ការរឹត​បន្តឹង​សន្តិសុខ​នៅ​ស្ថានទូត​ថៃ​នៅតែ​បន្ត

បើ​ទោះបី​ជា​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​សម្រេច​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ទៅ​ហើយ​ក៏ដោយ ក៏​ការរឹត​បន្តឹង​សន្តិសុខ​ស្ថានទូត​ថៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​ដដែល ។

លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ផងដែរ​នោះ​បាន​មាន​ប្រសាសន៍​ថា ភាគី​ខ្មែរ​និង​ភាគី​ថៃ​នៅតែ​បន្ត​រឹតបន្តឹង​សន្តិសុខ​សម្រាប់​ស្ថានទូត​របស់​ប្រទេស​ទាំង​ពីរ ។

ទោះជា​យ៉ាងណា​លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង បាន​បញ្ជាក់​ថា​ស្ថានការណ៍​នៅតែ​មាន​សភាព​ស្ងប់ស្ងាត់​ដដែល ។

គួរ​ជម្រាប​ថា​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចាប់ផ្ដើម​រឹតបន្តឹង​សន្តិសុខ​នៅ​ស្ថានទូត​ថៃ និង​ទីស្នាក់ការ​ជំនួញ​នានា​របស់​ថៃ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ថា មាន​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រទេស​ថៃ ប្រសិនណា​បើ​ការស្នើសុំ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ទទួល​បរាជ័យ​នោះ ៕