ប្រភពពីមេបញ្ជាការជាន់ខ្ពស់យោធាខ្មែរប្រចាំតំបន់ប្រាសាទព្រះវិហារបានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធកម្ពុជាត្រូវបានបញ្ជាឲ្យធ្វើការរាយបណ្តាក់កម្លាំងសន្តិសុខនៅតាមតំបន់ព្រំដែនខ្មែរជុំវិញប្រាសាទព្រះវិហាររយៈពេល២-៣ថ្ងៃមកនេះ ដើម្បីធានាដល់ការពារព្រំដែននិងសន្តិសុខ សុវត្ថិភាពរបស់នាយករដ្ឋមន្ត្រីនៃប្រទេសខ្មែរដែលមានគម្រោងអញ្ជើញទៅកាន់តំបន់ប្រាសាទព្រះវិហារនៅថ្ងៃទី៦ ខែកុម្ភៈ។
អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទដែលកំពុងគ្រប់គ្រងកងទ័ពខ្មែរប្រឈមមុខដាក់គ្នាជាមួយទាហានថៃនៅតំបន់ព្រំដែនជុំវិញប្រាសាទព្រះវិហារ លោកឧត្ដមសេនីយ៍ ជា តារា បានមានប្រសាសន៍កាលពីព្រឹកថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ថា កងយោធពលខេមរភូមិន្ទបានបន្ថែមកិច្ចការពារសន្តិសុខនៅតាមព្រំដែនដើម្បីធានាសុវត្ថិភាពប្រមុខរដ្ឋាភិបាលខ្មែរដែលនឹងអញ្ជើញទៅសួរសុខទុក្ខកងទាហានខ្មែរនៅការពារព្រំដែននៅទីនោះ។
លោកឧត្ដមសេនីយ៍ ជា តារា បានបញ្ជាក់ថា ៖ «ត្រូវតែរឹតបន្តឹងបញ្ហាធានាសន្តិសុខ សុវត្ថិភាពណា៎! ព្រោះស្រុកខ្មែរមានតែសម្តេចតេជោជាបណ្ឌិតអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមក្នុងការដោះស្រាយនយោបាយឈ្នះៗ ធ្វើឲ្យស្រុកខ្មែរមានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។ យើងត្រូវតែរឹតបន្តឹងហើយ រក្សាការពារស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយសំខាន់គឺការពារទឹកដីក្នុងសិទ្ធិស្វ័យការពារ»។
ក្រុមមន្ត្រីរដ្ឋាភិបាលបានចាត់ទុកថា នេះជាដំណើររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកដំបូងដើម្បីសួរសុខទុក្ខកងទាហានខ្មែរនៅជុំវិញតំបន់ប្រាសាទព្រះវិហារដែលកំពុងប្រឈមមុខជាមួយទាហានថៃ បន្ទាប់ពីថៃបានចូលលុកលុយព្រំដែនខ្មែរនៅតំបន់នោះជាង ១ឆ្នាំមកហើយ។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ ធ្លាប់បានមានប្រសាសន៍អំពីបញ្ហាជម្លោះព្រំដែននៅទីនោះថា រដ្ឋាភិបាលខ្មែរបានត្រៀមខ្លួន និងឯកសារជាស្រេចក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ទោះជារដ្ឋាភិបាលថៃបច្ចុប្បន្ននេះ ឬក៏រដ្ឋាភិបាលថ្មីមួយក៏ដោយ តាមការចរចា ឬក៏តាមយោធាក៏បាន ក៏ប៉ុន្តែលទ្ធភាពដោះស្រាយបានឬមិនបាន នៅយូរប៉ុណ្ណាក៏នៅចុះ តែទាហានខ្មែរត្រូវបោះទីតាំងការពារព្រំដែនដែលជាដីខ្មែរ។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ៖ «យើងត្រៀមដោះស្រាយទ្វេភាគីដោយការចរចាដោយសន្តិវិធីក៏បាន ដោះស្រាយដោយវិធីណាក៏បាន ជាយោធាក៏យើងត្រៀម។ យើងមានគ្រប់គ្រាន់បរិបូរទាំងអស់ យើងអត់មានភ័យខ្លាចទេ ចង់អាបេអឹមបាញ់ម្តងទាំងអស់ក៏បាន បាញ់ម្តង ១គ្រាប់ក៏បានដែរ។ ដោះស្រាយតាមផ្លូវច្បាប់ទៅតុលាការអន្តរជាតិក្រុងឡាអេម្តងទៀតក៏បាន ទៅអង្គការសហប្រជាជាតិក៏បាន ក្រសួងការបរទេសបានត្រៀមអស់ហើយ»។
ការប្រឈមមុខដាក់គ្នាដោយទាហានខ្មែរ-ថៃនៅតាមតំបន់ព្រំដែនមួយចំនួន និងតំបន់ប្រាសាទព្រះវិហារ បានកើតមានតាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីថៃបានបញ្ជូនកងទ័ពរាប់រយនាក់ចូលលុកលុយទីវត្តខ្មែរ កែវសិខាគិរីស្វរៈ ដោយធ្លាប់ប៉ះទង្គិចគ្នាដោយអាវុធជាច្រើនលើក។ រហូតមកដល់ពេលនេះមិនមានដំណោះស្រាយប្រសើរនៅឡើយទេ។
មន្ត្រីថៃប្រតិកម្មនឹងព័ត៌មានថាមេដឹកនាំខ្មែរនឹងទៅទស្សនកិច្ចតំបន់ប្រាសាទព្រះវិហារ
នៅពេលមានដំណឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅតំបន់ប្រាសាទព្រះវិហារនោះ កាសែតថៃបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់ថៃដោយមានប្រសាសន៍ថា ប្រសិនបើលោកនាយករដ្ឋមន្ត្រីខ្មែរទៅទស្សនកិច្ចនៅតំបន់ដីមានជម្លោះទំហំ ៤,៦គីឡូម៉ែត្រការ៉េ ដែលថៃចាត់ទុកថាជាតំបន់របស់ខ្លួនដែរនោះ ប្រទេសកម្ពុជាត្រូវតែជូនដំណឹងទៅប្រទេសថៃជាមុន ហើយប្រទេសថៃនឹងចាត់មន្ត្រីរបស់ខ្លួនមកទទួលស្វាគមន៍។
ប្រតិកម្មចំពោះការចុះផ្សាយរបស់ថៃនោះ មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ដូច្នេះថា៖ «ការលើកឡើងគឺមិនមានន័យអីសម្រាប់កម្ពុជាទេ។ សម្ដេចលោកទៅសួរសុខទុក្ខនៅតំបន់ព្រំដែននោះ គឺព្រំដែនដែលស្ថិតក្នុងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាយើង ដូច្នេះរាល់ដំណើរទស្សនកិច្ចរបស់សម្ដេចទៅដល់គ្រប់កន្លែងនៅក្នុងប្រទេសកម្ពុជា មិនចាំបាច់ឲ្យបរទេសណាមួយបញ្ជូនភ្នាក់ងារមកទទួលស្វាគមន៍សម្ដេចទេ ហើយក៏មិនត្រូវការសុំការអនុញ្ញាត ឬក៏ស្នើសុំការយល់ព្រមពីបរទេសណាដែរ!»៕
