​មនុស្ស​មាន​ច្រើន ហើយ​ទី​២​ទៀត​ឃើញ​ថា មាន​ក្មេង​ដើរ យើង​គិត​ថា ជា​ក្មេង​របៀប​ជា​ទំនើង។

ការ​ចាប់​ផ្តើម​នៃ​ថៃ្ង​ដំបូង​នៃ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះខែ និង​អក​អំបុក រយៈពេល​៣​ថៃ្ង​នោះ បាន​ស្ថិត​ក្រោម​អធិបតីភាព​របស់​ព្រះ​មហាក្សត្រ​ខែ្មរ ព្រះ​បាទ នរោត្តម សីហមុនី និង​មាន​វត្តមាន​របស់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា លោក ហេង សំរិន ប្រធាន​សភា​ជាតិ និង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចូល​រួម​ជា​អធិបតីភាព​ផង​ដែរ។

មាន​ប្រជាពលរដ្ឋ​ជាច្រើន​លាន​នាក់ បាន​មក​ទស្សនា​ការ​ប្រណាំង​ទូក​ដែល​មាន​ចំនួន​ជិត​៤០០​គូ សម្រាប់​រយៈពេល​៣​ថៃ្ង ពី​ថៃ្ង​ទី​១ ខែ​វិច្ឆិកា និង​បញ្ចប់​ជា​ផ្លូវការ​នៅ​ថៃ្ង​ទី​៣ ខែ​វិច្ឆិកា នេះ៕