ស្ថានភាព​សន្តិសុខ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក

មន្រ្តី​នាំ​ពាក្យ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ៣ វិច្ឆិកា ថា ស្ថានភាព​សន្តិសុខ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក សំពះ​ព្រះខែ​និង​អក​អំបុក រយៈ​ពេល​៣​ថ្ងៃ​កន្លង​មក គឺ​មាន​លក្ខណៈ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ បើ​ទោះ​បី​ជា​មាន​ឧប្បត្តិហេតុ​កើត​ឡើង​បន្តិច​បន្តួច​ក្តី។

0:00 / 0:00

លោក ខៀវ សុភ័គ មន្រ្តី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា ទាំង​សន្តិសុខ​សាធារណៈ​និង​ចរាចរណ៍​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន។

លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ដូច្នេះ ៖ «គ្មាន​ភេវរកម្ម គ្មាន​ការ​បង្កៃ​គ្រាប់​បែក គ្មាន​អត្តឃាត​អី​ដូច​ប្រទេស​គេ​ទេ​ស្រុក​យើង ល្អ​ប្រសើរ​មែន​ទែន»

លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យ​អុំ​ទូក គឺ​មាន​គ្រោះថ្នាក់​លិច​ទូក​ង បាត់​ខ្លួន​កីឡាករ​ម្នាក់​និង​ករណី​តួចៗ​មួយ​ចំនួន ដូច​ករណី​ចោរ​ឆក់​ខ្សែ​ក ខ្សែ​ដៃ​ជាដើម ប៉ុន្តែ​ខាង​សមត្ថកិច្ច​បាន​បង្រ្កាប​ទាន់​ពេល​វេលា។ លោក​បាន​បន្ថែម​ថា លោក​មិន​ទាន់​ធ្វើ​របាយការណ៍​សរុប​ថា តើ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ការ​ឆក់​ខ្សែ​ក ខ្សែ​ដៃ​មាន​ប៉ុន្មាន​ករណី​នោះ​ទេ។

លោក ខៀវ សុភ័គ មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «វា​មាន​បន្តិចបន្តួច យើង​មិន​ចង់​ឲ្យ​មាន​សោះ យើង​មិន​អាច​ធ្វើ​បាន វា​មាន​បាត់​នេះ​បាត់​នោះ បាត់​កាបូប»

លោក ចាន់ សុវ៉េត មន្រ្តី​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ ចំពោះ​សន្តិសុខ​សាធារណៈ​មាន​លក្ខណៈ​ល្អ​ប្រសើរ ប៉ុន្តែ​លោក​បន្ថែម​ថា ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​គឺ​នៅ​តែ​កើត​មាន​នៅ​ឡើយ ដោយសារ​តែ​ពលរដ្ឋ​មិន​សូវ​បាន​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍​ច្បាស់លាស់​នៅ​ឡើយ ពិសេស​អ្នក​ពី​តាម​បណ្តា​ខេត្ត។

លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា ៖ «ឃើញ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ ថ្វីត្បិត​តែ​មាន​ការ​ការពារ​អ៊ីចឹង​ក៏ដោយ ក៏​យើង​ឃើញ​ថា ច្រក​ចូល​មក​ទីក្រុង​ភ្នំពេញ​នេះ មាន​វិបត្តិ​ចរាចរណ៍​ច្រើន»

លោក ចាន់ សុវ៉េត បាន​បន្ថែម​ថា ថ្វីត្បិត​តែ​ពិធី​បុណ្យ​អុំ​ទូក​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ក៏​ពិត​មែន លោក​កត់​សម្គាល់​ឃើញ​ថា ប្រជាពលរដ្ឋ​មក​ចូល​រួម​ក្នុង​ឆ្នាំ​នេះ​មាន​តិច​ជាង​មុន ប៉ុន្តែ​លោក​ក៏​មិន​បាន​ដឹង​ដែរ​ថា តើ​មក​ពី​មូលហេតុ​ប្រជាពលរដ្ឋ​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច ឬ​យ៉ាង​ណា​នោះ​ទេ?

លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «យើង​ឃើញ​ឆ្នាំ​កន្លង​ទៅ​ប្រជាជន​មក​ច្រើន គិត​ទៅ​ប្រហែល​ជា​ជាង​លាន​នាក់ ដល់​ពេល​ឥឡូវ​យើង​គិត​ថា លាន​នាក់​ស្ទើរ​តែ​មិន​បាន​ទេ​តាម​មើល ក្នុង​មួយ​យប់ៗ។ អ្វី​ដែល​ជា​ការ​កត់​សម្គាល់​មួយ​ទៀត យើង​ឃើញ​ថា ការ​មិន​សូវ​កក​ស្ទះ​នោះ​មិន​មាន​ការ​ចូល​រួម​ច្រើន»

លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២ វិច្ឆិកា ថា ក្រុម​សមត្ថកិច្ច​​ចម្រុះ​សរុប​មាន​ជាង​៦.០០០​នាក់ សម្រាប់​ការពារ​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​សាធារណៈ។ ​ក្នុង​នោះ​មាន​កាណូត​លឿន ឬ​អូប័រ ចំនួន​១៦​គ្រឿង និង​កង​អន្តរាគមន៍​សង្រ្គោះ​បន្ទាន់​ប្រមាណ​២០០​នាក់។

ក្រៅ​ពី​កង​កម្លាំង​សមត្ថកិច្ច​រៀបចំ​សណ្តាប់ធ្នាប់ និង​ការពារ​សន្តិសុខ គេ​សង្កេត​ឃើញ​ថា មាន​អង្គការ​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​អំពី​ការ​ការពារ​នៃ​ការ​ឆ្លង​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) ផ្តាសាយ​បក្សី និង​ជំងឺ​អេដស៍ ដូចជា​ការ​ចែក​ស្រោម​អនាម័យ​ជាដើម៕