លោក ខៀវ សុភ័គ មន្រ្តីនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា ទាំងសន្តិសុខសាធារណៈនិងចរាចរណ៍មានលក្ខណៈល្អប្រសើរជាងឆ្នាំមុន។
លោក ខៀវ សុភ័គ មានប្រសាសន៍ដូច្នេះ ៖ «គ្មានភេវរកម្ម គ្មានការបង្កៃគ្រាប់បែក គ្មានអត្តឃាតអីដូចប្រទេសគេទេស្រុកយើង ល្អប្រសើរមែនទែន»។
លោក ខៀវ សុភ័គ បានឲ្យដឹងទៀតថា នៅថ្ងៃទី២នៃពិធីបុណ្យអុំទូក គឺមានគ្រោះថ្នាក់លិចទូកង បាត់ខ្លួនកីឡាករម្នាក់និងករណីតួចៗមួយចំនួន ដូចករណីចោរឆក់ខ្សែក ខ្សែដៃជាដើម ប៉ុន្តែខាងសមត្ថកិច្ចបានបង្រ្កាបទាន់ពេលវេលា។ លោកបានបន្ថែមថា លោកមិនទាន់ធ្វើរបាយការណ៍សរុបថា តើគ្រោះថ្នាក់ចរាចរណ៍ និងការឆក់ខ្សែក ខ្សែដៃមានប៉ុន្មានករណីនោះទេ។
លោក ខៀវ សុភ័គ មានប្រសាសន៍បន្ថែមដូច្នេះ ៖ «វាមានបន្តិចបន្តួច យើងមិនចង់ឲ្យមានសោះ យើងមិនអាចធ្វើបាន វាមានបាត់នេះបាត់នោះ បាត់កាបូប»។
លោក ចាន់ សុវ៉េត មន្រ្តីស៊ើបអង្កេតអង្គការសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ដែរថា នៅក្នុងព្រឹត្តិការណ៍ពិធីបុណ្យអុំទូកឆ្នាំនេះ ចំពោះសន្តិសុខសាធារណៈមានលក្ខណៈល្អប្រសើរ ប៉ុន្តែលោកបន្ថែមថា ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺនៅតែកើតមាននៅឡើយ ដោយសារតែពលរដ្ឋមិនសូវបានយល់ដឹងអំពីច្បាប់ចរាចរណ៍ច្បាស់លាស់នៅឡើយ ពិសេសអ្នកពីតាមបណ្តាខេត្ត។
លោក ចាន់ សុវ៉េត មានប្រសាសន៍ថា ៖ «ឃើញកើតមានគ្រោះថ្នាក់ចរាចរណ៍ ថ្វីត្បិតតែមានការការពារអ៊ីចឹងក៏ដោយ ក៏យើងឃើញថា ច្រកចូលមកទីក្រុងភ្នំពេញនេះ មានវិបត្តិចរាចរណ៍ច្រើន»។
លោក ចាន់ សុវ៉េត បានបន្ថែមថា ថ្វីត្បិតតែពិធីបុណ្យអុំទូកបានប្រព្រឹត្តទៅដោយរលូនក៏ពិតមែន លោកកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋមកចូលរួមក្នុងឆ្នាំនេះមានតិចជាងមុន ប៉ុន្តែលោកក៏មិនបានដឹងដែរថា តើមកពីមូលហេតុប្រជាពលរដ្ឋជួបនឹងវិបត្តិសេដ្ឋកិច្ច ឬយ៉ាងណានោះទេ?
លោក ចាន់ សុវ៉េត មានប្រសាសន៍បន្ថែមដូច្នេះ ៖ «យើងឃើញឆ្នាំកន្លងទៅប្រជាជនមកច្រើន គិតទៅប្រហែលជាជាងលាននាក់ ដល់ពេលឥឡូវយើងគិតថា លាននាក់ស្ទើរតែមិនបានទេតាមមើល ក្នុងមួយយប់ៗ។ អ្វីដែលជាការកត់សម្គាល់មួយទៀត យើងឃើញថា ការមិនសូវកកស្ទះនោះមិនមានការចូលរួមច្រើន»។
លោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងកាលពីថ្ងៃទី២ វិច្ឆិកា ថា ក្រុមសមត្ថកិច្ចចម្រុះសរុបមានជាង៦.០០០នាក់ សម្រាប់ការពារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ។ ក្នុងនោះមានកាណូតលឿន ឬអូប័រ ចំនួន១៦គ្រឿង និងកងអន្តរាគមន៍សង្រ្គោះបន្ទាន់ប្រមាណ២០០នាក់។
ក្រៅពីកងកម្លាំងសមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខ គេសង្កេតឃើញថា មានអង្គការមួយចំនួនបានផ្សព្វផ្សាយអំពីការការពារនៃការឆ្លងជំងឺផ្តាសាយប្រភេទថ្មី A(H1N1) ផ្តាសាយបក្សី និងជំងឺអេដស៍ ដូចជាការចែកស្រោមអនាម័យជាដើម៕
